(ស្វាយរៀង)៖ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដល់កងកម្លាំងវរការពារព្រំដែនលេខ៦១១ ក្រុងបាវិត និងកម្លាំងវរការពារព្រំដែនលេខ៦០៩ ស្ថិតនៅផ្លូវចំការម្ទេស ឃុំទួលស្តី ស្រុកចន្ទ្រា ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩។

ការចុះពិនិត្យនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ក៏មានការចូលរួមពីអភិបាលរងខេត្ត, នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត, នាយករងរដ្ឋបាលសាលាខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង, ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អភិបាលរងក្រុងបាវិត, អភិបាលស្រុកចន្ទ្រា, មន្ត្រីចត្តាឡីស័ក និងកងកម្លាំងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនជាច្រើនរូបទៀត។

អភិបាលខេត្ត បានថ្លែងនូវការកោតសរសើរចំពោះមន្ត្រីចត្តាឡីស័ក សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលឈរជើងនៅតាមគោលដៅនីមួយៗ បានអនុវត្តតួនាទីភារកិច្ច ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយភាគីវៀតណាម ដើម្បីទប់ស្តាត់នូវប្រជាពលរដ្ឋឆ្លងដែន ជាពិសេសការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ដោយប្រកាន់ខ្ជាប់នូវការអនុវត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ តាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរគួឲ្យកត់សម្គាល់។

លោកក៏បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវឲ្យធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនរណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

ទន្ទឹមនេះ លោកក៏បានអំពាវនាវដល់កងកម្លាំង បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែន បើមិនមានការចាំបាច់។

សូមបញ្ជាក់ថា ដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូល ជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ក្នុងទិសដៅបង្ការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ រដ្ឋបាលខេត្ត បានរៀបចំគោលដៅប្រចាំការ និងល្បាតនូវកងកម្លាំងវរការពារព្រំដែនលេខ៦១១ ចំនួន២១គោលដៅ និងវរការពារព្រំដែនលេខ៦០៩ ចំនួន៣៨គោលដៅ។

អំណោយដែលបានចែកជូនដល់កងកម្លាំងវរការពារព្រំដែន ក្នុងមួយគោលដៅៗទទួលបាន៖ អង្ករ៥០គីឡូ, សាប៊ូ៤កញ្ចប់, សាប៊ូដុំ៨ដុំ, មីម៉ាម៉ា៥កេស, ត្រីខ៥ឡូ, ម៉ាស៣ប្រអប់, ក្រម៉ា១០, ទឹកសុទ្ធ១០យួរ, ទឹកស៉ីអ៉ីវ ៣យួរ, ទឹកត្រី២យួរ, អំបិល៤កញ្ចប់ និងថវិកា២០០,០០០រៀល៕