(កណ្តាល)៖ អភិបាលស្រុកពញាឮ លោក ថន សុវណ្ណា បានអះអាងថា ជនជាតិវៀតណាម៤នាក់ ដែលបានជិះទូកមកពីព្រំដែនអន្តរជាតិកោះរកា ស្ថិតក្នុងឃុំកោះរកា ស្រុកពាមជរ៍ ខេត្តព្រៃវែងនោះ ពួកគាត់រស់នៅក្នុងទឹកដីនៃប្រទេសកម្ពុជា ហើយអវិជ្ជមានកូវីដ-១៩ បន្ទាប់ពួកគាត់ធ្វើចត្តាឡីស័ក និងពិនិត្យលើសំណាករួចរាល់។

បើតាមលោកអភិបាលស្រុក ក្រោយពីបានឃើញជនជាតិវៀតណាមទាំង៤នាក់នោះ ធ្វើដំណើរតាមទូកមកដល់ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ហើយសមត្ថកិច្ចបានឃាត់ពួកគាត់ ដើម្បីធ្វើចត្តាឡីស័ក និងពិនិត្យលើសំណាក។ ក្រោយមកពិនិត្យឃើញថា ពួកគាត់អវិជ្ជមានកូវីដ-១៩ ក៏បានអនុញ្ញាតឲ្យត្រឡប់ទៅវិញ។

ការចេញមកអះអាងរបស់លោកអភិបាលស្រុក នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោយមានការចុះផ្សាយថា អាជ្ញាធរច្រកទ្វារព្រំដែនអន្តរជាតិកោះរកា ក្នុងខេត្តព្រៃវែង អនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកកម្ពុជា ដោយមិនធ្វើចត្តាឡីស័ក កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។

អាជ្ញាធរបានបញ្ជាក់ទៀតថា ចំពោះជនជាតិវៀតណាម ដែលឃាត់ខ្លួនតម្រូវឲ្យធ្វើចត្តាឡីស័កនេះ គឺមានទីលំនៅអចិន្ដ្រៃយ៍នៅតំបន់កោះរការ ខេត្តកណ្ដាល ហើយគាត់មានបំណងចូលទៅប្រទេសវៀតណាម ប៉ុន្ដែអាជ្ញាធរវៀតណាមមិនអនុញ្ញាតនោះទេ ទើបត្រឡប់មកវិញ។ អាជ្ញាធរបន្ថែមថា ជនជាតិវៀតណាមទាំង៤នាក់នេះ គឺជាអ្នករកស៉ីជួញដូរស្រូវ៕