(បាត់ដំបង)៖ លោក ណុប ដារ៉ា អភិបាលរងខេត្តបាត់ដំបង តំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំពង្រឹងបន្ថែមគ្រប់ជំនាញនៅច្រកអន្តរជាតិកម្ពុជា-ថៃ ដូង ស្រុកកំរៀង ខេត្តបាត់ដំបង។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីមន្ដ្រីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ផងដែរ។

ក្នុងឱកាសនោះ លោក ណុប ដារ៉ា បានណែនាំដល់កម្លាំងដែលពាក់ព័ន្ធឈរជើងនៅច្រកដូង ត្រូវពង្រឹងបន្ថែម នៅការត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ពលករឆ្លងដែន ដែលមិនបានធ្វើចត្តាឡីស័ក គ្រប់រូបភាព បន្តស្រាវជ្រាវរកមេខ្យល់ដែលនាំពលករឆ្លងដែន គេចពីការធ្វើចត្តាឡីស័កមកផ្ដន្ទាទោសតាមច្បាប់។

បន្ថែមពីនេះ ត្រូវត្រួតពិនិត្យជាប្រចាំរាល់ឡានទំនិញរបស់អាជីវករ ដែលធ្វើការផ្លាស់ប្ដូរទំនិញនៅច្រកនេះ ឲ្យបានម៉ឺងម៉ាត់ ហើយឡានដឹកទំនិញត្រូវបកកញ្ចក់រ៉ៃប៉ាន់ចេញជាបន្ទាន់ ហើយត្រូវសហការគ្នាឲ្យបានស្អិតរមួតរវាងកម្លាំងកងទ័ព ដែលឈរជើងនៅទីនេះ និងកម្លាំងសមត្ថកិច្ចគ្រប់ជំនាញសំដៅធានាឲ្យបាននូវការទប់ស្កាត់ការពលករឆ្លងដែនដែលគេចពីការធ្វើចត្តាឡីស័ក។

លោក ណុប ដារ៉ា បានសង្កត់ធ្ងន់ថា បើរកឃើញថា មានមន្ត្រីណាម្នាក់ឃុបឃិតគ្នានាំពលករគេចពីការធ្វើចត្តាឡីស័ក នឹងត្រូវទទួលទោសទៅតាមច្បាប់៕