(ត្បូងឃ្មុំ)៖ ដើម្បីកុំឲ្យមានការភ័យខ្លាច ព្រួយបារម្ភពីការរំលោភបំពានទៅលើដីធ្លី ពីសំណាក់ជនខិលខូចលួចបន្លំឯកសារ ដូច្នេះប្រជាពលរដ្ឋត្រូវរួសរាន់ ចុះបញ្ជីដីធ្លីចៀសវាងខកខាន ធ្វើឲ្យលំបាកទៅថ្ងៃក្រោយ ដោយមានយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ តែងតែជំរុញឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការ តាមរយៈមន្រ្តីជំនាញបានចុះធ្វើការចុះបញ្ជីដីធ្លី ជូនប្រជាពលរដ្ឋ ដោយមិនគិតពីកំរ៉ៃអ្វីទាំងអស់។

ក្នុងឱកាសចុះផ្សព្វផ្សាយសេចក្តីប្រកាសកំណត់ តំបន់ធ្វើការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ នៅក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលជាម្ចាស់ដី មន្រ្តីជំនាញភូមិបាល នៃមន្ទីររៀបចំដែនដី នគររូបណីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ បានណែនាំឲ្យម្ចាស់ដី ត្រូវត្រៀមនូវឯកសារចាំបាច់ រួមមាន សំបុត្រកំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, សៀវភៅគ្រួសារ, សៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍, បណ្តាំមរតក, សាលក្រមតុលាការ, លិខិតទិញ-លក់។ល។ ហើយការចុះបញ្ជីដីធ្លីគឺមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋងាយស្រួល ក្នុងការថែរក្សាមិនមានការភ័យព្រួយពីការរំលោភបំពានពីអ្នកដទៃឡើយ។

ដោយឡែកសម្រាប់នៅទីតាំងដីឡូតិ៍តួន អើ ស្អារីពិនសល់ឡេះ ទីតាំងជិតតំបន់សក្តានុពលខ្លាំង ក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលក្រុមការងារ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការចុះបញ្ជីដីធ្លី ជាលក្ខណៈប្រព័ន្ធ ដើម្បីចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ ដោយមាននីតិវិធីការចុះបញ្ជីតាមការស្នើសុំរបស់ម្ចាស់ដី ចំពោះការចុះបញ្ជី តាមការកំណត់រាជរបស់រដ្ឋាភិបាលផងដែរ។

ជាមួយគ្នានោះ មន្រ្តីជំនាញ ក៏សំណូមពរដល់ប្រជាបលរដ្ឋដែលចូលរួមនាឱកាសនោះ ជួយផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋដែលមិនបានមក ដើម្បីឲ្យពួកគាត់បានមកចុះបញ្ជីដីធ្លីបានទាំងអស់គ្នា ជាពិសេសត្រូវសហការគ្នារវាងអ្នកមានព្រំដីជាប់គ្នា ដើម្បីងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការបញ្ជីដីធ្លីជូន៕