(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនមេខ្យល់ម្នាក់ ដែលធ្វើសកម្មភាពនាំប្រជាពលរដ្ឋឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយបានបញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។

ក្រៅពីការចាប់ខ្លួនមេខ្យល់ម្នាក់នេះហើយនោះ កម្លាំងនគរបាលក៏បានរកឃើញឃាត់ខ្លួនពលករ២នាក់ផងដែរ ដែលបានចាញ់បោកមេខ្យល់ខាងលើ ហើយត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្ដេចឪ តាមការកំណត់របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា ការឃាត់ខ្លួនមេខ្យល់នេះ តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដែលបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវបង្រ្កាបមេខ្យល់ដែលលួចជូនពលករឆ្លងដែន យកទៅធ្វើការនៅស្រុកថៃ ដោយខុសច្បាប់។

ក្រោយទទួលបានបទបញ្ជា កម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេក បើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនមេខ្យល់តែម្ដង ឈ្មោះ ប៉ា សាមិត្រ អាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ដែលពាក់ព័ន្ធការនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចភូមិល្បើកស្វាយ ដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ បានបញ្ជាក់ទៀតថា កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ បានជួបប្រទះពលរខ្មែរចំនួន៥នាក់ទៀត មកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ពេលសួរនាំពួកគេប្រាប់ថាទៅថៃ ហើយបានធ្វើការឃាត់ខ្លួន និងផ្តល់ព័ត៌មានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក មកទទួលយក។ ចំពោះពលករទាំង៧នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណតែម្ដង៕