(ព្រះវិហារ)៖ ទីតាំងរោងសិប្បកម្មកែច្នៃឈើ និងលក់ផលអនុផលព្រៃឈើដ៏ធំមួយយកន្លែង ដែលគ្មានច្បាប់អនុញ្ញាតជាប់រង្វង់ស្រអែម ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ចុះបង្ក្រាបនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ ជាមួយការដកហូតវត្ថុតាងជាច្រើនយកទៅរក្សាទុក។

លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ក្រោមបទបញ្ជាពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោកបានដឹកនាំសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើផ្នែកជាំក្សាន្ត សង្កាត់រដ្ឋបាលព្រៃឈើកន្ទួត និងមន្ត្រីជាច្រើនទៀត ចុះបង្រ្កាបទីតាំងសិប្បកម្មកែច្នៃ និងលក់ផលអនុផលព្រៃឈើដោយខុសច្បាប់មួយកន្លែងជាប់រង្វង់មូលស្រអែម ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ជាលទ្ធផល បានធ្វើការដកហូតវត្ថុតាងរួមមាន៖ ឈើប្រណិតប្រភេទបេងធ្នង់ ឈើកែច្នៃ និងសម្ភារបម្រើឲ្យការងារធ្វើសិប្បកម្មជាច្រើនមុខទៀត និងបានដឹកជញ្ជូនយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមច្បាប់។

លោកព្រះរាជអាជ្ញារង វុធ សាវី បានថ្លែងអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ត្រូវប្រកបមុខរបរណាដែលស្របច្បាប់ ចំពោះរបរណាដែលច្បាប់មិនបានអនុញ្ញាត គឺលោកនឹងធ្វើការបង្រ្កាបដោយមិនលើកលែងជាដាច់ខាត ដូចដែលកន្លងមកលោកធ្លាប់ដឹកនាំកម្លាំងបង្រ្កាបល្បែងស៊ីសងកត់កន្ទុយលេខដោយខុសច្បាប់និងរោងសិប្បកម្មកែច្នៃឈើអត់ច្បាប់ជាច្រើនកន្លែងផងដែរ៕