(កំពង់ឆ្នាំង)៖ មានការបកស្រាយខុសៗគ្នាពីមន្ត្រីជំនាញជលផលពាក់ព័ន្ធទៅនឹងដីព្រៃលិចទឹកមួយកន្លែង ជាដីអភិរក្សទុកសម្រាប់ជាជម្រកត្រីពងកូន ដែលគ្រប់គ្រងដោយសហគមន៍នេសាទភូមិព្រែកសាលា និងមន្ត្រីជំនាញជលផល ស្ថិតនៅមាត់បឹងឆ្អឹងដំរី ដែលជាបឹងអភិរក្ស ក្នុងភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទំហំជាង ៤ហិចតា ដែលបានប្រគល់ឲ្យសហគមន៍ថែរក្សាតាំងពីឆ្នាំ២០០៧ មកនោះ ដោយបច្ចុប្បន្នត្រូវបានគេលក់ទៅឲ្យក្រុមហ៊ុនជីកកកាយយកអាចម៍ដី។

មន្ត្រីជំនាញបានអះអាងថា ដីនេះជាដីរបស់ប្រជាពលរដ្ឋដែលគេមានបង្កាន់ដៃ ទទួលស្គាល់ដោយលោក ទុន អ៉ីម មេឃុំទឹកហូត។ ការអនុញ្ញាតឲ្យក្រុមហ៊ុន ជីកយកអាចម៍ដីខាងលើនេះ ដោយសារតែសហគមន៍បានស្នើសុំជីកស្រះយកទឹកប្រើប្រាស់ តែអាចម៍ដីត្រូវគេលក់ឲ្យក្រុមហ៊ុន ចំណែកធនធានធម្មជាតិត្រូវបានវិនាសបាត់បង់។

ដីនៅចំណុចខាងលើនេះ យោងតាមឯកសារផែនទីរបស់សហគមន៍ គឺជាតំបន់អភិរក្សត្រូវបានប្រគល់មកឱ្យសហគមន៍នេសាទគ្រប់គ្រង ដែលមានទំហំសរុបចំនួន ៦៧៥ ហិកតា ដោយឡែកផ្ទៃដីគោកនៅរដូវប្រាំងដែលគ្រប់គ្រងដោយសហគមន៍នេសាទភូមិព្រែកសាលា មានចំនួនជាង ៤ហិកតាដែលបានការពារ និងគ្រប់គ្រង តាំងពីឆ្នាំ ២០០៧មក ដែលកាលណោះមានការចុះហត្ថលេខាទទួលស្គាល់ និងដឹងឮពីលោក ម៉ៅ នោ មេភូមិព្រែកសាលា, លោក ទុន អ៉ីម មេឃុំទឹកហូត, លោក ពេជ្រ សម្បត្តិ អភិបាលស្រុករលារប្អៀរ, លោក ង៉ាន ណានី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង, លោក អ៉ឹង គឹមលាង ប្រធានការិយាល័យជលផល ខេត្តកំពង់ឆ្នាំង, និងលោក ប៉ាវ ហមហាន អភិបាលរងខេត្តកំពង់ឆ្នាំងផងដែរ។

ប្រធានសហគមន៍នេសាទភូមិព្រែកសាលា បានឲ្យដឹងថា កាលពីឆ្នាំ២០២០ កន្លងទៅនេះ មន្ត្រីជំនាញជលផលក៏ធ្លាប់បានឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុន ១គ្រឿង និងមនុស្សម្នាក់ម្ដងរួចមកហើយដែរ ដោយសារតែគ្រឿងចក្ររបស់ក្រុមហ៊ុន បានចូលមកឈូសឆាយ និងជីកកកាយដីព្រៃក្នុងតំបន់អភិរក្សរបស់សហគមន៍នៅចំណុចខាងលើនេះដោយគ្មានច្បាប់អនុញ្ញាត។

ទាក់ទងនឹងរឿងខាងលើនេះលោក ឃឹម ឡុង នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទថា ពីមុនមកដីចំណុចខាងលើនេះ គឺជាដីសហគមន៍នេសាទព្រែកសាលាពិតមែន ដែលជំនាញបានចុចនិយាមការប្រគល់ឲ្យសហគមន៍គ្រប់គ្រងតាំងពីឆ្នាំ២០០ ៧។ ប៉ុន្តែនៅឆ្នាំ២០២០ ពេលមានគ្រឿងចក្រមកជីកកកាយដីនេះ ខាងជំនាញជលផលក៏បានហាមឃាត់ដើម្បីឆែករកច្បាប់ ដោយពេលនោះម្ចាស់ដី និងអាជ្ញាធរបានបង្ហាញថា ដីនេះគេមានប័ណ្ណកាន់កាប់ដែលមានការទទួលស្គាល់របស់លោក ទុន អ៉ីម មេឃុំទឹកហូត។

ក្រោយមកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលក៏បានឲ្យគេសុំច្បាប់ទើបអនុញ្ញាតឱ្យធ្វើ។ ដោយឡែក លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងវិញ លោកក៏ធ្លាប់បានប្រាប់នៅពេលដែលលោកឃាត់គ្រឿងចក្រអំឡុងឆ្នាំ២០២០ កន្លងទៅថា ការឃាត់គ្រឿងចក្រនេះដោយសារតែក្រុមហ៊ុនបានយកគ្រឿងចក្រចូលឈូសឆាយដីសហគមន៍អស់ចំនួន ៧០អា ហើយកាលណោះក៏បានតម្រូវឲ្យក្រុមហ៊ុនលុបដីនោះឲ្យរាបស្មើឡើងវិញផងដែរ។

នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក លី ឡា ក៏បានប្រាប់តាមទូរស័ព្ទថា ចំពោះក្រុមហ៊ុនដែលបានយកគ្រឿងចក្រចូលកាប់កកាយដីអភិរក្សម្ដងខាងលើនេះទៀតនេះ ដោយសារតែកាលពីឆ្នាំមុនសហគមន៍គេស្នើសុំមកខាងមន្ទីរ ដើម្បីសុំជីកស្រះចិញ្ចឹមត្រី។ ប៉ុន្តែមិនដឹងពេលនេះគេធ្វើដោយបន្តច្បាប់ពីឆ្នាំចាស់ ឬក៏ធ្វើថ្មីទៀត ដូច្នេះលោកសុំឲ្យមន្ត្រីជំនាញចុះទៅពិនិត្យមើលសិន។ លោកបន្ថែមថា ចំណែកឆ្នាំមុនពេលលោកឃាត់ ដោយសារតែគេមិនមានច្បាប់ ហើយជីកកកាយក្នុងដីសហគមន៍ ហើយពេលមានច្បាប់ទើបអនុញ្ញាត។ ដូច្នេះបើពេលនេះគេធ្វើថ្មីទៀត ត្រូវតែមានច្បាប់។

ចំណែក លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មវិញ លោកក៏បានឆ្លើយប្រាប់តាមទូរស័ព្ទបញ្ជាក់ឲ្យដឹងដែរថា កាលពីឆ្នាំមុន គឺឃាត់ផ្អាកម្ដងហើយ។ ដូច្នេះបើផ្អាកហើយ គឺមិនអនុញ្ញាតឲ្យធ្វើទៀតទេ តែបើគេធ្វើទៀត តើមានច្បាប់ពីណាមកព្រោះជាដីរបស់សហគមន៍ និងជាដីតំបន់អភិរក្សតើអ្នកណាហ៊ានអនុញ្ញាតច្បាប់ឲ្យ។

ចំណែកលោក ជ័យ ម៉ូត ជំទប់ឃុំទឹកហូតបានបញ្ជាក់ឲ្យដឹងថា ដីនេះគឺជាដីរបស់ប្រជាពលរដ្ឋដែលមានប័ណ្ណកាន់កាប់ ចុះហត្ថលេខាទទួលស្គាល់ដោយលោក ទុន អីម មេឃុំទឹកហូត ដូច្នេះទើបប្រជាពលរដ្ឋអាចលក់ដូរឲ្យក្រុមហ៊ុនបាន។ ប៉ុន្តែចំពោះការជីកយកអាចម៍ដីនេះវិញ គឺគេមិនបានសុំច្បាប់ពីអាជ្ញាធរឡើយ ដូច្នេះរឿងនេះទុកឲ្យជំនាញធ្វើការចុះ។

ដោយឡែក ម្ចាស់គ្រឿងចក្ររបស់ក្រុមហ៊ុនដែលកំពុងជីកកកាយនៅលើដីអភិរក្សខាងលើនេះ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឲ្យអង្គភាពដឹងថា រឿងដែលក្រុមហ៊ុនហ៊ានយកគ្រឿងចក្រមកជីកយកអាចម៍ដីនៅទីនេះ ដោយសារតែគេមានច្បាប់ដល់ថ្នាក់ខេត្តរួចហើយ ស្របពេលដែលខាងខេត្តបានសុំឱ្យជួយស្ដារបឹងអភិរក្សឆ្អឹងដំរីឲ្យបានជ្រៅផង។

ពាក់ព័ន្ធទៅនឹងការឆ្លើយ ពីតៃកុងគ្រឿងចក្ររបស់ក្រុមហ៊ុនខាងលើនេះ ដែលបានប្រាប់ថាខាងអាជ្ញាធរខេត្ត បានស្នើសុំឲ្យខាងក្រុមហ៊ុនជួយស្ដារបាតបឹងអភិរក្សនេះផងនោះ នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះដែរ អង្គភាពព័ត៌មាន Fresh News បានទូរស័ព្ទសួរលោក យ៉ុង អនុប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង ដោយលោកបានបញ្ជាក់ឲ្យដឹងថា ខាងមន្ទីររបស់លោកមិនមានការអនុញ្ញាតឱ្យអ្នកណា ឬក៏ក្រុមហ៊ុនណាមួយទៅស្ដារបឹងអភិរក្សឆ្អឹងដំរីដែលស្ថិតនៅក្នុងឃុំទឹកហូតនោះទេ។ ហេតុនេះប្រសិនបើមានការយកគ្រឿងចក្រចូលជីកក កាយនៅក្នុងដីបឹងអភិរក្សពិតមែននោះ គួរតែឃាត់គ្រឿង ចក្រដើម្បីយកមកចាត់ការទៅតាមផ្លូវច្បាប់។

ទាក់ទងនិងដីព្រៃលិចទឹកក្នុងតំបន់អភិរក្សដែលគេកំពុងជីកកកាយនេះលោក សុខ ផាត ប្រធានសហគមន៍នេសាទព្រែកសាលាបានប្រាប់ឲ្យដឹងថា ដីតំបន់អភិរក្សបឹងឆ្អឹងដំរី ខាងលើនេះអាជ្ញាធរនិងជំនាញជលផល បានប្រគល់ឱ្យសហគមន៍កាន់កាប់គ្រប់គ្រងការពារនៅក្នុងឆ្នាំ២០០៧ ហើយមានមេឃុំទឹក ហូត លោក ទុន អ៉ីម ចុះហត្ថលេខាទទួលស្គាល់ជាមួយ អាជ្ញាធរស្រុកខេត្ត និងមន្ត្រីជំនាញផងដែរ។ ហេតុអី្វនៅក្នុងឆ្នាំ២០២០ បែរជាមានលិខិតកាន់កាប់ដីធ្លីទទួលស្គាល់ ដោយលោកមេឃុំទឹកហូរទៅវិញ។

លោកបានឲ្យដឹងទៀតថា ក្នុងរឿងរ៉ាវនេះដែរនៅក្នុងឆ្នាំ២០២០ លោក ជ័យ ម៉ូត ជំទប់ទី១ឃុំទឹកហូត និងមន្ត្រីជំនាញជលផលបានកាន់លិខិតសំណើមួយច្បាប់ ដែលគេបានរៀបចំឡើងរួចជាស្រេច មកឲ្យលោកចុះហត្ថលេខា ដែលលិខិតនោះគឺជាសំណើស្នើសុំជីកស្រះលើដីតំបន់អភិរក្សចំណុចជាប់មាត់បឹងឆ្អឹងដំរី ដើម្បីយកទឹកសម្រាប់សហគមន៍ប្រើប្រាស់។ ក្នុងពេលនោះដែរ ដោយមានការពន្យល់ណែនាំពីមន្ត្រីជលផល និងអាជ្ញាធរឃុំ ម្យ៉ាងដោយលោកខ្លាចគេចោទប្រកាន់ថាលោកធ្វើឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍរបស់អាជ្ញាធរទើបលោកក៏ព្រមចុះហត្ថលេខាលើលិខិតនោះទៅ៕