(ប៉ៃលិន)៖ នៅសាលាខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលា​ផ្សព្វផ្សាយពីការ​អនុវត្តអនុសញ្ញា​ស្តីពីសិទ្ធិជនពិការ ដល់មន្រ្តីពាក់ព័ន្ធ​នៅក្នុងខេត្តប៉ៃលិន។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានសមាគមអតីតកម្មសិក្សាការី JICA កម្ពុជា លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក ម៉ី មគ្គ អភិបាលរងខេត្តប៉ៃលិន ហើយក៏មានការចូលរួមពីមន្រ្តីមកពីតាមមន្ទីរ ស្ថាប័ននៅក្នុងខេត្តផងដែរ។

លោក ជិន ម៉ាលីន បានថ្លែងថា សិក្ខាសាលាត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវលិខិត​តូបករណ៍​អន្តរជាតិ និងជាតិ ពាក់ព័ន្ធវិស័យពិការភាព លើកកម្ពស់ការយល់ដឹង និងការអនុវត្ត​អនុសញ្ញា ស្តីពីសិទ្ធិជនពិការ ដល់ក្រុមប្រឹក្សាសកម្មភាពជន​ពិការថ្នាក់​ក្រោមជាតិ ជនពិការ និងសហគមន៍ និងផ្តល់ឱកាសឲ្យមានការស្វែងយល់​ពីគ្នាទៅវិញទៅមក ដើម្បីចូលរួមចំណែក​​ក្នុងការកាត់​បន្ថយភាពរើសអើង​លើជនពិការ​នៅក្នុង​សហគមន៍។ល៕