(សៀមរាប)៖ រយៈពេល៣ថ្ងៃ នាឱកាសបុណ្យចូលឆ្នាំចិន (១២-១៣-១៤ កុម្ភៈ) នៅទូទាំងខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជិត ១២ ម៉ឺននាក់ ក្នុងនោះតំបន់រមណីយដ្ឋានអង្គរទាំងមូលទទួលបានភ្ញៀវទេសចរប្រមាណ ៨.១ ម៉ឺននាក់, នេះបើតាមលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប ដែលបានថ្លែងប្រាប់ Fresh News នាព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ង៉ូវ សេងកាក់ បានឱ្យដឹងថា ភ្ញៀវទេសចរដើរកម្សាន្តក្នុងខេត្តសៀមរាបមានប្រមាណ ១១.៧ ម៉ឺននាក់ ក្នុងនោះភ្ញៀវទេសចរបរទេសមានចំនួន ១,៧៨៩ នាក់ ថយចុះ ៨៩.៥៨% និងភ្ញៀវទេសចរខ្មែរមានចំនួនប្រមាណ ១១.៦ ម៉ឺននាក់ ក្នុងនោះចូលទស្សនាតំបន់អង្គរមានចំនួនប្រមាណ ៨.១ ម៉ឺននាក់ និងប្រមាណ ៣.៥ ម៉ឺននាក់ ចូលទស្សនាតំបន់រមណីយដ្ឋាន និងសហគមន៍នានាក្នុងខេត្តសៀមរាប ដូចជា នៅឧទ្យានជាតិភ្នំគូលែន សហគមន៍ព្រៃទឹកជប់ខ្នារពោធិ៍ សហគមន៍ត្រាវកុដិ សហគមន៍បឹងឈូកបន្ទាយស្រី និងសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំជាដើម។

បើតាមប្ររធានមន្ទីរទេសចរណ៍រូបនេះ ការអនុវត្តតាមវិធានសុវត្ថិភាពទេសចរណ៍ ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងការណែនាំពីវិធានអនាម័យ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល នៅតែប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។

ចំណែកឯការការពារសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ និងគោលដៅទេសចរណ៍នានាក្នុងខេត្ត ក៏នៅតែប្រព្រឹត្តទៅតាមភាពធម្មតាផងដែរ ពោលគឺគ្មានបញ្ហាអ្វីចោទឡើងគួរឱ្យកត់សម្គាល់ឡើយ៕