(កំពង់ឆ្នាំង)៖ សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (ស.យ.ម.ក) នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំកិច្ចប្រជុំយុវជនសាខាខេត្តកំពង់ឆ្នាំង បូកសរុបលទ្ធផលការងារដែលសម្រេចបាន២០២០កន្លងមក និងលើកទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០២១ ក្រោមអធិបតីភាព លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល ស.យ.ម.ក។

ជាមួយនឹងការលើកឡើងពីសមិទ្ធផលនានាជាច្រើនដែល ស.យ.ម.ក សម្រេចបាននៅឆ្នាំ២០២០ និងសកម្មភាពដែលបានកំពុងបន្តយ៉ាងសកម្មនោះ លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធាន ស.យ.ម.ក សាខាខេត្តកំពង់ឆ្នាំង បានប្រេជ្ញាបន្តពង្រឹងសកម្មភាពឲ្យកាន់តែរឹងមាំ ក្នុងស្រទាប់យុវជន រួមជាមួយនឹងការគៀគរជំនួយ បង្រួបបង្រួម បន្ថែមកន្លងយុវជនសាខារបស់ខ្លួន ព្រមទាំងដឹកនាំជំរុញការចូលរួមគ្រប់សកម្មភាពនានារបស់សង្គមអោយកាន់តែផលផុស និងសកម្មថែមទៀត។

លោក អោម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានកោតសរសើរ អំពីសកម្មភាពសកម្មភាពជាវិជ្ជមានជាច្រើន ដែល ស.យ.ម.ក ទាំងថ្នាក់កណ្តាល និងថ្នាក់ខេត្ត ហើយបានជំរុញលើកទឹកចិត្តឲ្យបន្តសកម្មភាពកាន់តែច្រើនថែមទៀត។

លោក អូស្មាន ហាស្សាន់ ក្នុងនាមពលរដ្ឋ និងយុវជន គឺមានកាតព្វកិច្ចត្រូវតែចូលរួមបំពេញរាល់កិច្ចការងារសង្គម និងសហគមរបស់យើង។ អ្វីកើតឡើង និងទទួលបានជាបន្តបន្ទាប់មកដល់ពេលនេះ ក៏ដោយសារតែរលកមុនដែលធ្លាប់ជាយុវជន ជាកោសិកាសង្គម ដែលបានខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាងដើម្បីសង្គម និងជាតិទាំងមូល។

ហេតុនេះ ក្នុងនាមកូនក្មួយជាយុវជនបច្ចុប្បន្នក៏ត្រូវដាក់ខ្លួន ហានលះបង់កម្លាំងកាយពេលវេលា ប្រកបដោយឆន្ទៈ ដើម្បីបន្តវេណជាអ្នកបានចូលរួមកសាងសង្គមជាតិយើង ដូចជាស្នាដៃនានាដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បច្ចុប្បន្នបានធ្វើកន្លងមកតាំងពីខ្លួននៅយុវជនមកម្លេះ ហើយលោកលើកទឹកចិត្ត និងយកចិត្តទុកដាក់ណាស់ដល់កូនក្មួយយុវជនទាំងអស់។

នៅចុងបញ្ចប់កម្មវិធី លោកប្រធានគណៈអធិបតីក៏បានអញ្ជើញផ្តល់ប័ណ្ណសរសើរដល់ ស.យ.ម.ក ខេត្តកំពង់ឆ្នាំង ជាការលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ការខិតខំប្រឹងប្រែងចូលរួមគ្រប់សកម្មភាពការងារក្នុងជួរយុវជន នៅតាមសហគមន៍របស់ខ្លួន៕