(កំពង់ឆ្នាំង)៖ ប្រជាកសិករដាំបន្លែបង្ការ នៅលើខ្នងកោះតាមមាត់ទន្លេ នៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង សំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ជួយទប់ស្កាត់ការនាំចូលបន្លែបង្ការ ពីប្រទេសជិតខាង ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាកសិករ បង្កបង្កើនផលដាំដុះបន្លែ បង្ការលក់ដូរបានតម្លៃសមរម្យ នៅលើទីផ្សារ ដើម្បីដោះស្រាយជីវភាពរស់នៅ ឲ្យមានជីវភាពធូរធារ។

អ៊ុប្រុសឈ្មោះ ប៉ែន ស៊ីម អាយុ៦៧ឆ្នាំ ជាកសិកររស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននិយាយប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ដំណាំដែលគាត់កំពុងដាំលើដីចំការចំនួន២ហិកតានេះ រួមមាន ប៉េងប៉ោះ ត្រប់ ស្រួយ ត្រសក់ត្រឡាច ននោង និងល្ពៅជាដើម។

ប៉ុន្តែបន្លែបង្កាទាំងអស់នេះ បច្ចុប្បន្នទទួលផលបានប៉េងប៉ោះនៅឡើយ ដោយឡែកបន្លែផ្សេងៗ នឹងទទួលផលបានជាបណ្តើៗហើយដែរ រីឯតម្លៃបន្លែប៉េងប៉ោះលក់បោះដុំ ក្នុងមួយគីឡូបានថ្លៃចាប់ពី២០០រៀល ទៅ៤០០រៀលតែប៉ុណ្ណោះ ដោយឡែកបន្លែផ្សេងៗ ដូចជាត្រប់ននោង ក៏បានតម្លៃប្រហាក់ប្រហែលគ្នាផងដែរ។ ដែលធ្វើឲ្យការ ខិតខំដាំដុះរបស់គាត់ និងក្រុមគ្រួសារជួបការលំបាក ដោយមិនទទួលបានប្រាក់ចំណេញនោះឡើយ និងអាចខាតកំលាំងពលកម្ម និងពេលវេលាទៀតផង។

ជាមួយគ្នានេះដែរ រូបគាត់ក៏ដូចជាកសិករយើងទាំងអស់ ដែលមានមុខរបរជាអ្នកដាំបន្លែ សំណូមពរដល់ស្ថាប័នពាក់ព័ន្ធ និងរាជរដ្ឋាភិបាលមេត្តា ជួយទប់ស្កាត់បន្លែនាំចូល ពីប្រទេសជិតខាងផង ដើម្បីផ្ដល់លទ្ធភាពឲ្យប្រជាកសិករ យើងក្នុងស្រុក មានកម្លាំងចិត្តក្នុងការខិតខំបង្កើនផល ដាំដុះលក់ដូរបានតម្លៃសមរម្យ ដើម្បីផ្គត់ផ្គងជីវភាពរស់ នៅឲ្យមានភាពធូរធារ។

ចំណែកអ៊ុស្រី ឈ្មោះ ហួន អៀង អាយុ៦៣ឆ្នាំវិញ អ៊ុស្រីក៏បានបញ្ជាក់ឲ្យដឹងដែរថា សព្វថ្ងៃនេះ បើបន្លែបង្លាដែលគាត់ខិតខំដាំទាំងអស់នេះ បានតម្លៃពីមួយគីឡូ៧០០ ទៅ ៨០០រៀលនោះ ទើបបានចំណេញខ្លះ តែបើតម្លៃពី២០០ រយទៅ៤០០រៀល ក្នុងមួយគីឡូក្រាម ដូចសព្វថ្ងៃនេះ ប្រាកដជាខាតចុងខាត ដើមជាមិនខានឡើយ។ តែទោះជាយ៉ាងនេះក៏ដោយ ក៏គាត់នៅតែបន្តដាំដុះបន្លែបង្ការនេះ ជាបន្តទៀត ដោយមិនបោះបង់មុខរបរនេះឡើយ ដោយសារ តែក្រុមគ្រួសាររបស់គាត់ បានប្រកបមុខរបរដាំបន្លែបង្កានេះ មានរយៈពេលជិត៤០ឆ្នាំមកហើយ គឺតាំងតែពីប្រទេសជាតិ ត្រូវបានរំដោះពីរបបប៉ុលពតរួចមក។

អ៊ុស្រីបានបន្តថា ចំណែកបន្លែឆ្នាំនេះ បើនិយាយពីរឿងចំណេញនោះ គ្មានទេ ព្រោះការដាំដុះចម្ការបន្លែនេះ ត្រូវចំណាយជួលទាំងកម្លាំងពលកម្មចំណាយទាំងដើមទុន ទិញគ្រាប់ពូជ ចំណាយទាំងប្រេងបូមទឹកស្រោចស្រព្វដំណាំ និងថ្នាំបាញ់សត្វល្អិត គឺអស់ច្រើនដែរ។ ដូច្នេះមានតែសំណូមពរដល់ក្រសួងកសិកម្ម សូមលោកមេត្តា ជួយរកទីផ្សារជូនកសិករនៅតាមជនបទផង ពិសេសគឺសំណូមពរ កុំឲ្យបន្លែនាំចូលពីប្រទេសជិតខាងនោះ កសិករអាចនឹងដាំដុះបន្លែបង្កាលក់ដូរ មានទីផ្សារល្អ និងបានកែប្រែជីវភាពប្រជាកសិករ ដែលមានមុខរបរដាំបន្លែ នៅតាមទីជនបទឲ្យមានជីវភាពធូរធា៕