(បន្ទាយមានជ័យ)៖ ភោជនីយដ្ឋានមួយកន្លែង ឆេះខ្ទេចខ្ទីអស់ស្ទើរទាំងស្រុង សង្ស័យមកពីទុស្សេខ្សែភ្លើង នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកសៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ឲ្យដឹងថា តាមមេការភោជនីយដ្ឋានមានឈ្មោះ ហេង ស្រេង ភេទប្រុស អាយុ៤០ឆ្នាំ រស់ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅព្រឹកនោះ គេឃើញមានអណ្តាតភ្លើងឆេះ ចេញពីក្នុងភោជនីយដ្ឋាន។

ភ្លាមៗ ភ្លើងឆេះយ៉ាងសណ្ធោសណ្ធៅ មួយសន្ទុះក្រោយមក មានអាជ្ញាធរ និងសមត្ថកិច្ចអន្តរាគមន៍ ហៅរថយន្តពន្លត់អគ្គិភ័យ មកពីក្រុមហ៊ុនកាស៊ីណូនានា និងរថយន្តពន្លត់អគ្គិភ័យ របស់អង្គភាពអធិការដ្ឋាននគរបាលក្រុង និងប្រើប្រាស់ឧស្ម័នបាញ់ពន្លត់ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់៤គ្រឿង និងប្រើប្រាស់ទឹកអស់៤ស៊ីទែន ទើបអណ្តាតភ្លើង បានរលត់ថមថយទៅវិញទាំងស្រុង។ អគ្គិភ័យនេះ មិនបានអោយឆេះរាលដាល ដល់លំនៅដ្ឋានអ្នកផ្សេងនោះទេ។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ឲ្យដឹងទៀតថា ករណីឆេះភោជនីយដ្ឋានខាងលើនេះ ខូចខាតទ្រព្យសម្បត្តិមួយចំនួន មានដូចជាម៉ាស៊ីនត្រជាក់១គ្រឿង អាំភ្លី១ឈុត សាឡុង១ឈុត និងកង្ហា២គ្រឿង ។ តាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីជំនាញ បានឲ្យដឹងថា ភ្លើងឆេះភោជនីយដ្ឋាន សង្ស័យមកពីទុស្សេខ្សែភ្លើង៕