(មីយ៉ាន់ម៉ា)៖ រដ្ឋប្រហារមួយ ដែលរៀបចំឡើងដោយមេដឹកនាំយោធា បានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។ លោកស្រី អោងសាន ស៊ូជី ដែលជាទីប្រឹក្សារដ្ឋ និងជាមេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) រួមទាំងថ្នាក់ដឹកនាំ សំខាន់ៗរបស់គណបក្សនេះជាច្រើនរូប ត្រូវបានគេចាប់ខ្លួន ហើយប្រទេសមីយ៉ាន់ម៉ា ត្រូវបានប្រកាសដាក់ឱ្យស្ថិតនៅក្នុងភាពអាសន្ន។

សូមបញ្ជាក់ថា គណបក្សរបស់លោកស្រី អោងសាន ស៊ូជី បានឈ្នះឆ្នោតយ៉ាងសម្បើមភ្លូកទឹកភ្លូកដី កាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ក៏ប៉ុន្តែ មានការតវ៉ាចំពោះលទ្ធផលបោះឆ្នោត នេះថាមានការលួចបន្លំ បើទោះបីជាមានការបដិសេធចំពោះការចោទប្រកាន់នេះដោយគណៈកម្មការរៀបចំការបោះឆ្នោតមីយ៉ាន់ម៉ា ក៏ដោយ។ ការតវ៉ានេះត្រូវបានគាំទ្រដោយ ក្រុមយោធា ហើយការធ្វើរដ្ឋប្រហារនេះ គឺកើតឡើងមុនពេលចាប់ផ្តើមអាណត្តិថ្មីរបស់សភា និងរដ្ឋាភិបាលមីយ៉ាន់ម៉ា។

សហគមន៍អន្តរជាតិ និងប្រទេសមហាអំណោចលោកខាងលិចដូចជា អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប ប្រទេសអង់គ្លេស ជាដើម បានធ្វើការថ្កោលទោសចំពោះ រដ្ឋប្រហារនេះ។ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើមេដឹកនាំរដ្ឋប្រហាររបស់ប្រទេសមីយ៉ាន់ម៉ា។

ចំពោះប្រទេស ក្នុងសមាគមន៍អាស៊ាន ជាទូទៅប្រកាន់គោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសជាសមាជិក។ ប្រទេសជាសមាជិកអាស៊ាន ចាត់ទុកថានេះជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសមីយ៉ាន់ម៉ា ហើយបានត្រឹមតែអំពាវនាវឱ្យមានការចរចារវាងគូជម្លោះ ដើម្បីធ្វើឱ្យស្ថានការណ៍ឆាប់ វិលត្រលប់មករកសភាពធម្មតាវិញ។

រដ្ឋប្រហារអាចធ្វើឱ្យមានអស្ថិរភាពនយោបាយ ជាក់ស្តែងប៉ុន្មានថ្ងៃកន្លងមកនេះ មានបាតុកម្មពីក្រុមគាំទ្រលោកស្រី អោងសាន ស៊ូជី ដែលបាតុកម្មនេះអាចធ្វើឱ្យប៉ះពាល់ដល់ ស្ថានភាពសេដ្ឋកិច្ចនានា ក្នុងប្រទេសមីយ៉ាន់ម៉ា។ សហរដ្ឋអាមេរិក ក៏បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ា ផងដែរ។ កត្តាទាំងអស់នេះ នឹងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ច នៃប្រទេសដែលទើបនឹងស្គាល់ពន្លឺនៃការរីកចម្រើនឡើងវិញ ក្នុងអំឡុងពេលជិតមួយទសវត្សកន្លងមកនេះ។

ដូចដែលយើងបានដឹងស្រាប់ហើយថាមីយ៉ាន់ម៉ា ជា ប្រទេសដែលសំបូរទៅដោយធនធានធម្មជាតិ ដូច្នេះ ផលប៉ះពាល់អវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ចធម្មតាផ្សេងៗ និងការដាក់ទណ្ឌកម្មរបស់ប្រទេសមហាអំណាច អាចធ្វើឱ្យ ប្រទេសមីយ៉ាន់ម៉ា ត្រូវបង្ខំចិត្តរកចំណូលតាមរយៈការធ្វើអាជីវកម្មលើធនធានធម្មជាតិរបស់ខ្លួនកាន់តែខ្លាំងជាងមុន។

ទាំងនេះអាចធ្វើឱ្យប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសមីយ៉ាន់ម៉ា ក្នុងរយៈពេលយូរអង្វែង។ តើរដ្ឋប្រហារនេះ អាចប៉ះពាល់អ្វីខ្លះដល់សេដ្ឋកិច្ចកម្ពុជាយើង? ជាទូទៅ រដ្ឋប្រហារនៅមីយ៉ាន់ម៉ា នឹងមិនមានការឥទ្ធិពលផ្ទាល់អ្វីខ្លាំងទេ ដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។ ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅមានទំហំតូចនៅឡើយ។

នៅឆ្នាំ២០១៩ ការនាំចេញពីប្រទេសកម្ពុជា ទៅមីយ៉ាន់ម៉ា មានត្រឹមតែប្រមាណជា ៤លានដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។ ជាក់ស្តែង មីយ៉ាន់ម៉ាជាប្រទេសសំខាន់មួយ ដែលនាំចេញផលិតផលសំលៀកបំពាក់និងកាត់ដេរ ហើយក៏ជាប្រទេសប្រកួតប្រជែងមួយដ៏សំខាន់របស់កម្ពុជាក្នុងវិស័យនេះផងដែរ។

រដ្ឋប្រហារ និងអស្ថិរភាពនយោបាយ នៅមីយ៉ាន់ម៉ា អាចធ្វើឱ្យប៉ះពាល់ដល់ការនាំចេញរបស់ប្រទេសនេះ ដែលផ្ទុយមកវិញ អាចផ្តល់ផលវិជ្ជមានខ្លះៗដល់វិស័យកាត់ដេរ របស់ប្រទេសកម្ពុជា។ ម៉្យាងទៀត បើស្ថានភាពនយោបាយបែបនេះ នៅមីយ៉ាន់ម៉ាអូសបន្លាយយូរបន្តទៀត វិនិយោគិនបរទេសអាចដកទុនរបស់ខ្លួនចេញពីប្រទេសនេះ មកដាក់ទុនវិនិយោគ ក្នុងប្រទេសផ្សេងទៀតក្នុងតំបន់ រួមទាំងប្រទេសកម្ពុជាផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ជារួមកម្ពុជា និងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន ចង់ឃើញការឆាប់វិលមករកសភាពធម្មតាវិញ នៃស្ថានភាពនយោបាយរបស់មីយ៉ាន់ម៉ា ព្រោះវានឹងផ្តល់ផលល្អដល់ប្រទេសនេះផ្ទាល់ និងដល់តំបន់អាស៊ានទាំងមូល ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច ដែលជាកត្តាសំខាន់សម្រាប់លើកកម្ពស់តួនាទីរបស់អាស៊ាន ក្នុងឆាកអន្តរជាតិ៕