(ភ្នំពេញ)៖ ការបន្ដអូសបន្លាយពេលប្រមាណ១ឆ្នាំ នៃការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វិស័យអាកាសចរណ៍កម្ពុជា ក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យនេះ បានជួបការលំបាកយ៉ាងខ្លាំង ប៉ុន្ដែទោះជាយ៉ាងនេះក្ដី មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជា ប្រកាសពីការក្ស័យធន ឬដួលរំលំនោះឡើយ។

នេះបើតាមលោក ស៉ីន ចាន់សិរីវត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានថ្លែងឲ្យដឹងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News។

លោក ស៉ីន ចាន់សិរីវត្ថា បានថ្លែងឲ្យដឹងថា «ក្នុងវិបត្តិកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើកិច្ចអន្ដរាគមន៍ដល់ក្រុមហ៊ុន រកស៊ីលើវិស័យអាកាសចរណ៍ ប៉ុន្ដែការអន្ដរាគមន៍នេះមានកម្រិតនៅឡើយ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដី កម្ពុជាមិនទាន់ឃើញមាន ក្រុមហ៊ុនអាកាសចរណ៍ណា ប្រកាសពីការក្ស័យធនរបស់ក្រុមហ៊ុនខ្លួនឡើយ»

លោកបន្ដថា មិនមានការប្រកាសការក្ស័យធនរបស់ក្រុមហ៊ុនក៏ពិតមែន ប៉ុន្ដែក្រុមហ៊ុនប្រឈមនឹងការលំបាកជាច្រើន មានការកាត់បន្ថយបុគ្គលិក, កាត់បន្ថយប្រាក់ខែបុគ្គលិក និងជាប់បំណុលច្រើនជាដើម។

លោកបានបន្ថែមថា ជាការពិតជួបការលំបាក ក្រុមហ៊ុនឯកជនទាំងអស់នៅកម្ពុជា ពិតជាត្រូវការការអន្ដរាគមន៍ពីរាជរដ្ឋាភិបាល ប៉ុន្ដែមើលពីស្ថានភាពជាក់ស្ដែង កម្រិតម៉ាក្រូសេដ្ឋកិច្ចរបស់យើងនៅមានកម្រិត ដោយទំហំ និងតម្រូវការរបស់ប្រទេសមានធំ ដូច្នេះប្រសិនបើទំនុកបម្រុងលើវិស័យឯកជនទាំងអស់ កម្ពុជានឹងប្រឈមការខ្វះខាត និងជួបបញ្ហាជាច្រើន។ ត្បិតថាបែបនេះក៏ពិតមែន ប៉ុន្ដែរាជដ្ឋាភិបាលកម្ពុជា មិនបានលែងដៃចោលនោះទេ ដោយបានផ្ដល់អន្ដរាគមន៍មួយចំនួន ដែលអាចក្រុមហ៊ុនឯកជនទាំងអស់ទទួលយកបាន។

លោក ស៉ីន ចាន់សិរីវត្ថា ក៏បានបញ្ជាក់អំពីផលប៉ះពាល់ លើវិស័យអាកាសចរណ៍ ក្នុងឆ្នាំ២០២០យ៉ាងលម្អិតថា «តាមរបាយការណ៍អាកាសចរណ៍អន្ដរជាតិ ពេញមួយឆ្នាំ២០២០ ផលប៉ះពាល់ចរាចរណ៍អ្នកដំណើរ តាមផ្លូវអាកាសមាន៦០ភាគរយ។ បើយោងតាមរបាយការណ៍ របស់អង្គការក្រុមប្រឹក្សា អាកាសយានដ្ឋានអន្ដរជាតិ ផលប៉ះពាល់អាកាសយានដ្ឋានមាន៦៥ភាគរយ និងខាតបង់ទឹកប្រាក់១១ពាន់លានដុល្លារ»។

លោកបានបន្ដថា តាមរយៈសមាគមដឹកជញ្ជូនអន្ដរជាតិ ផលប៉ះពាល់នៃក្រុមហ៊ុនអាកាសចរណ៍ ហោះហើរទូទាំងពិភពលោកមានដល់ទៅ ១,១៧០លានដុល្លារ ក្នុងឆ្នាំ២០២០។ ចំណែកវិស័យសេដ្ឋកិច្ចវិញ ត្រូវបានអង្គការសេដ្ឋកិច្ចពិភពលោក (UNTO) បង្ហាញថា ឆ្នាំ២០២០ សេដ្ឋកិច្ចពិភពលោក ការប៉ះពាល់ស្ទើតែ១០០ភាគរយ។

លោកបញ្ជាក់ថា សម្រាប់ផលប៉ះពាល់របស់កម្ពុជា មានរូបសណ្ឋានអក្សរ L ធ្លាក់ចុះពីខែមករា ដល់ខែមេសា ក្នុងនោះខែមេសា ធ្លាក់ចុះខ្លាំងរហូតដល់៩៨ភាគរយ ចំណែកខែឧសភា និងខែមិថុនា កើនឡើងវិញក្នុងកម្រិតតិចតួចបំផុត។

សូមជម្រាបថា យោងតាមតួលេខពី រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល (SSCA) ឲ្យដឹងថា អ្នកដំណើរតាមអាកាសយានដ្ឋានអន្តរជាតិចំនួន៣របស់កម្ពុជា ក្នុងឆ្នាំ២០២០កន្លងទៅនេះ សរុបមានចំនួន ២.១៣លាននាក់ ធ្លាក់ចុះ៧៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩។

ឆ្នាំ២០២០ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរ១.៣០លាននាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៧៦ភាគរយ, អាកាសយានដ្ឋានអន្តរជាតិសៀមរាប ទទួលបានអ្នកដំណើរចំនួន ៦១៨,៦៦៣នាក់ ក្នុងឆ្នាំ២០២០ ធ្លាក់ចុះ៨៣ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ ទទួលបានអ្នកដំណើរចំនួន២១៤,៩៦៩នាក់ ធ្លាក់ចុះ៨៦.៣ភាគរយ។

សម្រាប់ការដឹកជញ្ជូនទំនិញ តាមផ្លូវអាកាសទាំង៣ ក៏ធ្លាក់ចុះ៣១ភាគរយផងដែរ។ ក្នុងនោះកម្ពុជា ទទួលបានការដឹកជញ្ជូនទំនិញ ចំនួន៤៩,៩៨៣តោន ធ្លាក់ចុះ៣១ភាគរយ៕