(ភ្នំពេញ)៖ ជាទូទៅបុគ្គលម្នាក់ៗមានសិទ្ធិទៅលើវត្ថុ ទៅតាមស្ថានភាពនៃទំនាក់ទំនងគតិយុត្ដផ្សេងៗគ្នា ដោយនៅក្នុងចំណោមសិទ្ធិទាំងនោះ យើងឃើញថា សិទ្ធិកាន់កាប់គឺជាសិទ្ធិមួយប្រភេទដែលមានលក្ខណៈទូលំទូលាយជាងគេនៅក្នុងចំណោមសិទ្ធិលើវត្ថុផ្សេងទៀត។

សិទ្ធិកាន់កាប់ត្រូវបានគេយកមកប្រើប្រាស់ក្នុងការគ្រប់គ្រងលើវត្ថុទាំងចលនវត្ថុ និងអចលនវត្ថុ នៅក្នុងគ្រប់រូបភាពដូចជាតាមរយៈទាំងកិច្ចសន្យា (កិច្ចសន្យាជួល កិច្ចសន្យាខ្ចីប្រើ ជាអាទិ៍) និងទំនាក់ទំនងក្រៅកិច្ចសន្យា (ការកាន់កាប់លើវត្ថុដែលរើសបាន ឬវត្ថុដែលគ្មានម្ចាស់ ជាអាទិ៍)។

ដើម្បីយល់ដឹងកាន់តែច្បាស់ ថាតើ សិទ្ធិកាន់កាប់ គឺជាអ្វី ហើយវាមានទម្រង់លក្ខណៈបែបណា? សម្រាប់សប្តាហ៍នេះ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្តីពី «សិទ្ធិកាន់កាប់» មកធ្វើការបង្ហាញជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតដូចខាងក្រោម៖

សិទ្ធិកាន់កាប់ ជាប្រភេទនៃសិទ្ធិប្រត្យក្សមួយ ដែលមានលក្ខណៈពិសេសជាងប្រភេទនៃសិទ្ធិប្រត្យក្សផ្សេងៗទៀត ព្រោះថាសិទ្ធិកាន់កាប់នេះអាចបង្កើតឡើងបាន ទោះបីជាមានមូលហេតុគតិយុត្តត្រឹមត្រូវស្របតាមច្បាប់ ឬ គ្មានក៏ដោយ ពោលគឺត្រឹមតែមានការក្តាប់ទុកវត្ថុនោះដោយ ចំពោះ ឬដោយប្រយោលគឺវាគ្រប់គ្រាន់ហើយសម្រាប់ ការបង្កើតសិទ្ធិកាន់កាប់។

នៅពេលបុគ្គលដែលមានសិទ្ធិកាន់កាប់ ហើយបានបង្កើតទំនាក់ទំនងគតិយុត្តណាមួយដើម្បីឱ្យ ភាគីម្ខាងទៀតធ្វើការកាន់កាប់វត្ថុសម្រាប់ខ្លួន ហើយបានផ្ទេរការកាន់កាប់រួចរាល់នោះ ការកាន់កាប់ដោយចំពោះ និង ការកាន់កាប់ដោយប្រយោលនឹងកើតមានឡើង។ ចំពោះបុគ្គលដែលមានតែសិទ្ធិកាន់កាប់ ហើយគ្មានកម្មសិទ្ធិ លទ្ធភាពក្នុងការបង្កើតទំនាក់ទំនងគតិយុត្តអាចត្រូវបានកម្រិតទៅតាមប្រភេទនៃទំនាក់ទំនងគតិយុត្តនីមួយៗ។ ហើយនៅក្នុងសិទ្ធិកាន់កាប់នេះផងដែរ គឺត្រូវបានបែងចែកការកាន់កាប់ជា ០២ (ពីរ) គឺ ការកាន់កាប់ដោយចំពោះ និង ការកាន់កាប់ដោយប្រយោល។ អ្នកដែលក្តាប់ទុកវត្ថុដោយផ្ទាល់ ហៅថាអ្នកកាន់កាប់ដោយចំពោះ រីឯអ្នកក្តាប់ទុកវត្ថុនោះតាមរយៈអ្នកដទៃ ហៅថាអ្នកកាន់កាប់ដោយប្រយោល។

សូមបញ្ជាក់ថា ការកាន់កាប់ដោយចំពោះ គឺជាការកាន់កាប់ដែលក្តាប់ទុកវត្ថុដោយផ្ទាល់ តាមរយៈមូលហេតុគតិយុត្ត ដែលបានបង្កើតឡើងជាមួយនឹងអ្នកកាន់កាប់ដោយប្រយោល។ ចំណែកឯ ការកាន់កាប់ដោយប្រយោល គឺជាការកាន់កាប់ដោយក្តាប់ទុកវត្ថុតាមរយៈអ្នកដទៃ ក្រោយពីបានបង្កើតទំនាក់ទំនងគតិយុត្ត។

នៅក្នុងការកាន់កាប់នីមួយៗ គឺតែងតែមានការផ្ទេរការកាន់កាប់នៅក្នុងនោះផងដែរ ដោយការផ្ទេរការកាន់កាប់គឺជាសកម្មភាពនៃការផ្លាស់ប្តូរនូវឋានៈនៃអ្នកកាន់កាប់ តាមរយៈការព្រមព្រៀង សន្តតិកម្ម អច្ច័យទាន ឬតាមរយៈហេតុផ្សេងទៀតដែលបានកំណត់ដោយច្បាប់។

ហើយចំពោះវិធីក្នុងការផ្ទេរការកាន់កាប់ គឺមាន ០៤ (បួន) ប្រភេទ ដូចជា ៖
* ការប្រគល់ដោយជាក់ស្ដែង
* ការប្ដូរលក្ខណៈនៃការកាន់កាប់
* ការប្រគល់ដោយសង្ខេប
* ការផ្ទេរការកាន់កាប់ដោយបញ្ជា។

ចំណែកឯ ការកាន់កាប់ត្រូវរលត់នៅពេលដែលអ្នកកាន់កាប់ បាត់បង់នូវការក្ដាប់ទុកវត្ថុកាន់កាប់។ ហើយចំពោះការរលត់ការកាន់កាប់នេះក៏បានចែកចេញជា ០២ (ពីរ) ដូចគ្នា ដោយមានការរលត់ការកាន់កាប់ដោយចំពោះ និង ការរលត់ការកាន់កាប់ដោយប្រយោល។

សូមជម្រាបថា មូលហេតុនៃការរលត់ការកាន់កាប់ រួមមាន៖
* ការកាន់កាប់ដោយអ្នកកាន់កាប់ដោយចំពោះ នឹងត្រូវរលត់នៅពេលដែលអ្នកកាន់កាប់ដោយចំពោះបានបាត់បង់ការក្ដាប់ទុកវត្ថុជាក់ស្ដែងលើរូបវត្ថុនោះ។
* ការកាន់កាប់របស់អ្នកកាន់កាប់ដោយប្រយោល ត្រូវរលត់ក្នុងករណីដូចជា មានស្ថានភាពដែលត្រូវទទួលស្គាល់ថា អ្នកកាន់កាប់ដោយចំពោះមិនយល់ព្រមនឹងការកាន់កាប់របស់អ្នកកាន់កាប់ដោយប្រយោល ឬ មួយវិញទៀត មូលហេតុគតិយុត្តរបស់អ្នកកាន់កាប់ដោយចំពោះ ក្នុងការកាន់កាប់សម្រាប់អ្នកកាន់កាប់ដោយប្រយោល និងករណីយកិច្ចរបស់អ្នកកាន់កាប់ដោយចំពោះក្នុងការកាន់កាប់សម្រាប់អ្នកកាន់កាប់ដោយប្រយោលត្រូវរលត់។

សរុបមកសិទ្ធិកាន់កាប់ជាសិទ្ធិប្រត្យក្សពិសេសមួយប្រភេទ ដែលមានផលប្រយោជន៍ជាច្រើនដល់បុគ្គលម្នាក់ៗ ក្នុងការប្រើប្រាស់ដើម្បីគ្រប់គ្រង និងក្ដាប់ទុកទៅលើវត្ថុនានា និងអាចយកទៅអះអាងចំពោះបុគ្គលផ្សេងទៀត។ ហើយវាក៏ជាសិទ្ធិមួយដែលផ្ដល់ភាពងាយស្រួលដល់បុគ្គលដែលមិនមែនជាម្ចាស់កម្មសិទ្ធិ អាចមានសិទ្ធិគ្រប់គ្រងទៅលើវត្ថុមួយនោះបានដោយគ្រាន់តែមានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិផងដែរ។

រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៉ីនីត និងលោក រៀម គឹមឡេង ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com,ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕