(ត្បូងឃ្មុំ)៖ សាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ (សហសត) មានលោក ពិន វណ្ណារ៉ូ ជាសកលវិទ្យាធិការ និងក្រុមហ៊ុនCS Agriculture Development តំណាងដោយលោក ហួរ ស្រេង ជាអគ្គនាយកក្រុមហ៊ុន បានចុះអនុសារណៈយោគយល់រួមគ្នា នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាកលវិទ្យាល័យហេងសំរិនត្បូងឃ្មុំ ក្រោមអធិបតីភាពលោក ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា។

តាមរយៈការចុះអនុស្សរណៈយោគយល់នេះ បានផ្តល់ឱកាសឲ្យប្អូនៗនិស្សិតបានសិក្សាពីទ្រឹស្តី និងការអនុវត្តជាក់ស្តែង និងទទួលបាននូវការពង្រឹងសមត្ថភាពនិស្សិតតាមរយៈការចុះធ្វើកម្មសិក្សា និងហាត់ការ, ការចុះសិក្សាស្រាវជ្រាវដើម្បីចងក្រងសារបទបញ្ចប់ការសិក្សា ព្រមទាំងផ្តល់ឱកាសការងារជាមួយក្រុមហ៊ុន ពេលនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ។

ក្នុងឱកាសនោះលោក ពិន វណ្ណារ៉ូ បានថ្លែងអំណរគុណដល់ AGID ដែលបានចាប់យក សហតស ជាដៃគូ ក៏ដូចជាបង្ហាញពីគោលបំណងសំខាន់ នៃការបង្កើត សហសត ឡើងកាលពីឆ្នាំ២០១៦ ដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សដែលរស់នៅតាមជនបទ ជាពិសេសភាគខាងជើងនៃប្រទេសកម្ពុជា ដើម្បីទទួលបាននូវសេវាអប់រំកំរិតឧត្តមសិក្សា ក្នុងគោលដៅរួមចំណែកក្នុងការអភិវឌ្ឍ អាជីពផ្ទាល់ខ្លួនរបស់ពួកគេ ក៏ដូចជាសហគមន៍ក្នុងតំបន់ និងចូលរួមចំណែកកាត់បន្ថយគម្លាតចំណេះដឹងរវាងប្រជាជននៅជនបទ និងទីក្រុងផងដែរ។

សូមជម្រាបថា រហូតមកទល់ពេលនេះក្រុមហ៊ុនអភិវឌ្ឍន៍កសិកម្ម CS បានទទួលនិស្សិតសាកលវិទ្យាល័យហេងសំរិន ត្បូងឃ្មុំ ឲ្យចុះហាត់ការបានចំនួន ៣០នាក់រួចហើយ លើប្រធានបទ ផលិតកម្ម ស្រូវ ឪឡឹក ការប្រែប្រួលអាកាសធាតុ និងកសិកម្មឆ្លាតវៃ Smart Agriculture៕