(កំពង់ស្ពឺ)៖ ដោយបានការអនុញាត និងផ្តល់អនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំពោះយោធិននៃកងរាជអាវុធហត្ថរាជធានី/ខេត្ត ក្រៅពីការងារស្នូល បង្ការ បង្ក្រាប សង្គ្រោះ ត្រូវចូលរួមរាល់កិច្ចការមនុស្សធម៌ទៅតាមលទ្ធភាព ដោយសហការជាមួយរដ្ឋបាលរាជធានី/ខេត្ត ដើម្បីរួមចំណែកគ្រប់ភាកិច្ចជួយដល់បងប្អូនប្រជាពលរដ្ឋ ជនងាយរងគ្រោះកំពុងជួបការខ្វះខាតនៅតាមមូលដ្ឋាន។

នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយបានការចូលរួមចំណែកពីសំណាក់ នាយទាហាន នាយទាហានរង ទាំងអស់ក្រោមការអំពាវនាវរបស់គណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានអញ្ជើញផ្តល់ ថវិកា៧.០០០.០០០ រៀល (ប្រាំពីរលានរៀល) , មី ចំនួន ១៨ កេសតូច , ឣង្ករ ចំនួន២០ បាវ , ទឹកសុទ្ធ ចំនួន ១០០យួរ ប្រគល់ជូនលោក សរ សុពុត្រា ប្រធានគណ:កម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ ដើម្បីយកទៅចែកជូននិវត្តជន ឣតីតយុទ្ធជន កុមារកំព្រា ជនពិការ ទុរគតជន នៅតាមមូលដ្ឋាន និងមណ្ឌលមួយចំនួនក្នុងខេត្តកំពង់ស្ពឺ។

ថ្លែងក្នុងឱកាសទទួលថវិកា នាពេលនោះ លោក សរ សុពុត្រា បានថ្លែងថា ជានិច្ចជាកាល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ពីមួយឆ្នាំទៅមួយឆ្នាំ បានចូលរួមសហការបេសកកម្មការងារ បង្ការ បង្ក្រាប សង្គ្រោះ ជាមួយរដ្ឋបាលខេត្តលើគ្រប់វិស័យ ក្នុងនោះក៏បានរួមចំណែកបន្ថែមរាល់ការអំពាវនាវលើកិច្ចការមនុស្សធម៌ ជាមួយគ្នានេះកម្លាំងនៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានឧបត្ថម្ភរួមចំណែកគ្រឿងឧបភោគបរិភោគ ជូនដល់មូលនិធិថ្ងៃនៃក្តីស្រឡាញ់ ក្រោមប្រធានបទ «រួមគ្នាដើម្បីស្នាមញញឹម» ដើម្បីយកទៅចែកជូននិវត្តជន ឣតីតយុទ្ធជន កុមារកំព្រា ជនពិការ ទុរគតជន នៅតាមមូលដ្ឋានថែមទៀត។

លោកបានបន្ថែមថា នេះជាទង្វើមនុស្សធម៌មិនអាចកាត់ថ្លៃបានក្នុងនាមជាកងកម្លាំង បានចូលរួមដ៏ធំធេងការងារការពារសន្តិសុខសុវត្តិភាព ជូនប្រជាពលរដ្ឋផង និងជួយទាំងភាពខ្វះខាតផង។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា តបតាមប្រសាសន៍ណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរៈភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កងកម្លាំងទោះមានភារៈកិច្ចស្នូល ការងារ បង្ការ បង្ក្រាប សង្គ្រោះ ក៏នៅមានកិច្ចការមនុស្សធម៌ គឺត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ហើយត្រូវមើលថែគ្នាក្នុងគ្រាក្រ ជាពិសេសសុខរបស់ប្រជាពលរដ្ឋទាំងអស់ដោយមិនទុកនរណាម្នាក់ចោលឡើយ៕