(ក្រចេះ)៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ដែលជាថ្ងៃទិវានៃក្តីស្រឡាញ់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំអ្នកព័ត៌មាន និងមន្ត្រីពាក់ព័ន្ធរៀបចំកម្មវិធីបោះជំរុំរយៈពេល ២ថ្ងៃ ក្រោមប្រធានបទ «យើងស្រេឡាញ់ព្រៃឡង់» នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ។

នេះគឺជាលើកទី៣ហេីយ ដែលក្រសួងបរិស្ថានបានរៀបចំកម្មវិធីនេះឡើង និងមានការអ្នកចូលរួមប្រមាណជាង ៣០០នាក់ មកពីគ្រប់មជ្ឈដ្ឋានរួមមានមន្ត្រីរាជការក្រសួងបរិស្ថាន និងមកពីក្រសួងស្ថាបនរដ្ឋផ្សេងទៀត អាជ្ញាធរខេត្ត អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ បណ្តាញសហគមន៍តំបន់ ព្រះសង្ឃ យុវជន ប្រជាសហគមន៍ និងអ្នកសារព័ត៌មាន។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យ នៃក្រសួងបរិស្ថាន បានថ្លែងថា កម្មវិធីបោះជំរុំក្រោមប្រធានបទ «យើងស្រឡាញ់ព្រៃឡង់» រៀបចំនៅថ្ងៃទី១៤ ខែកុម្ភៈ ដែលមនុស្សទូទៅបានដឹងថាជាថ្ងៃនៃក្តីស្រឡាញ់ គឺក្នុងគោលបំណងទី១៖ បង្ហាញក្តីស្រឡាញ់ចំពោះធនធានធម្មជាតិ ជីវៈចម្រុះ និងបរិស្ថាន នៅដែនជម្រកសត្វព្រៃព្រៃឡង់ ក៏ដូចជាតំបន់អភិរក្សផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា, ទី២៖ ផ្សព្វផ្សាយការយល់ដឹង និងចែករំលែកបទពិសោធក្នុងការគ្រប់គ្រងធនធានធម្មជាតិ, ទី៣៖ បំផុសគំនិត និងស្មារតីដល់ប្រជាជនជាពិសេសក្នុងស្រទាប់យុវវ័យឱ្យស្រឡាញ់ និងចូលរួមអភិរក្សធនធានធម្មជាតិ និងទី៤៖ បង្កើនការប្រាស្រ័យទាក់ទងរបស់ប្រជាជនគ្រប់មជ្ឈដ្ឋាន ដើម្បីរួមគ្នាការពារ អភិរក្សធនធានធម្មជាតិជីវៈចម្រុះ និងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា កម្មវិធីបោះជំរុំរយៈពេល ២ថ្ងៃនេះនៅទីស្នាក់ការគម្ពោតគយក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ខេត្តក្រចេះ នឹងមានធ្វើសកម្មភាពជាច្រើនក្នុងនោះមានការបង្ហាញពីវិធីសាស្ត្រនៃការចុះល្បាតព្រៃ ពិធីសាសនាបំបួសដើមឈើ ការជួបពិភាក្សាជាមួយនឹងសហគមន៍ ដើម្បីស្វែងយល់ពីជីវភាព និងការចូលរួមទទួលខុសត្រូវរបស់ពួកគាត់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ និងដំណើរទស្សនកិច្ចសិក្សាទៅកាន់ ចម្ការឈើដាំរបស់ក្រុមហ៊ុន «ស៊ីងបាយ អូថេក» ដែលនៅទីនោះអ្នកជំនាញរបស់ក្រុមហ៊ុននឹងធ្វើបទបង្ហាញពី ការបណ្តុះកូនឈើតាមបែបវិទ្យាសាស្រ្ត ដើម្បីផ្គត់ផ្គត់តម្រូវការកូនឈើដាំរាប់លានដើមក្នុងមួយឆ្នាំ និងទស្សនាចម្ការឈើដាំរាប់ពាន់ហិកតាដែលបានដាំរួច និងកំពុងលូតលាស់ដើម្បីបញ្ជ្រាបចំណេះដឹងផ្នែកឧស្សាហកម្មចម្ការឈើដាំដល់អ្នកចូលរួមបានយល់ដឹង។

សូមបញ្ជាក់ថា ដែនជម្រកសត្វព្រៃ «ព្រៃឡង់» ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងតាំងពីឆ្នាំ២០១៦ ហើយស្ថិតក្រោមការគ្រប់គ្រងអភិរក្សរបស់ក្រសួងបរិស្ថាន។ ព្រៃឡង់ មានផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា និងមានភូមិសាស្ត្រខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តក្រចេះ។ កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រកាសទទួលស្គាល់តំបន់ការពារធម្មជាតិ ចំនួន១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារ និងអភិរក្សធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃដ៏មានសារៈសំខាន់៕