(ភ្នំពេញ)៖ តំណាង​សហគមន៍​ និង​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​៥០ បានចេញសេចក្តីថ្លែងការណ៍រួមដោយ គាំទ្របញ្ឈប់ការ​ប្រើប្រាស់ សេវារថយន្តក្រុងកាពីតូល ហើយអំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមធ្វើពហិកាជាមួយខ្លួន។ នេះបើតាម សេចក្តីប្រកាសព័ត៌មានចេញពីអង្គការលីកាដូដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦នេះ​។

សេចក្តីថ្លែងការណ៍រួមរបស់អង្គ​ការសង្គមស៊ីវិលទាំងនេះ បានលើកឡើងថា «សូម​ប្រកាស​គាំ​ទ្រ​ពេញ​ទំហឹង​ចំពោះ​ការ​ធ្វើ​ពហិការ​ជា​បន្ត​បន្ទាប់​ចំពោះ​​ក្រុម​ហ៊ុន​កាពីតូល​ ខូ អិល.ធី.ឌី ដែល​គេ​ស្គាល់​ថា​កា​ពី​តូល​ទេសចរណ៍ និង​សូម​អំពាវ​នាវ​ដល់​សាធារណជន​ទូ​ទៅ​ចូល​រួម​ពហិកា​នេះ​ជា​មួយ​គ្នា​ដោយ​សារ​តែ​ក្រុម​ហ៊ុន​បាន​បណ្តេញ​ចេញ​និយោ​ជិត​របស់​ខ្លួន​ដោយ​ពុំ​ត្រឹម​ត្រូវ និង​បង្ក្រាប​លើ​ចល​នា​របស់​សហជីព។ ក្រុម​ហ៊ុន​ទេស​ចរណ៍​កាពីតូល​បាន​រំលោភ​យ៉ាង​បំពាន​ទៅ​លើ​សិទ្ធិ​ការងារ និង​សេរីភាព​មូល​ដ្ឋាន​របស់​និយោ​ជិត​ខ្លួន ហើយ​យើង​សូម​ថ្កោល​ទោស​ចំពោះ​ទង្វើ​របស់​ក្រុម​ហ៊ុន​នេះ»

ការសេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលទាំងនេះ បានធ្វើឡើងបន្ទាប់ពីអំពើហិង្សាមួយ នៅខាងមុខក្រុមហ៊ុនកាពីតូល កាលពីថ្ងៃ​ទី០៦ ខែកុម្ភៈ ឆ្នាំ២០១៦ រវាងសន្តិសុខ-ក្រុមអ្នករត់ម៉ូតូកង់បី ជាមួយនឹងអតីតអ្នកបើករថយន្តក្រុងកាពីតូលប្រមាណ ៤៥នាក់ ដែលទៅតវ៉ាទាមទារឱ្យថៅកែអនុញ្ញាតឱ្យខ្លួនចូលធ្វើការវិញ។ ហិង្សានេះ បានបណ្តាលឱ្យសមត្ថកិច្ចឃាត់ខ្លួន អ្នកតវ៉ា២នាក់ បញ្ជូនទៅតុលាការ។ ទោះជាយ៉ាងណាក្រុមតំណាងអង្គការសង្គមស៊ីវិល បានចាត់ទុកករណីនេះថា ជាការអនុវត្ត ចំណាត់ការលម្អៀតទៅខាងក្រុមហ៊ុនកាពីតូល។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍រួមរបស់តំណាងអង្គការសង្គមស៊ីវិល៖