(ភ្នំពេញ)៖ ដេប៉ាតឺម៉ង់ភាសាចិន នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានរៀបចំសិក្ខាសាលាមួយដោយមានការអញ្ជើញចូលរួមពីលោក ស៊ុន សេដ្ឋា សាកលវិទ្យាធិការរង សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោក សួយ សឺអ៊ីក នាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីណែនាំពន្យល់ពីការប្រលងភាសាចិន និងការបន្ដការសិក្សានៅប្រទេសចិន។

លោក ស៊ុន សេដ្ឋា បានថ្លែងថា ការរៀបចំកម្មវិធីនេះឡើងក្នុងគោលបំណងបញ្ជូននិស្សិតទៅបន្តការសិក្សានៅប្រទេសចិន ជាពិសេស សាកលវិទ្យាល័យជីវជាំង ដែលបានធ្វើកិច្ចសហការគ្នា ជារៀងរាល់ឆ្នាំនិងផ្ដល់អាហារូបករណ៍ដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ១០នាក់ទៅរៀនបន្ដ។ លោកបន្តថា នៅឆ្នាំ២០១៥ និស្សិតជំនាន់ទី១ មានចំនួន ៨នាក់ដែលបានបន្តការសិក្សានៅ សកលវិទ្យាល័យជីវជាំង ទទួលបានជោគជ័យ។ សកលវិទ្យាល័យជីវជាំង បានផ្ដល់អារូបករណ៍ របស់រដ្ឋាភិបាលខេត្តជាំងស៊ី និងអាហារូបករណ៍នៃសកលវិទ្យាល័យជីវជាំង ជូនដល់និស្សិតសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។ ហើយ និស្សិតដែលបានប្រលងជាប់កម្រិត HSK4 ហើយអាចចូលរៀន ជំនាញភាសាចិនជាមួយនិស្សិតចិនតែម្ដង។

លោក សួយ សឺអ៊ីក បានឲ្យដឹងថា វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រៀបដូចជាស្ពាន មួយខ្សែ ក្នុងការបង្កើតទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន។ នៅឆ្នាំ២០១៥ ខែឧសភា រាជរដ្ឋាភិបាល ខេត្តជាំងស៊ី នៃប្រទេសចិន ចូលរួមនៅក្នុងកិច្ចប្រជុំលើកកម្ពស់សក្ដានុពលសេដ្ឋកិច្ចក្នុងសតវត្សទី២១ បានយកការបន្ដពង្រឹងកិច្ចសហប្រតិបត្តិការរបស់សាកលវិទ្យាល័យជីវជាំង ក្នុងការបង្កើតវិទ្យស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាធ្វើជាគោលដៅសំខាន់ស្របទៅតាមគោលដៅនៃ «ការរីកចំរើនខ្សែ ក្រវ៉ាត់មួយផ្លូវមួយ» ជាឱកាសថ្មីសំរាប់និស្សិត កម្ពុជាបន្ដការសិក្សានៅប្រទេសចិន។ នៅឆ្នាំ២០១៦នេះ សាស្រ្តាចារ្យ និងនិស្សិតនៃគ្រឹះស្ថានទាំងពីរ នឹងមានការពិភាក្សាគ្នាដើម្បីធ្វើការពង្រីកបន្ថែមក្នុងការ ប្រឹក្សាយោបល់ផ្លាស់ប្ដូរគំរោងផ្សេងៗទៀត ក្នុងការសិក្សាភាសាចិន ព្រមទាំងស្នើសុំអារូបករណ៍ទៅ សិក្សានៅសាកលវិទ្យាល័យជីវជាំង៕