(​ស៊ី​រី​)៖ ក្រុម​ឧទ្ទាម ISIS បានបង្ហាញ​វីដេអូ​ថ្មី​មួយ ដោយ​បាន​កំណត់​យក​លោក Mark Zuckerberg សហ​ស្ថាបនិក និង​ជា​នាយក​ប្រតិបត្តិ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ព្រមទាំង​លោក Jack Dorsey ស្ថាបនិក​បណ្ដាញ​សង្គម Twitter ជា​គោលដៅ​វាយប្រហារ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Bloomberg និង Daily Mail ចេញផ្សាយ​នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ​។​

​នៅ​ក្នុង​វីដេអូ បានបង្ហាញ​រូបលោក Jack Dorsey និង Mark Zuckerberg ដែល​នៅ​លើ​ផ្ទៃមុខ​របស់​នាយក​ប្រតិបត្តិ​ទាំងពីរ​នេះ ពោរពេញ​ដោយ​ស្នាម​គ្រាប់កាំភ្លើង ដោយ​ក្នុង​នោះ ក្រុម ISIS បានបញ្ជាក់​ថា វា​ជា​ការសង​សឹង​ដល់​បណ្ដាញ​សង្គម​ទាំង​នេះ ដែល​ជួយ​ដល់​រដ្ឋាភិបាល​អាមេរិក ក្នុងការ​បិទ​គណនីរ​បស់​ពួកគេ ប៉ុន្តែ​នៅពេល​នេះ ពួកគេ​បាន​គណនី Facebook និង Twitter រាប់ពាន់​។​

​កាលពីដើម​ខែ​មករា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Barack Obama បាន​ស្នើ​ដល់​បណ្ដាញ​សង្គម Facebook និង Twitter ឲ្យចូល​រួម​ប្រយុទ្ធ​ប្រឆាំ​ង​នឹង​ក្រុម​ឧទ្ទាម ជាពិសេស​គឺ​ក្រុម ISIS៕​