(ភ្នំពេញ)៖ ក្នុងរយៈពេលតែជាងមួយឆ្នាំប៉ុណ្ណោះជំងឺកូវីដ១៩ បានបង្កអសិ្ថរភាពពិភពលោក ដោយបានធ្វើឱ្យមនុស្សជាង២,៣លាននាក់បាត់បង់ជីវិត និងមានមនុស្សជាង ១០៧លាននាក់បានឆ្លងជំងឺ។ ជំងឺរាតត្បាតនេះក៏បានបង្កបញ្ហាសេដ្ឋកិច្ច និងសង្គមដ៏រ៉ាំរ៉ៃនៅទូទាំងសាកលលោកទាំងមូល។ បើគិតឱ្យវិជ្ជមានទៅអ្នកវិទ្យាសាស្ត្រ បានបង្កើតវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងល្បឿនមួយលឿនដែលមិនធ្លាប់មានពីមុនមក។ ការពិតនេះជាហេតុផលមួយសម្រាប់ការសាទរ។

ទោះបីជាវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ឈានមុខគេ ដែលផលិតដោយក្រុមហ៊ុន ដូចជា AstraZeneca, Pfizer, Moderna និង SinoPharm កំពុងស្ថិតក្រោមដំណើរការផលិតក៏ដោយ ក៏ពួកគេនៅពុំមានចំនួនវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនទូទាំងពិភពលោកដែរ។ ការបរិច្ចាគវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ៦០ម៉ឺនដូស ពីចិនមកកម្ពុជា គឺជាជំហានដំបូងដ៏មានសារសំខាន់ និងគួរឱ្យសាទរក្នុងការប្រយុទ្ធនឹងជំងឺរាតត្បាតសាកលនេះ សម្រាប់កម្ពុជា។ វាជាការពិតដែលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលផលិតដោយ SinoPharm កំពុងរង់ចាំការអនុម័តឱ្យប្រើប្រាស់ពីអង្គការសុខភាពពិភពលោក ដូចគ្នានឹងវ៉ាក់សាំងផ្សេងទៀត ដែលផលិតដោយក្រុមហ៊ុន Moderna និង AstraZeneca។

ទោះជាយ៉ាងណាក៏ដោយ ថ្នាំទាំងនេះត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ជាសាធារណៈ នៅតាមបណ្តាប្រទេសលោកខាងលិចរួចមកហើយ។ វ៉ាក់សាំង ប្រឆាំងជំងឺកូវីដ១៩ ផលិតដោយ SinoPharm ត្រូវបានបង្ហាញថាមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយប្រទេសជាច្រើននៅលើពិភពលោកបានអនុម័តទទួលស្គាល់ឱ្យមានការប្រើប្រាស់វា។

ក្នុងនាមជាមហាអំណាច ប្រទេសចិន ប្រើការផ្គត់ផ្គង់វ៉ាក់សាំងរបស់ខ្លួនដើម្បីបង្កើនអំណាចទន់ (Soft Power) របស់ខ្លួនដូចដែលធ្លាប់បានធ្វើជាមួយនយោបាយការទូតម៉ាស របស់ខ្លួនដែលនេះជាសេចក្តីយោងមួយអំពីជំនួយវេជ្ជសាស្រ្តរបស់ចិនទៅដល់ប្រទេសនានាលើពិភពលោក ដើម្បីប្រយុទ្ធនឹងជំងឺរាតត្បាតកូវីដ១៩ កន្លងមក។ ការស្រាវជ្រាវរបស់ខ្ញុំបានបង្ហាញថា ជំនួយរបស់ចិនដល់កម្ពុជាបានរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃការប្រយុទ្ធ របស់រដ្ឋាភិបាលកម្ពុជា ប្រឆាំងនឹងជំងឺកូវីដ១៩នៅក្នុងប្រទេស។ ក្នុងនាមជាប្រទេសមួយដែលមានភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិន ប្រទេសកម្ពុជាស្ថិតក្នុងចំណោមប្រទេសដែលទទួលបានជំនួយវ៉ាក់សាំងដំបូងគេពីប្រទេសចិន។

ក្នុងគ្រាលំបាកនេះ លទ្ធភាពទទួលបានវ៉ាក់សាំងមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រទេសកម្ពុជា។ ប្រទេសអ្នកមានជាច្រើនបានធ្វើការបញ្ជាទិញជាមុននូវវ៉ាក់សាំង ដែលផលិតដោយ AstraZeneca, Pfizer និង Moderna។ ដូចនេះវាត្រូវការពេលវេលាយូរណាស់ ដើម្បីឱ្យវ៉ាក់សាំងទាំងនេះ អាចទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចជាប្រទេសកម្ពុជា។ ហើយនៅពេលនោះទៀតសោត តម្លៃវ៉ាក់សាំង នឹងមានតម្លៃខ្ពស់ បើប្រៀបធៀបនឹងវ៉ាក់សាំងដែលផលិតនៅប្រទេសចិន។

ចំណុចសំខាន់បំផុតដែលខ្ញុំចង់សង្កត់ធ្ងន់នៅទីនេះ គឺការធ្វើនយោបាយនីយកម្មដែលមិនមានភាពទទួលខុសត្រូវរបស់មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ទៅលើកម្មវិធីចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា។ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យុអាស៊ីសេរី បានដកស្រង់សម្តីមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលបានអះអាងថា «រដ្ឋាភិបាលកម្ពុជា មានចេតនានយោបាយយកពលរដ្ឋខ្លួន ធ្វើជាឧបករណ៍សាកល្បងវ៉ាក់សាំង ដើម្បីផ្គាប់ចិត្តចិន»។ ការអះអាងបែបនេះ គឺគ្មានមូលដ្ឋាន និងមិនសមហេតុផលទាល់តែសោះ។ ក្នុងនាមជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យអាមេរិក ខ្ញុំឱ្យតម្លៃទៅលើសេរីភាពនៃការបញ្ចេញមតិ។ ប៉ុន្តែសេរីភាពនៃការបញ្ចេញមតិ ត្រូវការការទទួលខុសត្រូវ និងផ្អែកលើការពិត។

លើកលែងតែអ្នកដែលព្យាយាមស្វែងរកផលប្រយោជន៍នយោបាយគ្រប់ពេលវេលា ពុំមាននរណាម្នាក់ រួមទាំងប្រជាជនរបស់ពួកគេផងដែរជឿថា រដ្ឋាភិបាលជាច្រើននៅលើពិភពលោក តាំងពីកម្ពុជាដល់តួកគី ពីអេហ្ស៊ីបដល់ឥណ្ឌូនេស៊ី និងពីហុងគ្រីដល់អេមីរ៉ាតអារ៉ាប់រួម នឹងយល់ព្រមប្រើប្រាស់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលផលិតដោយ SinoPharm ដើម្បីធ្វើបាបប្រជាជនរបស់ខ្លួន ក្នុងចេតនាផ្គាប់ចិត្តប្រទេសចិននោះឡើយ។

ពិភពលោកបានមើលឃើញសោកនាដកម្មដ៏ធ្ងន់ធ្ងររបស់អ្នកនយោបាយ ដែលបានធ្វើនយោបាយកម្មទៅលើបញ្ហាវិបត្តិកូវីដ១៩។ នៅសហរដ្ឋអាមេរិក អតីតប្រធានាធិបតី លោកដូណាល់ ត្រាំ បាននាំយកសហរដ្ឋអាមេរិក ចូលទៅក្នុងសម័យកាលដ៏ខ្មៅងងឹតបំផុត ដោយសារតែការធ្វើនយោបាយកម្មរបស់លោកលើវិធានការបង្ការជំងឺកូវីដ១៩។ លោកបាននិយាយថា ការពាក់ម៉ាស់ និងអនុវត្តគម្លាតសុវត្ថិភាព គឺជាផែនការរបស់គូប្រជែងនយោបាយរបស់លោក ដើម្បីដកហូតសេរីភាពពីប្រជាជនអាមេរិកប៉ុណ្ណោះ។ ការក្លែងបន្លំភស្តុតាងវិទ្យាសាស្ត្រសម្រាប់ការកេងចំណេញនយោបាយ បានធ្វើឱ្យសហរដ្ឋអាមេរិក បាត់បង់អាយុជីវិតប្រជាជនខ្លួនជាងកន្លះលាននាក់ និងខាតបង់ថវិកាប្រមាណរាប់រយពាន់លានដុល្លារអាមេរិក។

ការធ្វើឱ្យកម្មវិធីចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ក្លាយជារឿងនយោបាយ របស់អតីតគណបក្សសង្គ្រោះជាតិ ឆ្លុះបញ្ចាំងពីយុទ្ធសាស្រ្តស្អប់ខ្ពើម និងរើសអើងជនបរទេស។ អតីតគណបក្សនេះ បានព្យាយាមទាញយកប្រយោជន៍ពីការមិនពេញចិត្តរបស់ប្រជាជនកម្ពុជាមួយចំនួន ចំពោះការវិនិយោគរបស់ចិន ជាពិសេសនៅខេត្តព្រះសីហនុ ដែលបានបង្កជាបញ្ហាមួយចំនួន ដូចជាបញ្ហាឧក្រិដ្ឋកម្ម និងបញ្ហាសុវត្ថិភាពសាធារណៈ។ រដ្ឋាភិបាលកម្ពុជា បានដោះស្រាយបញ្ហាទាំងនេះ ជាមួយនឹងភាពជោគជ័យគួរឱ្យកត់សម្គាល់។ លើសពីនេះ ទោះបីមានបញ្ហាទាំងនេះក្តី ជំនួយរបស់ចិន និងការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បានបង្កើតជាមូលដ្ឋានគ្រឹះមួយសម្រាប់ឱ្យសេដ្ឋកិច្ចកម្ពុជា អាចពឹងផ្អែកលើខ្លួនឯងបាន និងមានកំណើនបែបចីរភាព។

យុទ្ធសាស្រ្តស្អប់ខ្ពើមបរទេសរបស់អតីតគណបក្សសង្គ្រោះជាតិជុំវិញវ៉ាក់សាំងប្រឆំាងនឹងជំងឺកូវីដ១៩ អាចមានផលវិបាកធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា។ ការចោទប្រកាន់មិនពិតប្រាកដ និងមិនមានភាពទទួលខុសត្រូវ អំពីគ្រោះថ្នាក់ដែលអាចកើតមាននៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន SinoPharm អាចធ្វើឱ្យប៉ះពាល់ដល់កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។ វាអាចធ្វើឱ្យប្រជាជនមានភាពស្ទាក់ស្ទើរ ក្នុងការទទួលយកការចាក់វ៉ាក់សាំង។ ប្រសិនបើមានប្រជាជនច្រើនគួរសមបដិសេធមិនទទួលការចាក់វ៉ាក់សាំងនេះ នោះគោលដៅនៃការបង្កើតប្រព័ន្ធភាពស៊ាំក្នុងសហគមន៍នឹងបរាជ័យ។ ហើយប្រសិនបើរឿងនោះកើតឡើង ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលតាមពិតទៅ អាចបានចៀសវាងបានតាមរយៈកម្មវិធីចាក់វ៉ាក់សាំង បែរជាត្រូវរាតត្បាតកាន់តែខ្លាំងឡើង ហើយការខាតបង់លើសង្គមកម្ពុជាក៏អាចនឹងកាន់តែធ្ងន់ធ្ងរ។

ដោយ៖ បណ្ឌិត អ៊ុន ឃាង គឺជាសាស្រ្តាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យ Northern Illinois សហរដ្ឋអាមេរិក និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា។

** អត្ថបទទស្សនៈអ្នកនិពន្ធនេះត្រូវបានបោះពុម្ពផ្សាយដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។
ខ្លឹមសារនៃអត្ថបទនេះគឺជាគំនិតរបស់អ្នកនិពន្ធផ្ទាល់ និងមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា៕