(បាត់ដំបង)៖ ប្រជាពលរដ្ឋ៣២គ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ក្នុងឃុំបាសាក់ ស្រុករុក្ខគីរី បានទទួលអំណោយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ដឹកនាំដោយលោក កង ប៊ន អនុប្រធាអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងសហការីមួយចំនួនផងដែរ។

លោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាខេត្ត បានចាត់តំណាងក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តដឹកនាំដោយលោក កង ប៊ន និងលោក សួស សុភក្ភ្រ ហិរញ្ញឹកគណៈកម្មាធិការសាខា និងសហការី ដោយមានការចូលរួមពីគណៈកម្មាធិការសាខាអនុសាខាបានចុះសួរសុខទុក្ខ និងសំណេះសំណាល ព្រមទាំងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តផ្តល់ ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ ក្នុងនោះធ្ងន់ធ្ងរ៦គ្រួសារ មធ្យមចំនួន១០គ្រួសារ ប៉ះពាល់លើភូមិចំនួន២ គឺភូមិបុស្សចំនួន ២៤ខ្នង ភូមិកែវមុន្នីចំនួន ៩ខ្នង នៃឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្នុងនាមលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខា, លោក កង ប៊ន បានផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូបមិនប្រកាន់ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

កាកបាទក្រហមកម្ពុជាខេត្ត បានចូលរួមសោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរួមមាន៖ រលំផ្ទះ និងរបើកដំបូលនាពេលនេះ និងបានផ្តាំផ្ញើសូមឲ្យមានការប្រុងប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែងមានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ ពិសេសចូលរួមគោរពចរាចរណ៍ផ្លូវគោក និងថែររក្សាសុខភាពអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសផុតពីជំងឺកូវីដ-១៩ ទាំងអស់គ្នា។

លោក កង ប៊ន បានជំរុញឲ្យអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន អំពីការធ្វើអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ និងបើមានចេញទៅ ក្រៅផ្ទះ ត្រូវពាក់ម៉ាស់ឲ្យបានជាប់ជានិច្ច និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ថ្វីត្បិតអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារតែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយក ចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដូចទិសស្លោក «ខ្ញុំ ️កាកបាទក្រហមកម្ពុជា-មិនទុកនរណាម្នាក់ចោលឡើយ»។

សម្ភារត្រូវផ្តល់ជូនគ្រួសារក្នុង០១គ្រួសារៗ ទទួលអំណោយបានរួមមាន៖ អង្ករ២៥ គីឡូក្រាម,មី ១កេស,ភួយ ១ ក្រមា១ អាវយឺត១, ទឹកសុទ្ធវីឃែរ ១កែស, ទឹកត្រី និងស៊ីអ៊ីវ ១យួរ, ថវិកាមួយចំនួនផងដែរដោយគ្រួសាររង
គ្រោះស្រាលចំនួន១៦គ្រួសារ នឹងទទួលបានការឆ្លើយតបពីអនុសាខាស្រុក និងក្រុមការងារចុះជួយមូលដ្ឋានឃុំបាសាក់នាពេលខាងមុខជាបន្តបន្ទាប់ផងដែរ៕