(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះ មាន​ករណីគ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើងចំនួន១២លើក ក្នុងនោះយប់៥លើក បណ្តាលឲ្យ​មនុស្ស​ស្លាប់៦នាក់ ​(ស្រី២នាក់) រងរបួសធ្ងន់២១នាក់ ​(ស្រី៤នាក់) និងរបួសស្រាល៥នាក់ (ស្រី១នាក់) នេះបើតាមការចុះផ្សាយរបស់គេហទំព័រ អគ្គស្នងការនគរបាលជាតិ ។

នៅក្នុង​ហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ទាំង១២លើក​នេះ បណ្តាលឲ្យខូចខាតយានយន្តសរុបចំនួន២១គ្រឿង រួមមានម៉ូតូ​ចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៨គ្រឿង និងអ្នកថ្មើរជើង១នាក់ ហើយមូល​ហេតុដែល​បណ្តាល ឲ្យ​កើតមានករណីគ្រោះថ្នាក់ ចរាចរណ៍ ​រួមមានល្មើសល្បឿន៤លើក, ស្រវឹង២លើក, មិនគោរពសិទ្ធិ២លើក និងបត់គ្រោះថ្នាក់៤លើក។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេលគ្រោះថ្នាក់​ចរាចរណ៍១៩នាក់ ​(​យប់១៤នាក់)។

នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ម្សិលមិញនេះផងដែរ​ សមត្ថកិច្ចនគរបាលចរាចរណ៍ ធ្វើការពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រកឃើញថា យាន​យន្តដែលល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន៧៩៤៧គ្រឿង ក្នុងនោះបានធ្វើ​ការអប់រំ​ចំនួន៣៥៥២គ្រឿង ​ពិន័យ​សរុប៤៤០៥គ្រឿង និងអប់រំអ្នកមិនពាក់មួកសុវត្ថិភាព១៩៨១នាក់៕