(ភ្នំពេញ)៖ លោក ពុត ចន្ដារិទ្ធ អគ្គលេខាធិការនៃសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា (CCMA) បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០២០ ក្នុងវិបត្តិជំងឺកូវីដ១៩ កម្ពុជាផលិតស៊ីម៉ងតិ៍បានជាង៨លានតោន កើនឡើង៧ភាគរយ ខណៈតម្លៃមានការកើនឡើងធម្មតាវិញ បន្ទាប់ពីតម្លៃបានធ្លាក់ចុះ នៅឆ្នាំ២០១៩កន្លងទៅ។

តាមការបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News លោក ពុត ចន្ដារិទ្ធ បានថ្លែងយ៉ាងដូច្នេះថា «បរិមាណដែលកម្ពុជាផលិតស៊ីម៉ងតិ៍បានជាង ៨លានតោននេះ គឺមិនមានការនាំចេញទៅក្រៅនោះទេ ហើយតម្លៃក្នុងឆ្នាំ២០១៩ មកទល់ដើមឆ្នាំ២០២០ មានការធ្លាក់ចុះ ទើបតែក្នុងឆមាសទី២ ឆ្នាំ២០២០ តម្លៃបានឡើងធម្មតាវិញ ដូចមុនសភាពការកូវីដ១៩»

លោកបញ្ជាក់ថា ទន្ទឹមនឹងមិនមានការនាំចេញ ក្នុងនោះយើងបានជួបជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយបានស្នើសុំឲ្យក្រសួងមានវិធានពិនិត្យ ក្នុងការមិនឲ្យមានការនាំចូលស៊ីម៉ង់តិ៍ និងការទប់ស្កាត់ស៊ីម៉ង់តិ៍ដែលគេចពន្ធផងដែរ។

លោកបន្ដថា «ក្រុមហ៊ុនស៊ីម៉ង់តិ៍យើង គឺបានបង់សួយសាររ៉ែគ្រប់ប្រភេទដែលជាវត្ថុធាតុដើម ព្រមទាំងមូលនិធិបរិស្ថាន និងមូលនិធិសង្គមតាមមូលដ្ឋានផងដែរ»

លោកបញ្ជាក់ឲ្យដឹងទៀតថា នៅដើមឆ្នាំ២០២០ ការបញ្ជាទិញមានការធ្លាក់ចុះ២០ភាគរយ ដោយសារកូវីដ១៩ តែដោយឡែកនៅឆមាសទី២ នៃឆ្នាំ២០២០ មកដល់ពេលនេះ មានកំណើន៧ភាគរយឡើងវិញ។

លោកបន្ថែមថា កម្ពុជាមានក្រុមហ៊ុនផលិតស៊ីម៉ងតិ៍ចំនួន ៥ក្រុមហ៊ុន ដែលបានដំណើរការផលិតសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលក្នុងនោះមានសំណង់ធំៗ និងសំណង់តូច-មធ្យមផងដែរ។

លោកបន្ថែមទៀតថា ការផ្គត់ផ្គង់ស៊ីម៉ងតិ៍នៅក្នុងស្ថានភាពជំងឺកូវីដ១៩នេះ ឃើញថាមានការថមថយបន្តិច ទៅលើតម្រូវការសំណង់ធំៗ ដែលជាគម្រោងរបសបរទេស ដោយមានការផ្អាកខ្លះៗ ប៉ុន្ដែសម្រាប់សំណង់តូច-មធ្យមវិញ ឃើញថាមានតម្រូវជាធម្មតា ដូចជាការវិនិយោគជាគម្រោងបុរី គម្រោងលំនៅឋានផ្ទះវីឡារបស់វិនិយោគក្នុងស្រុកវិញ មិនបានផ្អាកដំណើរការនោះទេ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ថា «ក្នុងខេត្តព្រះសីហនុ ជុំវិញវិបត្តិជំងឺកូវីដ១៩ នៅក្នុងឆ្នាំ២០២០ មានផលប៉ះពាល់ខ្លាំងមែនទែន ជាពិសេសភាគច្រើនប៉ះពាល់ជាមួយនឹងអ្នកវិនិយោគបរទេស ដែលភាគច្រើនជាជនជាតិចិន។ មានសំណង់ដែលវិនិយោគដោយបរទេសជាង១ពាន់កន្លែង បានផ្អាកដំណើរការ ខណៈសំណង់មានម្ចាស់ជាខ្មែរជិត៩០កន្លែង កំពុងដំណើរការជាធម្មតា»

លោក ឃាង ភារម្យ បញ្ជាក់ទៀតថា ក្នុងបរិបទជំងឺកូវីដ១៩ វាជាវិបត្តិសកល គឺមិនមែនមានតែកម្ពុជានោះទេ ហើយវិបត្តិនេះ បានជះឥទ្ធិពលច្រើនលើគ្រប់វិស័យ។ ជាក់ស្ដែងដូចជាវិស័យសំណង់ ក្នុងខេត្តព្រះសីហនុវិញ ឃើញថាក្នុងឆ្នាំ២០២០ សកម្មភាពនៃការសាងសង់ គឺមានការថយចុះ ដោយសំណង់ដែលបានសាងសង់ទាំងអស់ មានចំនួន ១,៥១៤ទីតាំង ដោយឡែងក្នុងនោះមានសំណង់តែ៨៩ទីតាំងប៉ុណ្ណោះកំពុងដំណើរការសាងសង់ ហើយក្រៅពីនេះ គឺមានការផ្អាក់ការសាងសង់ផងដែរ៕