(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបង្ហាញនូវការរំពឹងថា ការសាងសង់ព្រលានយន្តហោះនៅខេត្តមណ្ឌលគិរី អាចនឹងចាប់ផ្ដើមសាងសង់នាឆ្នាំ២០២២។

នេះជាការលើងឡើងរបស់លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកពាក្យអាកាសចរណ៍ស៊ីវិល ក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទស្សន៍ Fresh News ។

លោក ស៊ិន ចាន់សិរីវុត្ថា បានបញ្ជាក់យ៉ាងដូច្នេះថា «យើងមានទិសដៅប្រាកដប្រជា ដោយមានស្ម័គ្រចិត្ដ និងគាំទ្រ ពីរាជរដ្ឋាភិបាល គឺការអភិវឌ្ឍអាកាសយានដ្ឋានថ្មីមួយ នៅខេត្តមណ្ឌលគិរី [...] ដំណើរការនេះ អត់មានការប៉ះពាល់ទេ (កូវីដ-១៩) យើងកំពុងតែអនុវត្ដដំណើរការ»

លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី មិនមានអ្វីប៉ះពាល់ឡើង ចំពោះបញ្ហាកូវីដ-១៩ ខណៈដែលបច្ចុប្បន្ន កំពុងតែអនុវត្តដំណើរការ និងអនុវត្តនិតិវិធីដំណើររៀបចំ លើកិច្ចការអភិវឌ្ឍន៍ លើអាកាសយានដ្ឋាននេះ។

អ្នកនាំពាក្យអាកាសចរស៊ីវិល បានគូសបញ្ជាក់ថា បើគិតពេលឥឡូវនេះទៅការសិក្សានៃការអភិវឌ្ឍ អាកាសយានដ្ឋាន នៅក្នុងខេត្តមណ្ឌលគិរីនេះ អាចនឹងបញ្ចប់ការសិក្សា នៅដើមខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីដាក់ការសិក្សាជូនរាជរដ្ឋាភិបាលធ្វើការសម្រេច។

បន្ថែមពីនោះទៀត លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា ក្នុងគម្រោងនេះ បានជ្រើសរើសអ្នកវិនិយោគរួចហើយ និងបានផ្ដល់សិទ្ធិទៅឲ្យក្រុមហ៊ុន China Power ដែលជាអ្នកមានសិទ្ធិ ទទួលការសាងសង់ គម្រោងអភិវឌ្ឍអាកាសយានដ្ឋាន នៅខេត្តមណ្ឌលគិរី។

លោក ស៊ិន ចាន់សិរីវុត្ថា បានថ្លែងថា «អ្វីដែលយើងធ្វើឥលូវនេះ គឺអនុម័តការសិក្សា និងកាតព្វកិច្ច រវាងភាគីទាំងពីរ (រដ្ឋ-ឯកជន) តើធ្វើអ្វីខ្លះ? ដើម្បីឈានទៅរក ដល់កិច្ចព្រមព្រៀងសម្បទានមួយ»

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្ដទៀតថា នៅពេលដែលភាគីទាំងពីរធ្វើការសិក្សាចប់ ត្រូវយកព័ត៌មានទាំងអស់នោះ មកពិភាក្សា និងចរចាគ្នា បន្ទាប់មកយកព័ត៌មាន និងកិច្ចព្រមព្រៀងទាំងអស់នោះ ដាក់ក្នុងកិច្ចព្រមព្រៀងសម្បទាន ដែលត្រូវការពេលប្រហែលជាជិត១ឆ្នាំទៀត ទើបអាចចាប់ផ្ដើមបាន។

គូសបញ្ជាក់ថា ព្រលានយន្ដហោះថ្មី នៅខេត្តមណ្ឌលគិរី អាចនឹងត្រូវសាងសង់ លើផ្ទៃដី៣០០ហិកតា ហើយតាមការប៉ាន់ស្ថាន អាចនឹងវិនិយោគប្រមាណ ជាង៨០លានដុល្លារ។ នេះបើយោងតាម លោក ស៊ិន ចាន់សិរីវុត្ថា ធ្លាប់បង្ហើបប្រាប់បណ្ដាញព័ត៌មាន Fresh News នាពេលកន្លងមក។

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានធ្លាប់ប្រាប់ឲ្យដឹងផងដែរថា ខេត្តបានត្រៀមដីរបស់រដ្ឋរួចរាល់ ប្រមាណ៦០០ហិកតា នៅពេលរាជរដ្ឋាភិបាលត្រូវការ ក្នុងការសងសាង់ព្រលានយន្ដហោះថ្មី ហើយទីតាំងគម្រោងនេះ មានចម្ងាយប្រហែល២០គីឡូម៉ែត្រ ពីទីក្រុងសែនមនោរម្យ៕