(ភ្នំពេញ)៖ សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា ហៅកាត់ថា EuroCham Cambodia បានប្រកាសបើកការប្រកួតពានរង្វាន់ ទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន រាល់២ឆ្នាំម្តង ក្រោមឈ្មោះថា កម្មវិធីប្រកួត និងពានរង្វាន់ទំនួលខុសត្រូវសង្គម «CSR» ប្រចាំឆ្នាំ២០២១។

ក្នុងនាម ជាកម្មវិធីប្រកួតប្រជែង ដែលឈានមុខគេប្រចាំប្រទេស កម្មវិធីប្រកួតទំនួលខុសត្រូវសង្គម CSR របស់សភាពាណិជ្ជកម្មអឺរ៉ុប មានភាពល្បីល្បាញ ដែលមានរួមបញ្ចូលម៉ាកល្បីៗ និងក្រុមហ៊ុនធំៗ ដែលត្រូវបានគេទទួលស្គាល់ទូទាំងប្រទេសរួមមាន ទាំងធុរកិច្ចចម្រុះជាច្រើនប្រភេទផងដែរ។

អ្វីដែលជាការអភិវឌ្ឍថ្មី និងគួរឲ្យចាប់អារម្មណ៍សម្រាប់ឆ្នាំនេះ គឺកម្មវិធីប្រកួតប្រជែង បានទទួលគ្រប់ធុរកិច្ចកម្ពុជា និងធុរកិច្ចបរទេសណា ដែលសមស្របនឹងលក្ខខណ្ឌ ជាក់លាក់របស់កម្មវិធី (លក្ខខណ្ឌរួមមានធុរកិច្ច ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា និងមានការប្តេជ្ញាចិត្តយ៉ាងមុះមុត ចំពោះកម្មវិធីទំនួលខុសត្រូវសង្គម)។

ខណៈពេលដែលជាធម្មតា ការផ្សព្វផ្សាយទំនួលខុសត្រូវសង្គម ត្រូវបានចាត់ទុកថា សម្រាប់តែសហគ្រាសធុនធំៗ ការលូតលាស់របស់សហគ្រាសធុនតូច និងមធ្យម បានជួយឲ្យក្រុមហ៊ុនតូចៗ បង្កើនការប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរវិជ្ជមាន សំរាប់សង្គម និងបរិស្ថាន។

ហេតុដូច្នេះហើយ ទើបសភាពាណិជ្ជកម្មអឺរ៉ុប លើកទឹកចិត្តសហគ្រាសធុនតូច និងមធ្យម ឲ្យចូលរួមក្នុងកម្មវិធីនេះ ដែលពួកគេ នឹងធ្វើការប្រកួតប្រជែង ក្នុងជំពូក សម្រាប់តែសហគ្រាសធុនតូច និងមធ្យម តែប៉ុណ្ណោះ ដែលខុសពីការប្រកួតរៀបចំ សម្រាប់សហគ្រាសធំៗ។

ការអភិវឌ្ឍថ្មីមួយទៀត ដែលធ្វើឲ្យកម្មវិធីប្រកួតប្រជែងពានរង្វាន់ EuroCham CSR ឆ្នាំ២០២១ កាន់តែមានភាពទាក់ទាញនោះ គឺការបន្ថែមជំពូកសំរាប់ ការប្រកួតប្រភេទធំទី២ ដែលមានឈ្មោះថា «ការចូលរួមរបស់យុវជន (Youth engagement)»

តាមរយៈគំនិតផ្តួចផ្តើមនេះ សភាពាណិជ្ជកម្មអឺរ៉ុប កំពុងជួយជំរុញអ្នកច្នៃប្រឌិត ជំនាន់ក្រោយតាមរយៈការបង្កើតទំនាក់ទំនង ជាមួយអ្នកដឹកនាំ តាមវិស័យនាពេលបច្ចុប្បន្ន។

ខណៈពេលដែលកម្មវិធីប្រកួតប្រជែង សរុបមាន១៤រង្វាន់ លើពីរជំពូកសំខាន់ៗ ក្នុងនោះជំពូកសំរាប់ក្រុមហ៊ុន ចែកជា៤ អនុជំពូក និង១២រង្វាន់។ ហើយការប្រកួតប្រជែងប្រភេទថ្មី សំរាប់ជំពូកយុវជន នឹងមាន១ជំពូក ជាមួយនឹង២រង្វាន់។

ក្រុមហ៊ុនដែលបានចុះឈ្មោះ នៅក្នុងប្រទេសកម្ពុជា សមាគមយុវជន ឬឯកត្តបុគ្គល ដែលមានអាយុតិចជាង២៥ឆ្នាំ និងមានវត្តមាននៅប្រទេសកម្ពុជា ដែលចង់បាន ការទទួលស្គាល់ សម្រាប់ការងារទំនួលខុសត្រូវសង្គម ឬការចូលរួមជាមួយសហគមន៍ នឹងត្រូវបានស្វាគមន៍ឲ្យដាក់ពាក្យ មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។

កម្មវិធីនេះ ផ្តល់ជូននូវឱកាសពិសេស សម្រាប់វិស័យឯកជន នៅក្នុងប្រទេសកម្ពុជា ក្នុងការបង្ហាញពីការខិតខំ ប្រឹងប្រែង និងដំណោះស្រាយទំនួលខុសត្រូវសង្គម ដើម្បីក្លាយជាផ្នែកមួយនៃវេទិកា ដែលជំរុញឲ្យមានការច្នៃប្រឌិត និងជួយអាជីវកម្មក្នុងការកសាងជំហ៊រ និងជំនះឧបសគ្គ។

បេក្ខជនដែលត្រូវបានជ្រើសរើស ក្នុងបញ្ជីសម្រាំង (shortlisted) ទាំងអស់នឹងមានឱកាសជួបភាគីពាក់ព័ន្ធសំខាន់ៗ ក៏ដូចជាចូលរួមក្នុងសិក្ខាសាលាផងដែរ។

គូសបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានបើកទូលាយ សម្រាប់អាជីវកម្មនៅកម្ពុជា និងក្រុមហ៊ុនទាំងឡាយ ដែលបានប្តេជ្ញាចិត្ត ក្នុងកម្មវិធីទំនួលខុសត្រូវសង្គម ហើយមិនបានការតម្រូវ ឲ្យចុះឈ្មោះតាមរយៈ សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) នោះទេ។

កម្មវិធីនេះ នឹងត្រូវបានចូលរួម ជាអធិបតីភាពលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងលោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា។

គណៈវិនិច្ឆ័យផ្សេងទៀត រួមមាន អ្នកជំនាញជាន់ខ្ពស់ និងជាតំណាងមកពីអង្គការអន្តរជាតិ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការធុរកិច្ចបៃតង របស់សភាពាណិជ្ជកម្មអឺរ៉ុប អ្នកជំនាញមកពីវិស័យអប់រំ និងវិស័យឯកជននានា។

ការចុះឈ្មោះចូលរួមប្រកួត នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។ ក្រៅពីការស្វែងរកបេក្ខភាព សភាពាណិជ្ជកម្មអឺរ៉ុប នៅកម្ពុជា ក៏កំពុងស្វែងរកដៃគូ អ្នកដាក់ពិន្ទ និងជំនួយការបច្ចេកទេសក្នុងផ្នែកផ្សេងៗផងដែរ៕