(តាកែវ)៖ លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្ត បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក៏ដូចជា ផ្នែកឯកជន សង្គមស៊ីវិលទាំងអស់ ត្រូវរួមគ្នាជាធ្លុងមួយធ្វើយ៉ាងណាដើម្បីធ្វើការទប់ស្កាត់អំពើហិង្សា និងការរំលោភបំពានគ្រប់រូបភាពទៅលើកុមារ។

ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមបើកកិច្ចប្រជុំបូកសរុបលទ្ធផលការបារប្រចាំឆ្នាំ២០២០ និងទិសដៅបន្តរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារខេត្តតាកែវ នាព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកអភិបាលរងខេត្តតាកែវ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែយកចិត្តទុក់ដាក់ និងធ្វើកិច្ចការជាច្រើនដើម្បីឲ្យស្ថានភាពកុមារ នៅក្នុងប្រទេសកម្ពុជា កាន់តែមានលក្ខណៈមួយល្អប្រសើរសុវត្ថិភាព និងការយកចិត្តទុកដាក់មើលថែទាំបានខ្ពស់ ពិសេសបានផ្ដល់ឱកាស និងលើកទឹកចិត្តដល់កុមារទទួលបានការអប់រំ និងបណ្ដុះបណ្ដាលដើម្បីក្លាយជាសសរទ្រូង ដ៏រឹងមាំសម្រាប់ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃអនាគត។

ក៏ប៉ុន្តែបើទោះបីជារាជរដ្ឋាភិបាលបានប្រឹងប្រែងទទួលបានជោគជ័យយ៉ាងណាក៏ដោយ ក៏កុមារយើងមួយខ្លះនៅតែប្រឈមមុខបញ្ហាមួយចំនួន។

អភិបាលរងខេត្ត ម៉ឹង វុធី បានបន្ថែមទៀតថា ប៉ុន្តែទន្ទឹមនឹងការទទួលបាននូវសិទ្ធិរបស់កុមាររបស់យើង កុមារមួយចំនួនទៀតនៅតែបន្តរងនូវឥទ្ធិពល នៃការប្រើប្រាស់គ្រឿងញៀនការជួញដូ ការរំលោភបំពាន ការប្រើអំពើហិង្សា និងការចូលរួមរបស់កុមារនៅមានកម្រឹតនៅឡើយ។

ស្ថានភាពនេះបានធ្វើឲ្យកុមារទទួលរងផលប៉ះពាល់មួយចំនួន ដូច្នោះគម្បីយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធទាំងវិស័យរដ្ឋ និងផ្នែកឯកជន សង្គមស៊ីវិល លើកយកបញ្ហាកុមារគឺជាបញ្ហារបស់យើងទាំងអស់គ្នា មិនមែនពឹងផ្អែកតែលើរាជរដ្ឋាភិបាលឬអាជ្ញាធរតែម្នាក់នោះទេ។

បើតាមលោកអភិបាលរងខេត្ត ការយកចិត្តទុកដាក់ មើលថែទាំកុមារ និងការលើកកម្ពស់គ្រប់សកម្មភាពរបស់កុមារទាំងនៅក្នុងសង្គម និងគ្រួសារ វាពិតមានសារសំខាន់ ព្រោះវានឹងអាចជម្រុញដល់កុមារប្រែក្លាយជាមនុស្ស ដែលមានលក្ខណៈល្អប្រសើរ មានសីលធម៌ល្អ ហើយទទួលបាននូវការអប់រំខ្ពស់ នឹងក្លាយជាធនធានមនុស្សដ៏ចំាបាច់សម្រាប់សង្គមជាតិទៅថ្ងៃអនាគត៕