(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានជួបសំណេះសំណាលជាមួយកវីនិពន្ធ និងអ្នកនិពន្ធខ្មែរ នៅការិយាល័យសមាគមអ្នកនិពន្ធខ្មែរ ដែលស្ថិតនៅក្នុងវត្តបទុមវតី រាជធានីភ្នំពេញ។

ការជួបសំណេះសំណាលនេះ គឺក្នុងគោលបំណង ដើម្បីនាំយកថវិកាមួយចំនួនឧបត្ថម្ភដល់សមាគមអ្នកនិពន្ធខ្មែរ សម្រាប់ចាត់ចែងក្នុងការរៀបចំដំណើរការ កម្មវិធីមហោស្រពពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១ ក្រោមប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ» ដែលនឹងប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងជំនួបសំណេះសំណាលនោះ លោក កៅ ថាច បានថ្លែងនូវការកោតសរសើរ និងគាំទ្រចំពោះសមាគមអ្នកនិព្ធខ្មែរ ដែលបានខិតខំប្រឹងប្រែងលើការងារសិក្សាស្រាវជ្រាវ ការចងក្រងបោះពុម្ពស្នាដៃនិពន្ធ ការរៀបចំប្រឡងស្នាដៃនិពន្ធ ការបណ្តុះបណ្តាលកវីនិពន្ធ-អ្នកនិពន្ធខ្មែរ ក្នុងគោលដៅជួយលើកតម្កើងនូវវប្បធម៌ជាតិ លើកកម្ពស់ស្នាដៃអ្នកនិពន្ធខ្មែរ ដែលជាការជួយដល់វិស័យអប់រំជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា និងលើកទឹកចិត្តសមាគមអ្នកនិពន្ធខ្មែរ បន្តការងាររបស់ខ្លួនទៅមុខ បើទោះបីជួបការលំបាកផ្នែកហិរញ្ញវត្ថុខ្លះៗក្តី។

ក្នុងគោលបំណងជុំការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា លើកកម្ពស់ជីវភាពប្រជាកសិករ លោក កៅ ថាច បានស្នើដល់សមាគមអ្នកនិពន្ធខ្មែរ ធ្វើការសិក្សាស្រាវជ្រាវ ដើម្បីបង្កើតស្នាដៃថ្មីៗឱ្យបានច្រើន ដោយតែងនិពន្ធរឿងនិទានបែបអប់រំ ឬរឿងកំប្លែងខ្លឺៗ ដោយធ្វើការបញ្ជ្រៀបចូលក្នុងសាច់រឿង នូវផ្នែកដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ដូចជាបច្ចេកទេសដាំដុះ-ចិញ្ចឹម កែច្នៃ និងការប្រមូលផល តាមបែបកសិកម្មទំនើប និងបញ្ជ្រៀតចូលនូវតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សម្រាប់ធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋតាមរយៈប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជាយូធូបជាដើម។

លោក កៅ ថាច ក៏បានទទួលយកនូវសំណើរបស់សមាគមអ្នកនិពន្ធខ្មែរ ដែលបានស្នើសុំឱ្យបុគ្គលិកជំនាញរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ទៅធ្វើបទបង្ហាញអំពីបច្ចេកទេសផ្នែកកសិកម្ម ធនាគារ ឬសេដ្ឋកិច្ចជាដើម ជូនដល់សិស្ស-និស្សិត ដែលកំពុងសិក្សានៅសមាគមអ្នកនិពន្ធខ្មែរ ដើម្បីទទួលបាននូវចំណេះដឹងទូលំទូលាយ ក្នុងការតែងនិពន្ធរឿងផ្សេងៗបានល្អស្របតាមតថភាពពិតជាក់ស្តែង ដែលនឹងទទួលបាននូវស្នាដៃឆ្នើម។

សមាគមអ្នកនិពន្ធខ្មែរ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក កៅ ថាច និងសហការី ដែលបានជួយឧបត្ថម្ភថវិកា ដល់សមាគមសម្រាប់ចាត់ចែង ក្នុងការរៀបចំដំណើរការកម្មវិធីមហោស្រព ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១នាពេលខាងមុខនេះ។ ជាមួយគ្នានេះដែរ សមាគមអ្នកនិពន្ធខ្មែរ ក៏បានអញ្ជើញលោក កៅ ថាច ឬតំណាងទៅចូលរួមក្នុងកម្មវិធីមហោស្រពពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១១នេះផងដែរ៕