(ភ្នំពេញ)៖ ដូចដែលយើងបានដឹងទាំងអស់គ្នាហើយថា ប្រទេសចិនបានក្លាយជាប្រទេសរងគ្រោះមុនគេនៃជំងឺ Covid-19 ហើយជាប្រទេសដែលបានខិតខំ ក្នុងការទប់ស្កាត់ និងចែករំលែកព័ត៌មាននានាប្រកបដោយតម្លាភាព ស្របតាមនិយាមវេជ្ជសាស្ត្រ ទៅកាន់អង្គការសុខភាពពិភពលោក និងបណ្តាប្រទេសនានានៅទូទាំងពិភពលោក។

ប្រែក្លាយពីប្រទេសរងគ្រោះ ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ តាមរយៈការផ្តល់ប្រឹក្សាផ្នែកវេជ្ជសាស្រ្ត ការផ្តល់ជំនួយបរិក្ខាវេជ្ជសាស្ត្រ និងការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត អ្នកជំនាញកម្ចាត់មេរោគ Covid-19 ជាដើម ហើយនៅក្នុងដើមឆ្នាំ២០២១ មុនការមកដល់នៃការទទួលអំណរឆ្នាំថ្មី ឆ្នាំឆ្លូវ ប្រពៃណីជនជាតិចិន មិត្តភក្តិជាច្រើនរបស់ចិននិយាយរួម ប្រទេសកម្ពុជានិយាយដោយឡែកបានទទួលនូវអំណោយដ៏វិសេសវិសាល នោះគឺវ៉ាក់សាំងរបស់ប្រទេសចិនប្រឆាំងនឹង Covid-19។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ថ្លែងនៅក្នុងពិធីប្រគល់-ទទួលអំណោយ ដ៏ថ្លៃថ្លាគឺវ៉ាក់សាំង SARS-CoV-2 (Sinopharm) ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន ជូនដល់រាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «កម្ពុជាបានទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី ១ ចំនួន ៦០ម៉ឺនដូស។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូសដល់កម្ពុជានាពេលនេះ។ នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានរំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩»

ព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងនោះរួមមានទាំងបុត្រា និងបុត្រប្រសាររបស់សម្តេចតេជោបានចាក់វ៉ាក់សាំងឈ្មោះថា ស៊ីណូហ្វាម (Sinopharm)។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានសរសេរនៅក្នុងគេហទំព័រផ្លូវការរបស់ខ្លួនថា «ខ្ញុំបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ រួចហើយ។ សូមបងប្អូនខ្មែររួមគ្នា និងត្រៀមលក្ខណៈចូលរួមជាមួយរដ្ឋាភិបាលអនុវត្តវិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការលទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជនយើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួនយើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ»

ការទទួលបាន និងការចាក់ជូនដល់ឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជា នូវវ៉ាក់សាំងស៊ីណូហ្វាមនេះ បានបង្ហាញពីសញ្ញាណវិជ្ជមានចំនួន៤គឺ៖

១៖ ការតម្កល់អាយុជីវិតរបស់ប្រជាជនជាអាទិភាព ដែលនេះជាចក្ខុវិស័យប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ ការណ៍នេះយើងកាន់តែមើលឃើញយ៉ាងប្រត្យក្ស នៅក្នុងបរិបទនៃការកើនឡើងសម្ពាធ នៃការធ្លាក់ចុះសេដ្ឋកិច្ច និងការកើនឡើងនៃបញ្ហាប្រឈមនានាក្នុងសង្គមកម្ពុជា ដែលជាពិសេសក្នុងឆ្នាំ២០២០កន្លងមក។
រាជរដ្ឋាភិបាលកម្ពុជាបានធានាយ៉ាងច្បាស់ នូវជីវភាពរស់នៅជាមូលដ្ឋាន និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ តែងតែចាប់ផ្តើមជាមួយនឹងបញ្ហាដែលប្រជាពលរដ្ឋចាត់ទុកថា ជាបញ្ហាធ្ងន់ធ្ងរបំផុត ដែលអាចមើលឃើញ និងមានលក្ខណៈជាបន្ទាន់ ព្រមទាំងធ្វើឲ្យកិច្ចការរបស់ខ្លួន លើការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

២៖ ចំណងមេត្រីភាពជាប្រពៃណីរវាងប្រទេសកម្ពុជា និងប្រទេសចិន គឺពិតជាចំណងមិត្តភាពដែកថែប ក្នុងនាមជាអ្នកជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ និងដៃគូល្អ។

៣៖ ជំនឿចិត្ត និងទំនុកចិត្តយ៉ាងខ្ពស់ និងច្បាស់លាស់លើគុណភាព និងប្រសិទ្ធភាពនៃវ៉ាក់សាំង SARS-CoV-2 (Sinopharm) ដែលនេះជាជំហឥតងាករេលើចំណងមិត្តភាព នៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

៤៖ ចែករំលែក និងផ្សព្វផ្សាយយ៉ាងទូលំទូលាយពីប្រសិទ្ធភាពយ៉ាងខ្ពស់ នៃវ៉ាក់សាំងស៊ីណូហ្វាមដែលបានផលិតតាមនិយាមវេជ្ជសាស្រ្ត។

ជារួមឥស្សរជនជាន់ខ្ពស់របស់ប្រទេសកម្ពុជា ដែលបានចាក់វ៉ាក់សាំងស៊ីណូហ្វាម គឺជាការចូលរួមចំណែកយ៉ាងសកម្ម និងជាការបង្ហាញយ៉ាងច្បាស់ពីការទទួលស្គាល់នូវប្រសិទ្ធភាព និងគុណភាពរបស់វ៉ាក់សាំងដែលបាន ផលិតដោយអ្នកជំនាញវេជ្ជសាស្រ្តរបស់ប្រទេសចិន។
បើទោះបីជាការផលិតវ៉ាក់សាំងនេះ មិនទាន់អាចបំពេញបាននូវតម្រូវការ នៃចំនួនជាក់ស្តែងរបស់ប្រជាជនខ្លួនយ៉ាងណាក៏ដោយ មិត្តចិននៅបានចែករំលែកទ្រព្យដ៏កម្រ និងដ៏មានប្រយោជន៍ប្រកបដោយគុណតម្លៃមហិមា ជូនមកដល់ប្រទេសកម្ពុជា។ កាយវិការប្រកបដោយមនុស្សធម៌ សប្បុរសធម៌ គុណធម៌ និងសច្ចធម៌របស់មិត្តចិននេះ នឹងត្រូវកត់ត្រាចូលទៅក្នុងទំព័រប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងកម្ពុជា និងចិន និងកត់បញ្ចូលក្នុងសន្លឹកទំព័រថ្មីនៃប្រវត្តិសាស្ត្រមនុស្សជាតិ ហើយជាពិសេសបានដក់ជាប់ជានិច្ច នៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ហើយត្រូវបានពន្លាតស្មារតីមនុស្សធម៌ ជាអមតៈរបស់ជនជាតិចិនចំពោះជនជាតិកម្ពុជា ជារៀងរហូតដោយរាប់ចាប់ពីមនុស្សរស់នៅជំនាន់នេះតទៅ៕

ដោយ៖ បណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន