(បន្ទាយមានជ័យ)៖ អភិបាលក្រុងប៉ោងប៉ែត សេចក្ដីណែនាំស្ដីពីវិធានការទប់ស្កាត់ ប្រុងប្រយ័ត្នគ្រោះអគ្គីភ័យ និងឧបទ្ទវហេតុផ្សេងៗចំនួន៤ចំណុច ដើម្បីទប់ស្កាត់រាល់ទង្វើខុសឆ្គងកន្លងមក ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណី ជនជាតិចិន-វៀតណាម នាថ្ងៃទី១១-១៤ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។ នេះបើតាមសេចក្ដីណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននូវសៀលថ្ងៃទី១០ ខែកុម្ភៈនេះ។

សេចក្ដីណែនាំដដែលបានបន្ដថា ដើម្បីទប់ស្កាត់ឲ្យបានរាល់ទង្វើខុសឆ្គង និងសកម្មភាពធ្វេសប្រហែសដែលបណ្ដាលឲ្យមានឧបទ្ទវហេតុ ធានាបាននូវការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព រដ្ឋបាលក្រុងប៉ោយប៉ែតបានដាក់ចេញវិធានការចំនួន៤ រួមមាន៖

១៖ ហាមដុតផាវ និងកាំជ្រួចគ្រប់ប្រភេទ ដែលជាប្រភពបង្កឲ្យមានអគ្គីភ័យ និងរំខានដល់អ្នកដ៏ទៃ ព្រមទាំងធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់សង្គម

២៖ ត្រូវមានការប្រុងប្រយ័ត្ន ក្នុងការបង្ការនូវគ្រោះអគ្គីភ័យដែលអាចកើតឡើងជាយថាហេតុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន-វៀតណាមនេះ ជាពិសេសត្រូវប្រុងប្រយ័ត្នចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចង្កៀងប្រេង និងការតបណ្តាញអគ្គីសនីផ្សេងៗ

៣៖ កម្លាំងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងក្រុង ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងបង្ក្រាប ទប់ស្កាត់នូវរាល់សកម្មភាពខាងលើនេះ ចៀសវាងនូវគ្រោះមហន្តរាយដល់អាយុជីវិត ទ្រព្យសម្បត្តិក្នុងមូលដ្ឋានរបស់ខ្លួន

៤៖ ករណីរឹងរូសមិនអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះ អ្នកប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន៕