(ភ្នំពេញ)៖ គណៈកម្មការវាយតម្លៃស្ដីពី «ពានរង្វាន់ដឹងគុណចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍» ចាប់ពីទសវត្សរ៍១៩៧០ រហូតដល់ឆ្នាំ២០១០ បានបើកកិច្ចប្រជុំរបស់ខ្លួនជាលើកដំបូងដើម្បីពិភាក្សាពីនីតិវិធីការងារក្នុងការផ្ដល់ «ពានរង្វាន់ដឹងគុណ» ជូនដល់អ្នកសារព័ត៌មានដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ខាងមុខ។

គម្រោង​ «ពានរង្វាន់ដឹងគុណ» ចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ពីឆ្នាំ១៩៧០-២០១០ ត្រូវបានផ្តួចផ្តើម និងរៀបចំឡើងដោយក្រសួងព័ត៌មាន សហការជាមួយអង្គភាពព័ត៌មានមួយចំនួនទៀត។ អ្នកសារព័ត៌មានជាង២០រូប ដែលធ្លាប់បំរើការងារលើវិស័យព័ត៌មានចាប់ពីចន្លោះឆ្នាំ១៩៧០ ដល់២០១០នឹងត្រូវជ្រើសរើសសម្រាប់ទទួល «ពានរង្វាន់ដឹងគុណ»។ ក្នុងនោះ អ្នកសារព័ត៌មានចំនួន៥នាក់នឹងជ្រើសរើសចេញពីទសវត្សរ៍នីមួយៗ ដើម្បីទទួលបានពានរង្វាន់ដឹងគុណនេះ។

សមាភាពគណៈកម្មការវាយតម្លៃសម្រាប់គម្រោង«ពានរង្វាន់ដឹងគុណ»ចំពោះអ្នកសារព័ត៌មានចំនួន៥រូបដែលមានលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាប្រធានគណៈកម្មការ, លោក គី សុខលីម ចាងហ្វាងការផ្សាយរបស់សារព័ត៌មានថ្មីៗ ជាអនុប្រធាន, លោក លាង ដឺលុច នាយកប្រតិបត្តិក្លិបអ្នកកាសែតកម្ពុជា, លោក ទៀ សូផាត និពន្ធនាយកសារព័ត៌មានត្នោត TNAOT APP និងលោក ងួន ច័ន្ទមុនី អគ្គនាយករងអង្គភាពព័ត៌មាន Fresh News ជាសមាជិក បានជួបប្រជុំគ្នាជាលើកដំបូងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នៅទីស្តីការក្រសួងព័ត៌មាន។ កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងត្រួតពិនិត្យនីតិវិធីជ្រើសរើសបុគ្គលអ្នកសារព័ត៌មាន
ដែលនឹងត្រូវទទួលបាន «ពានរង្វាន់ដឹងគុណ»

ក្រោយកិច្ចប្រជុំ គណៈកម្មការបានសម្រេចពង្រីកចំនួនអ្នកសារព័ត៌មានដែលត្រូវទទួលពានរង្វាន់បន្ថែមទៀត ពោល គឺបន្ថែមពីចំនួនជាង១០នាក់(ការសម្រេចលើកមុន) រហូតដល់ជាង២០នាក់ (អ្នកទទួលពានរង្វាន់ដឹងគុណ)។ រីឯកាលបរិច្ឆេទ នៃការរៀបចំពិធីប្រគល់ពានរង្វាន់ដឹងគុណអ្នកសារព័ត៌មាន គ្រោងនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១, ចំនឹងថ្ងៃទិវាសេរីភាពសារព័ត៌មានអន្តរជាតិតែម្ដង។

កាលពីថ្ងៃទី២២ មករា កន្លងមក ក្រសួងព័ត៌មាន បានសម្រេចបង្កើតគណៈកម្មការវាយតម្លៃ លើការផ្ដល់ «ពានរង្វាន់ដឹងគុណចំពោះអ្នកសារព័ត៌មាន៥ទសវត្សរ៍ ចាប់ពីឆ្នាំ១៩៧០ ដល់២០១០»។ តើ «ពានរង្វាន់ដឹងគុណ» នេះ មានអត្ថន័យដូចម្តេច?

«នេះ គឺជាពានរង្វាន់ដឹងគុណចំពោះអ្នកសារព័ត៌មាន ពោល គឺមិនមែនពានរង្វាន់អ្នកសារព័ត៌មានឆ្នើមទេ»។ នេះគឺជាគំនិតដើម និងជាគំនិតស្នូលនៅក្នុងការរៀបចំ «ពានរង្វាន់ដឹងគុណ» នេះឡើង។ «ពានរង្វាន់ដឹងគុណ» នេះ ត្រូវបានរៀបចំឡើងដោយមានគោលបំណង «ថ្លែងអំណរគុណ» ជូនចំពោះបុគ្គលអ្នកសារព័ត៌មានរូបណាដែលបានចូលរួមបង្កើត លើកកម្ពស់ និងកែលម្អរវិស័យសារព័ត៌មាននៅក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ១៩៧០រហូតមកដល់ទសវត្សរ៍២០១០។

អ្នកសារព័ត៌មានដែលត្រូវជ្រើសរើស គឺជាអ្នកសារព័ត៌មានជនជាតិខ្មែរដែលបម្រើការឲ្យក្រុមហ៊ុនសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា (អ្នកសារព័ត៌មានជនជាតិខ្មែរ បម្រើការឲ្យក្រុមហ៊ុនសារព័ត៌មានខ្មែរកាន់តែប្រសើរ)។ ការជ្រើសរើសត្រូវធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយឡើយ។

សូមបញ្ជាក់ថា ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកទៅលើប្រវត្តិសិក្សា ការងារ បទពិសោធន៍ ស្នាដៃ និងការចូលរួមចែករំលែកចំណេះដឹងក្នុងវគ្គបណ្តុះបណ្តាល…នៅក្នុងវិស័យសារព័ត៌មានផងដែរ៕