(ភ្នំពេញ)៖ មនុស្សមួយក្រុមដែលសម្តែងកាឡៃរឿងទុំទាវ ដោយដាក់ចំណងជើងរឿងរបស់ខ្លួនថា «ទុំទាវ២០២១» ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កោះហៅទៅអប់រំហើយ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ក្នុងពេលទទួលការណែនាំពីក្រសួងវប្បធម៌ ក្រុមសម្តែងលេងសើចទាំងនោះ បានទទួលស្គាល់កំហុស ហើយសន្យាថា ពួកគេនឹងហ៊ានប្រឈមមុខចំពោះច្បាប់ បើប្រព្រឹត្តខុសម្តងទៀត។

ក្រោយជំនួបនេះ ក្រុមសម្តែងកាឡៃរឿងទុំទាវ បានសន្យាចំពោះក្រសួងវប្បធម៌ ៨ចំណុចដូចខាងក្រោម៖

១៖ មិនប្រព្រឹត្ត និងចូលរួមប្រព្រឹត្ត នូវគ្រប់សកម្មភាព ឥរិយាបថ ព្រមទាំងពាក្យសម្តី ដែលបណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិទៀតឡើយ
២៖ មិនបង្ហាញភាពស៉ិចស៉ី បែបអនាចារ ក្នុងបណ្តាញសង្គម
៣៖ ប្រើប្រាស់ចំណេះ ជំនាញដែលពួកគេមាន ដើម្បីចូលរួមលើកស្ទួយ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងកិត្យាសង្គមជាតិ
៤៖ យល់ព្រមប្រគល់ Page account ឈ្មោះHokima និង Account Tik Tok ឈ្មោះ Gi Leader261 ដែលជាកម្មសិទ្ធិផ្ទាល់របស់ពួកគេ ឱ្យក្រុមការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រប់គ្រង និងលុបចោលទាំងស្រុង
៥៖ សន្យាមិនទាញយកទិន្នន័យក្នុង Page account ឈ្មោះ Hokima និង Account Tiktok ឈ្មោះ Gi Leader261 ដែលបានប្រគល់ជូនក្រុមការងាររបស់ក្រសួងមករក្សាទុក ឬ ប្រើប្រាស់ឡើយ
៦៖ សន្យានឹងសហការជាមួយម្ចាស់ account Facebook ឬ/និង Page account ដែលបាទជួលពីមិត្តភក្តិ និងសមត្ថកិច្ច ដើម្បីលុប account Facebook ឬ/និង Page account ទាំងអស់
៧៖ ធ្វើការសុំទោសជាសាធារណៈ ចំពោះមុខអ្នកសារព័តមាន
៨៖ ប្រសិនបើពួកគេនៅប្រព្រឹត្តនូវរាល់សកម្មភាព ឥរិយាបថ ព្រមទាំង ពាក្យសម្តី ភាពស៉ិចស៉ីបែបអនាចារ បណ្តាលឱ្យមានផលប៉ះពាល់ចំពោះ វប្បធម៌ ប្រពៃណី សាសនា សីលធម៌ ព្រមទាំងសង្គមជាតិ ជាបន្តទៀត ពួកគេសុខចិត្តទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សូមជម្រាបថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតកោះហៅក្រុមថតកាឡៃរឿងទុំទាវ ដែលក្រសួងចាត់ទុកថា ធ្វើឱ្យមានផលប៉ះពាល់ដល់សាសនា វប្បធម៌ជាតិ និងប្រពៃណីជាតិ ទៅបំភ្លឺពីសកម្មភាពរបស់ពួកគេ។

ការចេញលិខិតកោះហៅរបស់ក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីមានវីដេអូមួយឈ្មោះថា «ទុំទាវ២០២១» ដែលត្រូវបានគេដឹងថា មានការចូលរួមសម្តែង ដោយនារីលក់ផលិតផលតាមអនឡាញសាច់សខ្ចី អាជី និងអូមី និងក្រុមការងារនោះ បានរងការរិះគន់យ៉ាងចាស់ដៃ និងថ្កោលទោសពីមហាជនទូទៅ និងអ្នកលេងបណ្តាញសង្គម។

ការថ្កោលទោសនេះ ដោយមានការលើកឡើងថា ការសម្តែងរបស់ពួកគេ គឺបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់តម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, ប៉ះពាល់ដល់តម្លៃអក្សរសិល្ប៍ជាតិ និងប៉ះពាល់ដល់តម្លៃនៃសិល្បៈវប្បធម៌ជាតិ។ ក្រុមអ្នកលេងហ្វេសបុក បានរិះគន់ថា សកម្មភាពនេះ គឺជាគំរូអាក្រក់មួយ ដល់សាធារណជន និងក្មេងៗជំនាន់ក្រោយ។

មហាជនដែលជាអ្នកលេងបណ្តាញសង្គម ពេលបានទស្សនារឿងខ្លីនេះ បានបញ្ចេញមតិជាបន្តបន្ទាប់ សំណូមពរឲ្យស្ថានប័ន ដែលមានសមត្ថកិច្ចលើរឿងនេះ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ចំពោះតួអង្គទាំងនោះ ដែលមានចេតនាទុច្ចរិត ជាន់ឈ្លីតម្លៃអ្នកសិល្បៈ តម្លៃសាសនា និងតម្លៃអក្សរសិល្ប៍របស់ជាតិសាសន៍ខ្លួនឯង។

យោងតាមមាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ បានចែងពីបទស្លៀកដណ្ដប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ។ មាត្រានេះបានបញ្ញត្តិថា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ)ថ្ងៃ ទៅ ៣ (បី)ខែ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន)រៀល ទៅ ៥០០.០០០ (ប្រាំសែន)រៀល អំពើស្លៀកដណ្តប់ជាសាធារណៈ ដោយគ្មានសិទ្ធិនឹងស្លៀកដណ្តប់នូវស្បង់ចីពរ សម្រាប់អ្នកបួសក្នុងព្រះពុទ្ធសាសនា៕