(ស្វាយរៀង)៖ មានការភ្ញាក់ផ្អើលទាំងយប់ ខណៈប្រទះឃើញស្ត្រីម្នាក់ដេកស្លាប់ នៅក្រោមក្រោលគោ ត្រូវប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពភ្លាមៗ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៧៖៤០នាទីយប់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅផ្ទះអ្នកភូមិស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ស្ត្រីខាងលើមានឈ្មោះ ទួក សារ៉ា អាយុ ៤០ឆ្នាំ មុខរបរស៉ីឈ្នួលមើលក្របី មានទីលំនៅភូមិកណ្តាល សង្កាត់ប្រាសាទ ក្រុងបាវិត ខេត្តស្វាយរៀង។ នៅពេលកើតហេតុមានប្រជាពលរដ្ឋប្រទះឃើញជនរងគ្រោះដេកស្លាប់ នៅក្រោលក្របីរបស់ឈ្មោះ គង់ រ៉ាប់ ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិចេក ឃុំសំរោងស្រុកចន្រ្ទា។

ក្រោយពីទទួលបានព័ត៌មានភ្លាមៗ សមត្ថកិច្ចនគរបាលស្រុកនគរបាលប៉ុស្តិ៍ និងក្រុមគ្រូពេទ្យជំនាញមណ្ឌលមិត្តភាពកម្ពុជា-វៀតណាម (ទួលស្តី) ចុះធ្វើកោសល្យវិច័យរួចមក បានសន្និដ្ឋានថា ស្ត្រីខាងលើស្លាប់ដោយសារតែខ្យល់គ និងមានសម្ពាធឈាមឡើងខ្ពស់ មិនមានស្លាកស្នាមអ្វីសំគាល់ជារឿងឃាតកម្មនោះទេ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕