(កណ្ដាល)៖ លោក វ៉ិត ធារិទ្ធ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកណ្ដាល បានចេញមកបំភ្លឺថា សម្រាប់វិវាទរវាងរូបលោក និងភាគីម្ខាងទៀត ត្រូវបានដោះស្រាយបញ្ចប់ជាយូរមកហើយ ប៉ុន្តែ ដោយសារតែភាគីម្ខាងទៀតគាត់ភ្លេចមកដកពាក្យបណ្តឹង ទើបបណ្តាឱ្យព្រះរាជអាជ្ញាកោះហៅគាត់ឱ្យចូលបំភ្លឺជាថ្មីម្តងទៀត ដូច្នេះសូមសាធារណជនកុំមានការភ័ន្តច្រឡំចំពោះករណីនេះ។

បានឆ្លើយតបនឹងសំណួររបស់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាល នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១នេះអនុប្រធានមន្ទីរកសិកម្មខេត្តកណ្តាលនិយាយថា ដោយសារលោកមានបញ្ហាសុខភាពទើបបានជាពុំបានដោះស្រាយបញ្ហាលុយកាក់ជាមួយភាគីម្ខាងទៀតឈ្មោះ លី វុទ្ធី, ហើយបន្ទាប់ពីប្ដឹងលោកចូលតុលាការរួចមក លោកភ្ញាក់ព្រឺតហើយនឹកឃើញថាមិនទាន់បានដោះស្រាយរួច ទើបលោកនិងភាគីលោក លី វុទ្ធី បានធ្វើកិច្ចសន្យាត្រឹមត្រូវប្រគល់លុយកាក់ជូនតាំងពីពេលនោះមក ក៏ប៉ុន្តែដោយសារតែលោក លី វុទ្ធី ភ្លេចពាក្យដកពាក្យបណ្ដឹងនៅតុលាការខេត្តកណ្ដាល ទើបបានជាដីកានៅតែបន្តកោះហៅរូបលោកដដែលយ៉ាងដូច្នេះ ។ ប៉ុន្តែ លោកបានថាមេធាវីខាងភាគីដើមបណ្ដឹងនឹងដកពាក្យបណ្ដឹងនេះវិញ នៅឯតុលាការខេត្តកណ្ដាលឆាប់ៗនេះ។

លោក វ៉ិត ធារិទ្ធ បានបន្តថា បន្ទាប់ពីលោកព្រះរាជអាជ្ញារងចេញដីកាកោះលើកទី៣ កាលពីរសៀលថ្ងៃទី០៥ កុម្ភៈ ២០២១កន្លងទៅនេះ លោកក៏បានឃើញមានសារព័ត៌មានមួយចំនួនយកដីកាដែលព្រះរាជអាជ្ញារង គឺលោក សូ សុវិទ្យា កោះហៅរូបលោកលើទី៣នេះ ទៅធ្វើការចុះផ្សាយដោយពុំមានការសាកសួររូបលោកបន្តិចសោះ ខណៈដែលការចុះផ្សាយនេះបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកខ្លាំងណាស់។

ចំពោះករណីនេះដែរ លោក លី វុទ្ធី បានប្រាប់មកភ្នាក់ងារ Fresh News តាមរយៈទូរស័ព្ទថា លោកមានការភ្ញាក់ផ្អើលនៅពេលដែលបានលឺដំណឹងនេះ ខណៈលោកបានដោះស្រាយបញ្ចប់រួចរាល់អស់ហើយករណីទិញដីធ្លី ប៉ុន្តែដោយសារលោករវល់ពេក ភ្លេចដកពាក្យបណ្ដឹងចេញវិញ ទើបបានជាខាងតុលាការបន្តនីតិវិធីយ៉ាងដូច្នេះ។

លោកបញ្ជាក់ទៀតថា មេធាវីរបស់លោកនឹងចាត់ចែងដោះស្រាយបញ្ហានេះនៅដើមសប្ដាហ៍ខាងមុខនេះមិនខានឡើយ ដើម្បីស្នើសុំឱ្យតុលាការបញ្ឈប់ការបន្តនីតិវិធីទៀត ទៅតាមផ្ល្លូវច្បាប់៕