(ត្បូងឃ្មុំ)៖ អនុវត្តន៍តាមអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឱ្យបណ្តាខេត្តដែលជាប់ព្រំដែន នៃប្រទេសជិតខាង មានការយកចិត្តទុក្ខដាក់ឱ្យបានខ្ពស់ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដាក់ចេញវិធានការយ៉ាងតឹងរឹង ដើម្បីបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ និងវិធានការចាំបាច់ក្នុងការបន្តបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ នៃភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពីសំណាក់ប្រទេសជាប់ព្រំដែន។

បន្ទាប់ពីដាក់ចេញវិធានការ និងការអនុវត្តន៍ឱ្យកាន់តែប្រសិទ្ធភាព រយៈពេល១ថ្ងៃពេញ នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមជាមួយអភិបាលរងខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យមើលស្ថានភាព ក៏ដូចជាទីតាំងចត្តាឡីស័ក តាមបន្ទាត់ព្រំដែន នៅតាមច្រកទ្វារចំនួន០៥ទីតាំង រួមមានតំបន់ X16 ច្រកទន្លូង ច្រកទន្លេចាម ច្រកជាំក្រវៀន ច្រកទ្វារទ្វេភាគីដារ ក្នុងស្រុកមេមត់ និងច្រកទ្វារអន្តរជាតិត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ខណៈនៅខាងប្រទេសវៀតណាមកំពុងបន្តផ្ទុះឆ្លងរាលដាល ជំងឺដ៍កាចសាហាវនេះ។

ថ្លែងនៅតាមច្រកនីមួយៗ លោកបណ្ឌិត បានគូសបញ្ជាក់ថា ដើម្បីការពារសុវត្ថិភាព នៃការរីករាលដាលចូលក្នុងសហគមន៍ នៃជំងឺកូវីដ-១៩ មន្ត្រីប្រចាំការនៅតាមច្រកទ្វារទាំងអស់ត្រូវក្តាបឱ្យជាប់ និងតាមដានរាល់សកម្មភាពនៃការឆ្លងដែនរបស់ប្រជាពលរដ្ឋ ពិសេសការឆ្លងដែនខុសច្បាប់ ហើយប្រសិនបើមានមែន មន្ត្រីសុខាភិបាលត្រូវត្រួតពិនិត្យធ្វើចត្តាឡីស័ក១៤ថ្ងៃសិន ដោយឡែកអ្នកបើកបរដឹកទំនិញចេញចូល ត្រូវគោរពតាមវិធានការពាររបស់ក្រសួងសុខាភិបាល ព្រមទាំងបាញ់អាល់កុលសម្លាប់មេរោគ លើរថយន្តទំនិញឱ្យបានម៉ត់ចត់បំផុត។

ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានណែនាំ២ចំណុច គោលដៅសំខាន់រួមនោះ៖

ទី១៖ មន្ទីរសុខាភិបាលខេត្ត កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀមឱ្យរួចជាស្រេចនូវមធ្យោបាយ សម្ភារៈ សម្រាប់បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ កើតឡើងជាយថាហេតុ

ទី២៖ អភិបាលស្រុក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ត្រូវរកទីតាំងសម្រាប់ធ្វើកន្លែងចត្តាឡីស័ក១៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋដែលឆ្លងដែនចូលមកខេត្តត្បូងឃ្មុំ និងកងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើងតាមបណ្តាព្រំដែន ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ លើបញ្ហាពលរដ្ឋដែលលួចឆ្លងដែនដោយខុសច្បាប់ ធ្វើយ៉ាងត្រូវធ្វើការទប់ស្កាត់ឱ្យខានតែបាន ពិសេសត្រូវអនុវត្តឱ្យបានម៉ឹងម៉ាត់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។

បើតាមការបញ្ជាក់របស់លោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា ដោយអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្ត មន្ទីរបានរៀបចំប៉ុស្តិ៍ មានសម្ភារៈ គ្រែ បន្ទប់ និងមន្ត្រីប្រចាំការច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង សម្រាប់ធ្វើចត្តាឡីស័ក ដើម្បីត្រួតពិនិត្យ បង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕