(ភ្នំពេញ)៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នារសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ (លិខិតសរសើរ) ជូននិស្សិតជយលាភីរបស់មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច ចំនួន១៣២នាក់ (ស្រី៩២នាក់) ក្នុងចំណោមនិស្សិត៤៩៩នាក់ ក្រោមអធិបតីភាព លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។

ក្នុងនោះនិស្សិតជយលាភី ដែលត្រូវទទួលលិខិតសរសើរ រួមមានជំនាញ៖ ១៖គ្រប់គ្រង, ២៖ ម៉ាឃីទីង ៣៖ គណនេយ្យ, ៤៖ ការគ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍, ៥៖ ធនាគារនិងហិរញ្ញវត្ថុ និង៦៖ សេដ្ឋកិច្ច ដែលបានបញ្ចប់ការសិក្សា និងបានការពារសារណាស្រាវជ្រាវជាប់ជាស្ថាពរក្នុងឆ្នាំសិក្សា២០១៨-២០១៩ ។

ក្នុងរបាយការណ៍ស្វាគមន៍ចំពោះអង្គពិធី លោក ភួន វណ្ណៈព្រឹទ្ធបុរស មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ និងមហាវិទ្យាល័យសង្គមសាស្រ្ត និងសេដ្ឋកិច្ច បានថ្លែងថា រៀងរាល់ឆ្នាំនៃការបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ គឺសាកលវិទ្យាល័យ តម្រូវឱ្យនិស្សិតចុះធ្វើកម្មសិក្សាតាមបណ្តាក្រុមហ៊ុន និងអង្គភាពនានាទាំងរដ្ឋ និងឯកជនដើម្បីផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្ត តាមរយៈការសិក្សាស្រាវជ្រាវលើដំណើរការប្រតិបត្តិរបស់ក្រុមហ៊ុន និងអង្គភាពដែលពាក់ព័ន្ធទៅនឹងជំនាញរបស់និស្សិត។

ក្នុងគោលបំណងប្រមូល និងចងក្រងឯកសារក៏ដូចជា ពិនិត្យមើលការងារជាក់ស្តែង របស់ក្រុមហ៊ុន ឬអង្គភាពយកមកសរសេរ និងចងក្រងដាក់ឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងតឹងរ៉ឹងបំផុត ជាមួយនឹងការផ្តល់អនុសាសន៍នានាលើសារណា ពីសំណាក់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃសារណាឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។ លទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ មិនអាចផ្តាច់ចេញពីការចូលរួមពីនិស្សិត និងភាគីពាក់ព័ន្ធបានឡើយ ដូចជា សាស្រ្តាចារ្យ សាកលវិទ្យាល័យ និងបណ្តាអង្គភាព និងក្រុមហ៊ុន នានា ដែលបានផ្តល់កន្លែងសម្រាប់និស្សិតចុះធ្វើកម្មសិក្សា។

លោកព្រឹទ្ធបុរស បានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលដែលជោគជ័យកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់បងប្អូននិស្សិតគ្រប់ជំនាញទាំងអស់ និងបានបញ្ជាក់ថា ពីមួយជំនាន់ទៅមួយជំនាន់ និស្សិតកាន់តែមានការយល់ដឹងទូលំទូលាយទៅលើកិច្ចការស្រាវជ្រាវ ដែលធ្វើឱ្យនិស្សិតគ្រប់រូបទទួលបាននូវសមត្ថភាព ចំណេះជំនាញ ឆ្លើយតបទៅនឹងទីផ្សារការងារ។

លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព បានសម្តែងនូវការ អបអរសាទរ និងវាយតម្លៃខ្ពស់ដល់និស្សិតជ័យលាភីសារណាទាំងអស់ ដែលបានខិតខំសិក្សាស្រាវជ្រាវ និងចងក្រងសារណា យកមកការពាររហូតទទួលបានជោគជ័យជាស្ថាពរ។

លោកបណ្ឌិត បានបន្តថា សាកលវិទ្យាល័យ បានកំណត់នូវចក្ខុវិស័យ បេសកកម្ម និងគោលបំណងរបស់ខ្លួនច្បាស់លាស់ ជាពិសេសបានរៀបចំនូវយន្តការ ក៏ដូចជាគោលនយោបាយជំរុញដល់ការស្រាវជ្រាវដល់និស្សិតគ្រប់កម្រិត មិនតែប៉ុណ្ណោះសាកលវិទ្យាល័យក៏មានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កភាពងាយស្រួលដល់បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតក្នុងកិច្ចការស្រាវជ្រាវផងដែរ។

លោកសាស្ត្រាចារ្យបណ្ឌិត ជា សុភាព បានជំរុញលើកទឹកចិត្តឱ្យបងប្អូននិស្សិតជយលាភីសារណាជំនាន់ទី១៩ទាំងអស់ ត្រូវបន្តចូលរួមក្នុងដំណើរការលើកិច្ចការស្រាវជ្រាវឱ្យកាន់តែសកម្មនិងមានប្រសិទ្ធភាពដើម្បីជាប្រយោជន៍ ក្នុងការពង្រឹងពុទ្ធិ ជំនាញ កាន់តែប្រសើរក្នុងគោលបំណងអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។

លោកសាស្រ្តាចារ្យបណ្ឌិត សាកលវិទ្យាធិការ បានបន្តទៀតថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែយកចិត្តទុកដាក់ទៅលើគុណភាពនៃការបណ្តុះបណ្តាលជាពិសេស ជំរុញ និងលើកស្ទួយកិច្ចការស្រាវជ្រាវតាមគ្រប់រូបភាពដោយមានសម្ភាររូបវ័ន្តទំនើបៗ និងមានកម្មវិធីសិក្សាច្បាស់លាស់ស្របតាមស្តង់ដា ព្រមទាំងមានការគាំទ្រពីអ្នកសិក្សាគ្រប់មជ្ឈដ្ឋានកាន់តែច្រើនឡើងៗ ជាពិសេសមានការទទួលស្គាល់ពី ក្រសួងអប់រំយុវជន និងកីឡា និងដៃគូអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេសផងដែរ។

ក្នុងនោះផងដែរ លោកសាស្រ្តាចារ្យបណ្ឌិត ជា សុភាព បានផ្តាំផ្ញើឱ្យនិស្សិតទាំងអស់ត្រូវឆ្លៀតឱកាសបន្តរៀនសូត្រ ដើម្បីអភិវឌ្ឍសមត្ថភាពជំនាញរបស់ខ្លួនក៏ដូចជាអាជីពការងារនាពេលអនាគត។ ជាពិសេសការសិក្សាមិនមានការបញ្ចប់នោះទេ ដូចនេះសូមនិស្សិតជ័យលាភីទាំងអស់ត្រូវបន្តការសិក្សាយកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បន្ថែមទៀត៕