(ភ្នំពេញ)៖ លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធាន អនុប្រធានផ្នែកឃោសនាអប់រំ បានឆ្លៀតពេលឈប់សម្រាកនាចុងសប្តាហ៍នារសៀលថ្ងៃសៅរ៍ ទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំសហការី ក្រុមការងារអញ្ជើញសួរសុខទុក្ខ លោក ចាន់ វ៉ែន ដល់គេហដ្ឋានក្នុងរាជធានីភ្នំពេញ។

លោក ចាន់ វ៉ែន ជាអតីតអគ្គលេខាធិការរងរដ្ឋសភា និងជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលបានចូលរួមស្ថាបនិកចលនារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ធ្វើការរំដោះប្រទេសជាតិចេញពីរបបប៉ុលពតប្រល័យពូជសាសន៍នាថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩។

លោក ចាយ បូរិន និងលោក កែវ ពិសិដ្ឋ បានពាំនាំការផ្តំាផ្ញើសាកសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា មានសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ជូនលោក ចាន់ វ៉ែន និងក្រុមគ្រួសារ។

តំណាងរាស្ត្រទាំងពីររូបបានលើកឡើងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែយកចិត្តទុកដាក់និងបារម្ភពីសុខទុក្ខសហការីទំាងអស់ ដែលបានចូលរួមចំណែកបម្រើការពារប្រជាជន។ វប្បធម៌ប្រពៃណីរបស់គណបក្សប្រជាជនកម្ពុជា មិនបោះបង់សមាជិកណាមួយនោះទេ។

ប្រធាន និងអនុប្រធាន ផ្នែកឃោសនាអប់រំ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា ក្នុងនាមយុវជនជំនាន់ក្រោយ ពិសេសក្នុងនាមលោកបណ្ឌិត ហ៊ុន ម៉ាណែត សូមសម្តែងនូវការគោរពកោតសរសើរចំពោះពលីកម្មដ៏ធំធេងរបស់លោក ចាន់ វ៉ែន ក្នុងបុព្វហេតុជាតិមាតុភូមិនាពេលកន្លងមក។ ពលីកម្មរបស់លោកនៅក្នុងការរំដោះប្រទេសជាតិនិងការចូលរួមកសាងអភិវឌ្ឍន៍ប្រទេសជាតិ ក្រោយឆ្នាំ១៩៧៩ មកនោះ គឺជាគំរូដ៏ល្អសម្រាប់យុវជនជំនាន់ក្រោយបន្តអនុវត្ត និងយកគំរូតាម៕