(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការជាមួយនគរបាល ក្រុងប៉ោយប៉ែត និងនគរបាលវរៈ៩១១ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានបើកប្រតិបត្តិការដេញ​បង្ក្រាបរហូត​ទៅដល់ការចាប់​ខ្លួនក្រុមចោរប្លន់​ទាំង​២នាក់ ដែលនៅចំណុចស្រះ​បេះដូង សង្កាត់-ក្រុងប៉ោយប៉ែត ក្រោយពីធ្វើសកម្មភាពនាព្រឹកមិញ។

លោក សូ ចាន់ណារី មេបញ្ជាការវរការពារព្រំដែនលេខ៩១១ បានប្រាប់ Fresh News មុននេះថា «កម្លាំងនគរបាលជាច្រើននាក់ ក្រោមការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ស្នងការ អាត់ ខែម បានចាប់​ជនសង្ស័យ​២នាក់ ហើយកំពុងសាកសួរ»។ បើតាមលោក សូ ចាន់ណារី នៅមានបក្ខពួករបស់វាទៀតដែលកំពុងរត់គេចខ្លួន ដែលយើងកំពុងតាមប្រម៉ាញ់។

សូមបញ្ជាក់ថា ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើង​ខ្លីមួយដើម បានធ្វើសកម្មភាពទៅភ្ជង់ប្លន់ យកថង់ដាក់គ្រឿងអលង្ការ និងលុយរបស់ស្រ្តីអាជីវករលក់មាស នៅផ្សារយួនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ក្រោយការសួរនាំ ជនរងគ្រោះបានប្រាប់ថា បាត់បង់គ្រឿងអលង្ការមួយចំនួន និងលុយដុល្លារ លុយខ្មែរ លុយបាត សរុបជាង៦ពាន់ដុល្លារ។ មន្រ្តីនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ Fresh News ថា ករណីនេះបានកើតឡើងនៅមុខផ្ទះជនរងគ្រោះមានឈ្មោះ សយ សុផាន់ណា ភេទស្រី អាយុ៤៥ឆ្នាំ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា មុនពេលកើតហេតុ ជនរងគ្រោះ២នាក់ម្តាយ និងកូនស្រីអាយុ១១ឆ្នាំ បានជិះម៉ូតូចេញពីផ្ទះ ទៅលក់ដូរនៅផ្សារយួន ស្រាប់តែចេញពីផ្ទះប្រមាណ៥០ម៉ែត្រ ក៏លេខមុខជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកសេ១២៥មួយគ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម មកភ្ជង់ហើយគំរាមបាញ់សម្លាប់ចោល ពេលនោះស្រ្តីរងគ្រោះបានបើកកែបម៉ូតូ យកថង់ដាក់គ្រឿង​អលង្ការ និងលុយទៅឲ្យក្រុមចោរ មុនពេលពួក​គេបើកម៉ូតូ គេចខ្លួនដោយសុវត្ថិភាព។

បើតាមការបញ្ជាក់ពីសមត្ថកិច្ច ជនរងគ្រោះបានបាត់៖
- ជញ្ជៀន ប្រហែល៨០វង់
- ខ្សែករ ៨០ខ្សែ
- ខ្សែដៃ ៤០​ខ្សែ
- ប្រាក់រៀល ២,០០០,០០០រៀល
- ប្រាក់បាត ១០០,០០០ បាត
- ប្រាក់ដុល្លារ ៣,០០០ដុល្លារ៕