(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចឲ្យដឹងថា សម្តេចនឹងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោយពីទទួលបានវ៉ាក់សាំងការពារកូវីដ១៩របស់ចិន នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

សូមជំរាបថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ស្អែកនេះ មានត្រឹម ៣០ម៉ឺនដូសសិន។ ក្រសួងសុខាភិបាលតាមរយៈ សេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៥ ខែកុម្ភៈ នេះ បានបញ្ជាក់ថា «រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០០.០០០ដូស និងសេរ៉ាំងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១»

ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា អាយុដែលអាចចាក់បានគឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សាសិន។

ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។

សូមជំរាបថា តាមរយៈបណ្តាញសង្គម Facebook សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនអាចចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នោះឡើយ។ ដោយការមិនចាក់នេះដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចអាយុ ៦៨ឆ្នាំហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ យ៉ាងដូច្នេះថា «ខ្ញុំទើបបានទទួលព័ត៌មានតាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះសុីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ»

សម្តេចតេជោ បានបន្ថែមថា «សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ»