(កំពត)៖ ជម្លោះរវាងប្តី និងប្រពន្ធ​ ស្រាប់តែកូនប្រសារប្រុស ទៅវាយម្តាយក្មេក បណ្តាលឲ្យស្លាប់ ខណៈស្រ្តីរងគ្រោះ​បានចូល​ទៅជួយ​ឃាត់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះ​នៃគ្រួសារ​ខាងលើ​ក្នុងភូមិត្រពាំងស្លា ឃុំសំឡាញ ស្រុកអង្គរជ័យ ខេត្តកំពត ប៉ុន្តែជនដៃដល់រូបនេះ​ត្រូវបានកម្លាំងនគរបាល​ចុះទៅចាប់ខ្លួនបានភ្លាមៗ​ផងដែរ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ ខេត្តកំពត បានប្រាប់អង្គភាព Fresh News ថា ជនដៃដល់ជាកូន​ប្រសារឈ្មោះ ទ្រិន ដូច អាយុ៣៥ឆ្នាំ រីឯជនរងគ្រោះ​ជាម្តាយក្មេក ឈ្មោះ សាក់ ញ៉ឹង អាយុ៦៥ឆ្នាំ។

មន្ត្រីនគរបាល​​បានបន្តទៀតថា ខណៈជនសង្ស័យ និងប្រពន្ធរបស់ខ្លួនកំពុងឈ្លោះគ្នានៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ពេលនោះស្រ្តីជាម្តាយក្មេក ក៏បានទៅឃាត់កុំឲ្យឈ្លោះប្រកែកគ្នា ក៏ត្រូវជនដៃដល់ជាកូន​ប្រសារបានងាកមកវាយម្តាយក្មេក បណ្តាលឲ្យរបួសធ្ងន់ ហើយក្រោយបញ្ជូនទៅព្យាបាលនៅមន្ទីរពទ្យស្រុកក៏ដាច់ខ្យល់ស្លាប់តែម្តង។ បច្ចប្បន្នជនសង្ស័យត្រូវបានកម្លាំង​នគរបាលជំនាញ ស្រុកអង្គរជ័យ កំពុងធ្វើការសាកសួរ ដើម្បីកសាង​សំណុំរឿង​ចាត់ការតាមនីតិវិធីច្បាប់៕