(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បានចាប់មុខសញ្ញាជួញ​ដូរ​គ្រឿងញៀន​ម្នាក់ និងភស្តុតាង​គ្រឿងញៀន ប្រភេទម៉ាទឹកក ចំនួន៤កូនថងតូច។ ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៦ ចំណុចស្ពានតាផាន់ ស្ថិតភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ។

លោក ចាប សុផាឬទ្ធិ ស្នងការរងបានឲ្យដឹងនៅថ្ងៃទី២៤ ខែកុម្ភៈ នេះថា ក្រោយពីនគរបាលការិយាល័យប្រឆាំង​គ្រឿងញៀន​ធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួន​បានជនសង្ស័យម្នាក់ និងភស្តុតាងគ្រឿងញៀន ប្រភេទម៉ាទឹកកក ចំនួន៤កូនថងតូច និងទូរស័ព្ទ ១គ្រឿង។

លោក ធិន ស៊ិនដេត នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ ជា វុទ្ធី អាយុ៣៨​ឆ្នាំ មុខរបជាងប៉ះ​កង់ រស់នៅភូមិ៤ សង្កាត់ព្រះ​ពន្លា ក្រុងសេរីសោភ័ណ ។ បច្ចុប្បន្ន​សមត្ថកិច្ច កំពុងសាង​សំណំរឿង​ជនសង្ស័យ និងភស្តុតាងគ្រឿងញៀនទាំងអស់​ខាងលើ បញ្ជូនទៅកាន់ សាលាដំបូងខេត្តចាត់ការតាមច្បាប់៕