(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលពានរង្វាន់ពីអមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំនៅកម្ពុជា ស្តីពីការផ្តល់អំណាទៅយុវជន កាលពីម្សិលមិញនេះ លោក តុង សុប្រាជ្ញ ដែលត្រូវបានគេទទួលស្គាល់ជា អ្នកស្រាវជ្រាវស៊ីជម្រៅទៅលើឥរិយាបទផ្លូវភេទ របស់យុវវ័យចំពោះទិវា នៃក្តីស្រឡាញ់ ១៤ កុម្ភៈ បានបង្ហើបឲ្យអង្គភាព Fresh News ឲ្យដឹងថា៖ «ខុសពីរាល់ដងដែលគ្រាន់ស្រាវជ្រាវ និងធ្វើការស៊ើបអង្គេតទៅតាមទីកន្លែងយុវវ័យជួបជុំគ្នា និងទៅមើលតាមផ្ទះសំណាក់ តែលើកនេះ ខ្ញុំសម្រេចចិត្តចូលស្នាក់នៅផ្ទះសំណាក់ (ដែលយុវវ័យនាំគ្នាចូលច្រើនៗ) ផ្ទាល់តែម្តងរហូតដល់ម៉ោងជិត៤:០០ទាបភ្លឺ»។

នេះក៏ដោយសារតែលោកសង្កេតឃើញថា នៅរសៀល និងយប់ថ្ងៃទី១៤ កុម្ភៈនេះ ឥរិយាបទរបស់យុវវ័យហាក់បីដូចជា មានសកម្មភាពកម្រើកឡើងវិញខុសប្លែកពីរាល់ឆ្នាំចុងក្រោយនេះ នោះគឺការលក់ផ្កា និងវត្ថុអនុស្សវរីយ៍បានដាក់លក់ព្រោងព្រាតនៅ ចាប់មុខវត្តលង្ការ រហូតដល់មុខផ្ទះសម្តេច ហ៊ុន សែន។ យុវវ័យនាំគ្នាផ្អើលឈូរឆរ ដូចជាព្រឹត្តិការណ៍វិវត្តដើរថយក្រោយមកវិញ។

ជាងនេះទៅទៀតនោះ លោក សុប្រាជ្ញ មានការព្រួយបារម្ភថា៖ «ទិវានៃក្តីស្រឡាញ់នៅស្រុកខ្មែរ មើលទៅដូចមេរោគផ្ទុះឡើងវិញអីចឹង ខណៈដែល ប៉ុន្មានឆ្នាំយើងធ្វើការគ្រប់គ្រងស្ថានការបានល្អច្រើនហើយ បែរជាអាជ្ញាធរ និងក្រសួងកិច្ចការនារីលែងរវីរវុលទៅវិញ។ នៅពេលដែលរដ្ឋាភិបាល មិនអាចគ្រប់គ្រងស្ថានការបានដូចនេះ ខ្ញុំអាចធ្វើការប្រៀបធៀបថ្ងៃ១៤កុម្ភៈ ទៅនឹងការផ្ទុះមេរោគអេដស៍នៅឃុំរការខេត្តបាត់ដំបង និងភូមិពាមខេត្ត កណ្តាលនេះ អីចឹងនៅពេលដែលពិភពលោកទទួលស្គាល់ថា កម្ពុជាទទូលបានជោគជ័យក្នុងការទុបស្កាត់ការ រីករាលដាលជំងឺអេដស៍នោះ។ ហេតុដូច្នេះហើយ បានជាខ្ញុំចូលផ្ទះសំណាក់ស្នាក់នៅដោយមិនគេងទេគឺគ្រាន់តែតាមដាន ថាតើចម្លើយដែលយុវវ័យផ្តល់បទសម្ភាសន៍វាពិតដែរ ឬទេ?»

លោក សុប្រាជ្ញ ដែលអ្នកលេងហ្វេសប៊ុកឲ្យងារថា ថៅកែវ៉ាឡិនថាញ បានគូសបញ្ជាក់យ៉ាងច្បាស់មកអង្គភាព Fresh News ថា៖ «នៅពេលចូលស្នាក់នៅផ្ទះសំណាក់ ខ្ញុំបានធ្វើការសាកសួរម្ចាស់ផ្ទះសំណាក់ និងឃើញផ្ទាល់ករណីមួយគូរគឺដូចគ្នា ទៅនឹងការសិក្សាស្រាវជ្រាវមែន។ យុវវ័យប្រុស បានបង្ខំមិត្តស្រីរបស់ខ្លួនដើម្បីរួមភេទមែន តែមិត្តស្រីនោះមិនព្រមហើយបើកទ្វារចេញមកក្រៅ។ ហើយម្ចាស់ផ្ទះសំណាក់បានសួរទៅ យុវតីអាយុប្រហែលជា១៨ឆ្នំានោះថា ក្រែងជិះម៉ូតូមកជាមួយដេកជាមួយគ្នា ហេតុក៏មិនព្រមដេកជាមួយគ្នា។

នាងនោះឆ្លើយទៅម្ចាស់ផ្ទះថា អត់ហ៊ានដេកទេ ព្រោះកាលពីដើរលេងថា ឌុបមកផ្ទះវិញហើយ បែរជាអូសក្រឡានៅយប់ជ្រៅ អត់ហ៊ានចូលផ្ទះវិញ។ នរណាហ៊ានដេកជាមួយគាត់ បើដេកៗដាស់ខ្ញុំអីចឹង។ យុវវ័យប្រុសនៅតែអង្វេរទៅដេកក្នុងបន្ទប់វិញ តែនាងហ៊ានចូលដេកវិញទេ»។  ដូចនេះគឺថ្ងៃ១៤កុម្ភៈ នៅតែជាបញ្ហាប្រឈមឥរិយាបទរបស់យុវវ័យនៅឡើយទេ។

ជីវប្រវត្តិការងារសង្ខេបរបស់លោក តុង សុប្រាជ្ញ ទាក់ទងទៅនឹងពានរង្វាន់ការផ្តល់អំណាច ទៅយុវជនតាមរយៈ សិទ្ធិសុខភាពបន្តពូជ និងសុខភាពផ្លូវភេទយុវវ័យ និងសមភាពយេនឌ័រ ពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន(UNFPA)ប្រចាំនៅកម្ពុជា។

លោក តុង សុប្រាជ្ញ មានតួនាទីអ្នកស្រាវជ្រាវស្តីពីសុខភាពសាធារណៈ និងអ្នកវិភាគសង្គមប្រចាំសប្តាហ៍នៃសារព័ត៌មានភ្នំពេញប៉ុស្តិ៍ កើតនៅថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៦ ស្រុកសន្ទុក ខេត្តកំពង់ធំ, ឪពុកឈ្មោះ៖ ជូ តុង (ស្លាប់ឆ្នាំ១៩៧៧ នៅរបបខ្មែរក្រហម) ម្តាយឈ្មោះ៖ ស៊ីវ ឃីម និវត្តន៍ជន អតីតគ្រូបង្រៀនបឋមសិក្សាវត្តព្រះពុទ្ធ នៅរាជធានីភ្នំពេញ, រៀបការជាមួយ អ្នកស្រី ង៉ូយ ចន្ធី បច្ចុប្បន្ននេះ មានបុត្រា១នាក់ និងមានបុត្រី១នាក់។

លោក តុង សុប្រាជ្ញ បានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកសុខភាពសារធារណៈ នៅសាកលវិទ្យាល័យកម្ពុជាឆ្នាំ២០០៨។ លោកក៏បានទទួលវិញ្ញាបនបត្រគ្រូបង្រៀនកម្រិតវិទ្យាល័យនៅវិទ្យាស្ថានជាតិអប់រំ និងវិញ្ញាបនបត្រផ្នែកមូលដ្ឋានប្រជាសាស្ត្រ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមូលនិធិសហប្រជាតិសម្រាប់ប្រជាជន(UNFPA)។

លោក សុប្រាជ្ញ ទទួលបានបរិញ្ញាបត្រ ផ្នែកគីមីវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ១៩៩៧ និងទទួលបានសញ្ញាបត្របាក់ឌុប នៅវិទ្យាល័យបាក់ទូកនៃរាជធានីភ្នំពេញឆ្នាំ១៩៩២។

បទពិសោធន៍អស់រយៈពេលជាង១៥ឆ្នំាកន្លងទៅនេះ លោក សុប្រាជ្ញ បានសម្រេចសមិទ្ធិផលក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាពបន្តពូជ និងសុខភាពផ្លូវភេទយុវវ័យ និងយេនឌ័រនៅក្នុងសង្គម តាមរយៈការសិក្សាស្រាវជ្រាវរបស់គាត់ អំពីទិវានៃក្តីស្រឡាញ់ក្នុងចំណោមយុវជន ដែលមានជីវភាពធូរធា នៅទីក្រុងភ្នំពេញនៅឆ្នាំ២០០៨ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ក្នុងគោលបំណងលើកកម្ពស់សុខភាពបន្តពូជនិងសុខភាពផ្លូវភេទ ក្នុងចំណោមពួកគេ និងផលប៉ះពាល់សកម្មភាពរបស់យុវវ័យនៅទិវានៃក្តីស្រឡាញ់។

នៅទិវាសិទ្ធិនារីអន្តរជាតិឆ្នាំ២០១០ សម្តេចតេជោ ហ៊ុន សែន បានដកស្រង់ចេញពីការសិក្សាស្រាវជ្រាវនេះមកផ្សព្វផ្សាយបន្ថែមឲ្យយុវជនស្រឡាញ់គ្នា ជាលក្ខណៈទូទៅ កុំឲ្យប្រពៃណីខ្មែរ នៅ។ ជាងនេះទៅទៀត លោកជំទាវកត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏បានផ្តល់នូវលិខិតថ្លែងអំណរគុណ និងការកោតសរសើរ នូវកិច្ចខិតខំប្រឹងប្រែងរបស់លោក សុប្រាជ្ញផងដែរ កាលពីឆ្នាំ២០១០។ នៅឆ្នាំ២០០៨ លោក សុប្រាជ្ញ បានសរសេរនិក្ខេបបទ សម្រាប់ថ្នាក់អនុបណ្ឌិត ស្តីពីផលប៉ះពាល់ពីការរួមភេទមុនពេលរៀបការក្នុងចំណោមយុវវ័យនៅកម្ពុជា (soprach.com)។

ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ គាត់ចាប់ផ្តើមធ្វើកិច្ចការងារពេញម៉ោងជាមួយអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងអង្គការឃែរអន្តរជាតិ ជាមួយនឹងកម្មវិធីលើកកម្ពស់សមភាពយេនឌ័រ និងសិទ្ធិសុខភាពបន្តពូជ និងការរួមភេទដោយសុវត្ថិភាព និងការទទួលខុសត្រូវផ្លូវភេទចំពោះយុវវ័យ ជាបុរសនៅរាជធានីភ្នំពេញ។ ជាមួយនឹងកិច្ចការនេះ លោកសុប្រាជ្ញបានចូលរួមតាក់តែងគោលនយោបាយលើកទឹកចិត្តបុរស ឲ្យចូលរួមសិទ្ធិសុខភាព បន្តពូជ និងលោកក៏បានសរសេរបាយការណ៍ស្តីអំពីទស្សនៈរបស់អ្នករត់ម៉ូតូឌុបនៅកម្ពុជា ចំពោះការចាប់រំលោភសេពសន្ថវៈ ជាក្រុមដោយក្រុម យុវជនទំនើង(រំលោភបូក)។ កាលណោះលោកសុប្រាជ្ញ ក៏ជាសមាជិកបណ្តាញបុរសកម្ពុជាដើម្បីបញ្ឈប់អំពើហឹង្សាប្រឆាំងនឹងស្ត្រីនៅកម្ពុជា។

ជាមួយនឹងអាជីពទីប្រឹក្សារយៈពេលខ្លីៗ ចាប់តាំងឆ្នាំ២០០៦មកទល់បច្ចុប្បន្ននេះ លោក សុប្រាជ្ញ បានធ្វើការសិក្សាស្រាវជ្រាវមួយចំនួនទាក់ទងទៅ នឹងការអនុវត្តសិទ្ធិសុខភាពបន្តពូជ និងសិទ្ធិស្ត្រីក្នុងចំណោមក្រុមជនងាយរងគ្រោះ និងការលើកកម្ពស់ស្ត្រីក្នុងឆាកនយោបាយ និងតំណែងជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាល។ ដូចជាការសិក្សាគួរឲ្យកត់សម្គាល់រួមមាន៖ សមិទ្ធិផលដ៏ល្អបំផុតក្នុងការបញ្ឈប់ការសម្រាលកូនដោយឆ្មបបុរាណ និងការបញ្ឈប់ការលក់ឱសថក្លែងក្លាយ និងខុសច្បាប់ នៅស្រុកប្រតិបត្តិអង្គរជុំខេត្តសៀមរាប(URC ឆ្នាំ២០១០) របាយការណ៍សង្ខេបស្តីពីក្រុមយុវជនដែលប្រឈមនឹងរងគ្រោះជាមួយនឹងសុខភាពបន្តពូជ និងផ្លូវភេទ និងជំងឺអេដស៍ (NAA/Youth LEAD ឆ្នាំ២០១៤) និង ការធ្វើសាវនកម្មយេនឌ័រសម្រាប់ការអនុវត្តផែនការ៣ឆ្នាំ នៅលេខាធិការដ្ឋានគ.ជ.អ.ប។

ក្រៅពីការងារទីប្រឹក្សារយៈពេលខ្លី លោកសុប្រាជ្ញ មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកបញ្ចេញមតិលើបញ្ហាមួយចំនួននៅក្នុងសង្គមកម្ពុជា ដូចជា បញ្ហាសុខភាពសង្គម សមភាពយេនឌ័រ ការអប់រំ បម្រែបម្រួលអាកាសធាតុ នយោបាយ ពុករលួយ និងទំនាក់ទំនងសេចក្តីស្រឡាញ់ និងផ្លូវភេទរបស់យុវវ័យ ជាដើម តាមរយៈសំណេរជាអត្ថបទវិភាគសង្គម ដែលបានចុះផ្សាយប្រចាំសប្តាហ៍នៅលើសារព័ត៌មានភ្នំពេញប៉ុស្តិ៍ ជាភាសាខ្មែរបានចំនួន២៤១អត្ថបទក្នុងអំឡុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ ថ្មីៗលោកសុប្រាជ្ញ បានបញ្ចេញមតិខ្លាំងៗទៅលើអំពើហិង្សាយេនឌ័រ និងបញ្ហាថវិកាយេនឌ័រ និងការលើកកម្ពស់សុខភាពបន្តពូជយុវវ័យ។

ជាងនេះទៅទៀត យុវជនសកម្មសុប្រាជ្ញ ក្នុងចូលរួមគាំទ្របញ្ហាយុវជន និងយេនឌ័រទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ។ នៅឆ្នាំ២០០៣ លោកសុប្រាជ្ញបានចូលរួមកិច្ចប្រជុំពីគ្រោះយោបល់អន្តរជាតិ នៅប្រទេសឥណ្ឌាស្តីពីការរួមភេទដោយគ្មានការយល់ព្រម និងអំពើហិង្សាផ្លូវភេទ។ នៅឆ្នាំ២០០៥ គាត់បានចូលរួមសន្និសិទអន្តរជាតិនៅប្រទេសបារាំងស្តីពីប្រជាជននៅលើពិភពលោក។ នៅឆ្នាំ កាលពីឆ្នាំ២០១០ គាត់ត្រូវបានជ្រើសរើសដោយអង្គការVital-Voicesតាមរយៈស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាចូលរួមសិក្ខាសាលានៅសហរដ្ឋអាមេរិកស្តីពី ការបញ្ឈប់អំពើហិង្សាលើស្រ្តី និងនៅប្រទេសឥណ្ឌាក្នុងការផ្តល់អំណាចដល់ស្ត្រីនៅលើសកលលោក។ នៅឆ្នាំ២០១៤ លោក សុប្រាជ្ញ ត្រូវបានអង្គការសហប្រជាជាតិ UNWOMEN/UNFPA អញ្ជើញចូលរួមសនិ្នសិទ្ធិអន្តរជាតិស្តីពីការពិនិត្យឡើងវិញទៅលើសមភាពយេនឌ័រ និងការផ្តល់អំណាចស្ត្រី កាលនៅទីក្រុងប៉េកាំងរយៈ២០ឆ្នំាកន្លងមក នៅទីក្រុងបាំងកកប្រទេសថៃ។

ថ្មីៗនេះ ក្នុងនាមយុវជនសកម្ម លោកសុប្រាជ្ញត្រូវបានអញ្ជើញឲ្យចូលរួមកម្មវិធីភាពជាអ្នកដឹកនាំសម្រាប់ភ្ញៀវអន្តរជាតិ ដោយក្រសួងការបរទេស សហរដ្ឋអាមេរិកស្តីពីយុវជន និងដំណោះស្រាយទំនាស់ក្នុងសហគមន៍នៅសហរដ្ឋអាមេរិក និងគាត់បានចូលរួមកម្មវិធីអ្នកដឹកនំាវ័យក្មេង នៅកម្មវិធីកិច្ចប្រជុំ ក្នុងការពិគ្រោះយោបល់ជាសកលរបស់សមាជិកសភាវ័យក្មេង នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន៕

Codes: