ប៉ូលិសចាប់ផ្ដើមស៊ើបអង្កេតករណីដាក់បង្កៃគ្រាប់បែក ក្នុងសាលារៀន ៦កន្លែង នៅនូវែលសេឡង់
24-02-2016 14:58
(វែលីងតោន)៖ មេបញ្ជាការប៉ូលិសជាន់ខ្ពស់របស់ នូវែលសេឡង់ បាននិយាយនៅថ្ងៃពុធនេះថា ការទូរស័ព្ទគំរាម ថាមានដាក់បង្កៃគ្រាប់បែកក្នុងសាលារៀនចំនួន ៦កន្លែង ទូទាំងប្រទេសនូវែលសេឡង់ នោះទំនងជាមានប្រភពមកពីបរទេស។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦។
ក្រោយពីទទួលបានសារដូចនោះ ប៉ូលិសបានបញ្ជាឲ្យបិទសាលារៀន និងបើកការស្វែងរកគ្រាប់បែកជាបន្ទាន់ នៅសាលារៀនចំនួនបួន ស្ថិតក្នុងកោះធំភាគខាងជើង និងពីរទៀតនៅកោះធំភាគខាងត្បូង ប៉ុន្តែកងកម្លាំងរុករក មិនបានប្រទះឃើញអ្វីដែលគួរឲ្យសង្ស័យនោះឡើយ។
លោក គ្រីស ស្កាហ៊ីល (Chris Scahill) មេបញ្ជាការកងកម្លាំងប៉ូលិស តាមដានរឿងនេះ បានអះអាងថា «ការគំរាមបែបនេះ ធ្លាប់ធ្វើឡើងរួចមកហើយ ដោយថាមានគ្រាប់ដាក់បង្កៃនៅកន្លែងណាមួយ»។ ជាចុងក្រោយ ប៉ូលិសពុំបានរកឃើញអ្វីទេ ប៉ុន្តែនេះជាចំណាត់ការដែលយើងត្រូវតែធ្វើដើម្បីសុវត្ថិភាពប្រជាជន។
គួរបញ្ជាក់ថា នូវែលសេឡង់ ក៏ជាប្រទេសដែលបានបញ្ជូនកងកម្លាំងពិសេស ទៅហ្វឹកហ្វឺនដល់យោធា អ៊ីរ៉ាក់ ដើម្បីប្រយុទ្ធនឹងក្រុមសកម្មប្រយុទ្ធ ISIS ផងដែរ ហើយជារឿយៗ ប្រទេសដីកោះមួយនេះ តែងតែទទួលរងសារ គំរាមកំហែង ថានឹងការបង្កៃ និងបំផ្ទុះគ្រាប់បែក៕