(ភ្នំពេញ)៖ តាមការអង្កេតវិទ្យាសាស្រ្ត និងសុខភាពឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា អាត្រាស្លាប់របស់ស្រ្តី​នៅពេល​សម្រាលបុត្រ បានធ្លាក់ចុះមកនូវត្រឹម អាត្រាមធ្យម១៧០ លើ១ពាន់កំណើត ។ ការធ្លាក់ចុះនៃអាត្រាស្លាប់​របស់ស្រ្តី​នៅពេលសម្រាល​នេះ ដោយសារពួកគាត់ទទួល​បានចំណេះដឹង​ដោយពួកគាត់​មកទទួល​សេវាសម្រាល​ពីពេទ្យឆ្មប។

តែទោះជាយ៉ាងណាអាត្រាស្លាប់របស់ស្រ្តី នៅពេលសម្រាល នៅតែ  មា​ន​អាត្រាខ្ពស់នៅឡើយបើប្រៀបធៀបទៅនិងប្រទេសជិតខាងកម្ពុជា។

សមាគមសម្ភពនិរោគស្រ្តីវិទ្យាកម្ពុជា និងសមាគមឆ្មបកម្ពុជាក្រោមកិច្ចសហការ ជា​មួ​យមន្ទី​រពេទ្យកាល់ម៉ែត នាព្រឹកថៃ្ងទី២៤ ខែ កុម្ភៈ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលា ស្តីអំពីចំណេះដឹង វិធីសាស្រ្តការអនុវត្តជាប្រចាំជួយដល់ស្ត្រីនៅពេលសម្រាលបុត្រ ដើម្បីឲ្យមានការចូលរួមកាត់បន្ថយការ កាត់ទ្វាមាសរបស់ស្រ្តីពេលសម្រាល (Perinee ដើម្បីបន្ថយការធ្វើEpisiotomieពេលសម្រាល)។

លោក គុំ កាណាល់ ប្រ​ធានសមាគមសម្ភពនិរោគស្ត្រីវិទ្យាកម្ពុជា បា​ន​ថ្លែងថា សក្ខាសាលានេះ បង្កើតឡើ​​ង ក្នុងគោលបំណង ចូលរួមលើកក​ម្ពស់ចំ​ណេះដឹងបន្ថែមទៀត ពាក់ព័ន្ធទៅនិងវិធីសាស្រ្ត ដែលគ្រូពេទ្យឆ្មបអនុវត្តជាប្រចាំក្នុងពេល​ជួ​យការសម្រាល​របស់ស្រ្តី ដើម្បីអោយមានការចូលរួមកាត់បន្ថយ​ការកាត់ទ្វាមាសរបស់​ស្រ្តីសម្រាលដោយមិនចាំបាច់។

លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងថា សក្ខាសាលាដែលបង្កើតឡើងនេះ ពិតជាមានសារៈសំខាន់ ដោយបញ្ជាក់នូវសាមគ្គីភាពយ៉ាងស្អិតរមួត រវាងបណ្តា អ្នកឯកទេសផ្នែក​សម្ភពនិងរោគស្ត្រី ដើម្បីពិភាក្សាដកយក​បទពិសោធន៍​ពីគ្នាទៅវិញទៅមក លើដំណើរការផ្នែកសម្ភព អោយឈាន​ទៅរកការអភិវឌ្ឍន៏កាន់តែប្រសើរ​ថែមទៀត៕