(ភ្នំពេញ)៖ ព្រលានយន្ដហោះថ្មី នៅតំបន់តារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង នឹងបើកឲ្យដំណើរការជើងហោះហើរសាកល្បង នៅចុងឆ្នាំ២០២១នេះ ខណៈបច្ចុប្បន្នផ្លូវរត់សម្រាប់យន្ដហោះ បានសាងសង់រួចរាល់ជាស្ថាពរហើយ។

នេះបើតាមការឲ្យដឹងពី លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «វឌ្ឍនភាពមូលដ្ឋានឃុំ សង្កាត់ និងទិសដៅបន្ដរបស់ខេត្តកោះកុង»

លោក សុខ សុទ្ធី បានអះអាងថា ដំណើរការសាងសង់ព្រលានយន្ដហោះ នៅតំបន់តារាសាគរនេះ គឺជិតរួចរាល់ទាំងស្រុងហើយ ខណៈផ្លូវសម្រាប់យន្ដហោះរត់ (Run Way) នៅសល់តែការបំពាក់ភ្លើងសញ្ញាតែប៉ុណ្ណោះ ដែលកំពុងរៀបចំ។ ដោយឡែក ច្រកសម្រាប់អ្នកដំណើរ (Gate) នោះរួចរាល់ប្រហែលជិត៧០ភាគរយ គ្រោងបញ្ចប់នៅពេលខាងមុខឆាប់ៗ។

អភិបាលរងខេត្តកោះកុងរូបនេះ បានបញ្ជាក់ថា «តាមគម្រោងការបើកឲ្យហោះហើរសាកល្បងនោះ កាលពីមុនយើងគ្រោងនៅចុងឆ្នាំ២០២០ ឬដើមឆ្នាំ២០២១ ប៉ុន្ដែដោយសារជំងឺកូវីដ-១៩។ បច្ចុប្បន្នយើងពន្យាបន្ដិចទៅដល់ត្រីមាសទី៤ ឆ្នាំ២០២១នេះ»។

សូមបញ្ជាក់ថា ព្រលានយន្ដហោះតារាសាគរ ខេត្តកោះកុងនេះ វិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់១៥០លានដុល្លារ ជាការវិនិយោគសម្រាប់គាំទ្រ ដល់វិស័យទេសចរណ៍។

ក្រៅពីព្រលានយន្ដហោះតារាសាគរនេះ ខេត្តកោះកុង ក៏ត្រៀមទទួលនូវព្រលានយន្ដហោះថ្មីមួយទៀតផងដែរ នៅព្រំប្រទល់ស្រុកមណ្ឌលសីម៉ា និងស្រុកកោះកុង លើផ្ទៃដីប្រហែល៥០០ហិចតា។ លោក សុខ សុទ្ធី បានគូសបញ្ជាក់ថា ព្រលានយន្ដហោះថ្មីនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល និងក្រុមហ៊ុនវិនិយោគ កំពុងសិក្សារៀបចំទីតាំង។

យ៉ាងណាមិញ គេសង្ឃឹមថា នៅពេលព្រលានយន្ដហោះទាំងពីរនេះសាងសង់រួចជាស្ថាពរ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តកោះកុង កាន់តែខ្លាំងបន្ថែមទៀតផងដែរ តាមរយៈការបណ្ដាក់ទុនវិនិយោគ និងវិស័យទេសចរណ៍ជាដើម៕