(សៀមរាប)៖ រមណីយដ្ឋានអង្គរជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងមានភាពល្បីល្បាញជាសកលរហូតដល់បច្ចុប្បន្ននេះ។ ជាបន្តបន្ទាប់ ក្នុងបំណងដើម្បីរៀបចំកែលម្អសោភ័ណភាពបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀត នាពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបាននិងកំពុងរៀបចំដាំស្មៅ និងដើមឈើបន្ថែមនៅបរិវេណកំពង់ទឹកស្រះស្រង់។

តាមផែនការការងាររបស់នាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ក្រៅពីការងារដាំស្មៅនិងដើមឈើនៅបរិវេណកំពង់ទឹកស្រះស្រង់នេះ ក្នុងនោះនាយកដ្ឋានក៏គ្រោងរៀបចំការដាំស្មៅ និងដើមឈើធំៗចំនួន ១១ ទីតាំងបន្ថែមទៀត។

ទីតាំងទាំង១១នោះ រួមមាន៖ បរិវេណខាងជើង និងខាងលិចសួនក្រវាន់ (ខាងមុខប្រាសាទអង្គរវត្ត) ជុំវិញត្រពាំងសេស បរិវេណប្រាសាទព្រហ្មកិល បរិវេណជុំវិញអាងស្ទាក់ខ្សាច់ (ច្រកសំពៅលូន) ផ្នែកខាងលិចជាប់កសិណប្រាសាទអង្គរវត្ត ផ្នែកខាងត្បូងក្នុងប្រាសាទអង្គរវត្ត ខាងមុខបរិវេណប្រាសាទព្រះខ័ន នៅមុខប្រាសាទបន្ទាយក្តី និងនៅបរិវេណប្រាសាទលលៃ ព្រមទាំងរៀបចំសួនច្បារនៅរង្វង់មូលអប្សរា និងរង្វង់មូលព្រៃគុយលើវិថីសម្តេចវិបុលបញ្ញា សុខ អាន (ផ្លូវ៦០ម៉ែត្រ) ជាដើម៕

ទិដ្ឋភាពមុនពេលដាំស្មៅ

រូបភាពក្នុងពេល និងក្រោយពេលដាំស្មៅ