(ភ្នំពេញ)៖ លោក សំ សារ៉ាត អនុប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងថា ប្រទេសកម្ពុជា ស្ថិតក្នុងចំណោមប្រទេស ដែលមានបញ្ហាអាហារូបត្ថម្ភស្រួចស្រាវខ្លាំង ខណៈបញ្ហាអាហារូបត្ថម្ភ ជាបញ្ហាសាកលដែលពិភពលោកកំពុងជួបប្រទះ និងត្រូវដោះស្រាយជាបន្ទាន់។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក សំ សារ៉ាត ចូលរួមក្នុងសិក្ខាសាលា ស្តីពី «បណ្តាញធុរកិច្ច នៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា» និងការប្រគល់ពានរង្វាន់ ជូនក្រុមហ៊ុន Danish Care Food (DCF) នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២១។

លោក សំ សារ៉ាត បានឲ្យដឹងទៀតថា នៅលើជុំវិញពិភពលោកនេះ មានមនុស្សចំនួន១.៩ពាន់លាននាក់ កំពុងបរិភោគអាហារហួសកម្រិត និង៦០០លាននាក់ មានបញ្ហាធាត់ជ្រុល។

ក្នុងនោះមនុស្សម្នាក់ ក្នុងចំណោម៣នាក់ រងគ្រោះដោយបញ្ហាអាហារូបត្ថម្ភ, មនុស្សចំនួន៧៩៤លាននាក់ កំពុងរងគ្រោះដោយគ្រោះអត់ឃ្លាន, មនុស្សចំនួន២០០០លាននាក់ មិនទទួលបានវីតាមីន និងសារធាតុរ៉ែគ្រប់គ្រាន់ ដែលចាំបាច់ជួយទៅដល់ការលូតលាស់ និងអភិវឌ្ឍន៍រាងកាយ និងខួរក្បាល។

ដោយឡែក នៅកម្ពុជា, កុមារអាយុក្រោម៥ឆ្នាំម្នាក់ ក្នុងចំណាមកុមារ៣នាក់ មានភាពក្រិសក្រិនកុមារម្នាក់ ក្នុងចំណោមកុមារ១០នាក់ មានសភាពស្គមស្គាំង, ៤៧% នៃស្ត្រីវ័យបន្តពូជ មានសភាពស្លេកស្លាំង ខណៈដែលកុមារ ៧% ស្ត្រីវ័យបន្តពូជ ១៨% មានបញ្ហាលើសទម្ងន់។

ជាមួយគ្នានោះ លោក សំ សារ៉ាត បានបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ដើម្បីពិភាក្សាពិគ្រោះយោបល់ ជាមួយវិស័យឯកជន ដើម្បីប្រមូលធាតុចូល ធ្វើជាមូលដ្ឋាន ក្នុងការរៀបចំបង្កើតបណ្តាញធុរកិច្ច នៃចលនាបង្កើនអាហារូបត្ថម្ភនៅកម្ពុជា និងការត្រៀមរៀបចំយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ នៃចលនានេះ។

លោកស្រី Claire Conan តំណាង និងជានាយិកាកម្មវិធីស្បៀងអាហារពិភពលោក របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជា បានថ្លែងថា បណ្តាញធុរកិច្ច នៃចលនាបង្កើនអាហារូបត្ថម្ភ គឺជាចង្កោមនៃចលនាធុរកិច្ច និងជាការផ្តួចផ្តើម របស់វិស័យឯកជនឈានមុខ លើពិភពលោកដែលផ្តោតលើអាហារូបត្ថម្ភ។

លោកស្រី Claire Conan បានបន្ថែមទៀតថា សមាជិកបណ្តាញធុរកិច្ច នៃចលនាបង្កើនអាហារូបត្ថម្ភ ប្តេជ្ញាធ្វើសកម្មភាព, វិនិយោគ និងច្នៃប្រឌិត ដើម្បីកែលម្អរ អាហារូបត្ថម្ភ។

បើតាមរបាយការណ៍ របស់គណៈកម្មការអភិវឌ្ឍន៍ប្រកបដោយចិរភាព និងធុរកិច្ច បានបង្ហាញថា ទុនវិនិយោគប្រចាំឆ្នាំ របស់វិស័យឯកជន លើផ្នែកកសិកម្ម និងអាហារ មានចំនួន៣២០ពាន់លានដុល្លារ ហើយអាចកើនដល់២.៣ពាន់ពាន់លានដុល្លារ នៅឆ្នាំ២០៣០៕