(កំពង់ឆ្នាំង)៖ លោក អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមជាមួយសមាជិកសមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងស្រុក នៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ បានចុះពិនិត្យមើលការកសាងអណ្តូងទឹកស្អាតជាព្រះរាជអំណោយដ៏ឧត្តុង្តឧត្តមថ្លៃថ្លារបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជបិតាជាតិខ្មែរ នរោត្តម មុនីនាថសីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា តាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

លោក ប្រាក់ សោភ័ណ នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អណ្តូងស្នប់ដែលជាព្រះរាជអំណោយខាងលើនេះមាន៦អណ្តូង គឺនៅក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូចំនួន០១ អណ្តូង ភូមិឆ្នុកទ្រូ ( តំបន់គន្ធរ) ចំនួន១អណ្តូង ភូមិសេះស្លាប់ចំនួន២អណ្តូង ភូមិកំពង់អួរ ឃុំខុនរ៉ងចំនួន១អណ្តូង និងកោះតាម៉ូវឃុំព្រះគគីចំនួន១អណ្តូង។

នៅក្នុងឱកាសចុះពិនិត្យមើលការងារនេះ លោក អម សុភា បានណែនាំដល់កម្មករត្រូវបង្កើនការខិតខំកសាងបន្ថែមទៀតទៅតាមស្តង់ដារបច្ចេកទេសដើម្បីកសាងឆាប់ ជូនប្រជាពលរដ្ឋប្រើប្រាស់ ពីព្រោះតំបន់ខាងលើនេះ ពុំមានអណ្តូងទឹកស្អាតប្រើប្រាស់នោះឡើយ។

ជាមួយគ្នានេះ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋដែលទទូលបានអណ្តូង ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នាដើម្បី បានការប្រើប្រាស់យូរអង្វែងដល់កូនចៅជំនាន់ក្រោយ។

នៅក្នុងឱកាសដែលទទួលបានអំណោយអណ្ដូងទឹកស្អាតទាំងអស់នេះ លោក យឹម សារិន អភិបាលបាលស្រុកបរិបូណ៌ តំណាងឲ្យប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចម៉ែ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានយកចិត្ត ទុកដាក់គិតអំពីសុខទុក្ខដល់អណ្ដូងទឹកស្អាតខាងលើនេះ ដល់ប្រជាពលរដ្ឋនៅក្នុងស្រុកបរិបូណ៌ ដោយសូមប្រសិទ្ធពរថ្វាយសម្ដេចម៉ែ និងជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្ដេចទទួលបានសេចក្តីសុខគ្រប់ប្រការ និងមានជ័យជំនះគ្រប់ភារកិច្ច៕