(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាពមូលដ្ឋាន ឃុំ សង្កាត់ និងទិសដៅការងារបន្ដរបស់ខេត្តកោះកុង» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលមានការចូលរួមជាវាគ្មិនពី តំណាងរបស់ខេត្តកោះកុង ដឹកនាំដោយលោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត។

សន្និសីទសារព័ត៌មាននេះ មានគោលដៅបំផុស និងបង្ហាញជាសាធារណៈនូវយន្ដការប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ជាប្រវត្តិសាស្ដ្ររបស់កម្ពុជា និងផ្សព្វផ្សាយពីសមិទ្ធផល ដែលរដ្ឋបាលថ្នាក់មូលដ្ឋានខិតខំប្រឹងប្រែងបំពេញការងារសម្រេចបាន ក្នុងការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋាន ឃុំ សង្កាត់។

លោក កាយ សំរួម បានបញ្ជាក់ថា អត្រាភាពក្រីក្រខេត្តកោះកុងមានការថយចុះ បើប្រៀបធៀបពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ គឺមានការថយចុះ ពី២៨.៧% មក ១៣.១% ពោលគឺធ្លាក់ចុះបាន១៣.៦% និងបានធ្លាក់ចុះមកនៅត្រឹម៧.៤% នៅឆ្នាំ២០២០ ដែលនេះជាវឌ្ឍនភាព នៃការរីកចម្រើនគួជាទីមោទនៈ។
ជាក់ស្តែងតាមរយៈវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការនៅឆ្នាំ២០១៨ បានបង្ហាញថា ផលិតផលក្នុងស្រុកសរុប នៃសេដ្ឋកិច្ចខេត្តកោះកុងទាំងមូល មានតម្លៃប្រមាណ ៩៤៦,៦៣៣លានរៀល ឬស្មើនឹង២៣៤លានដុល្លារ បើធៀបទៅនឹងសេដ្ឋកិច្ចជាតិ មានអត្រាស្មើនឹង០.៩% នៅឆ្នាំ២០១៨។ បើគិតជាចំណូលសម្រាប់មនុស្សម្នាក់ៗ គឺស្មើនឹង១,៤១៩ដុល្លា ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ស្មើនឹង១,៥៤៣ដុល្លារ។

លោកបានបន្ដថា តាមរយៈការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នៅតាមក្រុង ស្រុក នៅក្នុងឆ្នាំ២០១៩ បានទទួលសំណើ និងសំណូមពរ ចំនួន១២១ករណី និងបានធ្វើការដោះស្រាយបានចំនួន១០៨ករណី។ ក្នុងឆ្នាំ២០២០ បានទទួលសំណើ និងសំណូមពរ ចំនួន១១០ករណី និងដោះស្រាយបាន ចំនួន១០០ករណី។

ជាមួយគ្នានេះ លោក កាយ សំរួម ក៏បានលើកឡើងពីបញ្ហាប្រឈមមួយចំនួនផងដែរ រួមមាន សំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋមួយចំនួន ពុំទាន់បានដោះស្រាយជូនពួកគាត់បានទាន់ពេលវេលានៅឡើយ ហើយបញ្ហាខ្លះលើសពីដែនសមត្ថកិច្ចរបស់ខេត្ត ហើយប្រជាពលរដ្ឋមួយចំនួនមានការលំបាក និងចំណាយថវិកាច្រើន ក្នុងការធ្វើដំណើរមកទទួលសេវាសាធារណៈនានានៅមូលដ្ឋាន ដោយតំបន់មួយចំនួននៅឆ្ងាយពីទីតាំងផ្តល់សេវា៕